ទិវារត់ប្រណាំងរបស់ស្ត្រី នាថ្ងៃទី៨មីនា ឆ្នាំ២០២០ គឺជាការលើកកម្ពស់ស្ត្រីឱ្យចូលរួមបន្ថែម ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ –ការរៀបចំទិវារត់ប្រណាំងរបស់ស្ត្រី ១០គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រ ដែលគ្រោងនឹងធ្វើឡើងនាថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ត្រូវបានលើកកម្ពស់ ដើម្បីឱ្យស្ត្រីចូលរួមឱ្យបានច្រើនកុះករ ក្នុងគោលដៅឆ្ពោះទៅទទួលរៀប ចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ថា គោលបំណងនៃទិវានេះផ្តោតសំខាន់លើការលើកកម្ពស់ស្ត្រីឱ្យចូលរួមលេងកីឡាឱ្យបានច្រើន, ចូលរួមចំណែកសមភាពយេនឌ័រ និងចូលរួមការពារថែករក្សាបរិស្ថាន ដែលកម្ពុជាកំពុងបើកយុទ្ធនាការកម្ពុជាស្អាតរបស់ក្រសួងទេសចរ ណ៍ ក៏ដូចជាយុទ្ធនាការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដោយបានដាក់ចេញនូវ “យុទ្ធនាការកម្ពុជាស្អាត” នេះ ក្នុងដំណើរឆ្ពោះទៅ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោមការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC។ ដូច្នេះការរៀបចំទិវានេះ គឺដើម្បីរួមចំណែកលើកកម្ពស់ស្ត្រី បរិស្ថាន – ស្ត្រី និងកីឡាផងដែរ។

ឯកឧត្តម អគ្គលេខាធិការបានបន្ថែមថា ប្រសិនការរៀបចំទិវានេះទទួលបានជោគជ័យ យើងនឹងយកភាគផលទៅរៀបចំក្នុងការទិញសម្ភារកីឡា ឬធ្វើកម្មវិធីកីឡាស្ត្រី កម្រិតខ្ពស់របស់យើង ដើម្បីសម្រួចគោលដៅឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការរៀបចំព្រឹត្តិការណ៍នេះមិនមែនកេងចំណេញផលប្រយោជន៍សម្រាប់បុគ្គលណាម្នាក់ឡើយ ពោលគឺការរៀបចំផ្តោតសំខាន់តែផលប្រយោជន៍ជារួមរបស់មហាជនយកទៅបម្រើឱ្យបានជាប្រយោជន៍ដល់សង្គមជាតិវិញ។

ទិវារត់ប្រណាំងនេះ គឹបើកទូលាយទាំងបុរស និងស្រ្តី ដែលនៅតែបន្តការចុះឈ្មោះរហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែគោលដៅចម្បងគឺឯកឧត្តមចង់ឱ្យមានការចូលរួមពីស្ត្រីឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់ស្ត្រី ក្នុងកីឡាឱ្យបានច្រើន ក៏ដូចជាបំផុសស្មារតីស្ត្រីក្នុងគោលដៅដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ខាងមុខផងដែរ។

លោកជំទាវ កុយ ពិសី ប្រធានគណៈកម្មការស្ត្រី និងកីឡា អមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គូសបញ្ជាក់ដែរថា តាមរយៈទិវារត់ប្រណាំងរបស់ស្រ្តី ជាលើកដំបូងនៅរាជធានីភ្នំពេញនេះនឹងជួយបង្កើនក្នុងការទាក់ទាញស្ត្រី នៅក្នុងសកម្មភាពកីឡាកាន់តែច្រើនឡើងបន្ថែមទៀត៕

ដោយហេង ណាលីន