ក្លឹបក្រសួងការពារជាតិបន្ថែមយុវជនជំនួសតំណែងកីឡាករខ្មែរ៤នាក់ និងបរទេស៤នាក់ ដែលទៅរកទ្រនំថ្មី

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ –គ្រូបង្គោលក្លឹបបាល់ទាត់ក្រសួងការពារជាតិ លោក ទេព ឡុងរចនា ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅថ្ងៃអង្គារ រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះថា ដើម្បីត្រៀមការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ២០២០ ដែលគ្រោងនឹងដំណើរការនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្លឹបនឹងបន្ថែមយុវជននានា ដើម្បីជំនួសតំណែងកីឡាករខ្មែរជើងចាស់របស់ខ្លួនចំនួន៤នាក់ និងកីឡាករបរទេស៤នាក់ ដែលបានទៅលេងឱ្យបណ្តាក្លឹបផ្សេងៗ ក្នុងឱកាសទីផ្សារដោះដូរកីឡាករ។

គ្រូបង្គោលរូបនេះថ្លែងថា ក្លឹបក្រសួងការពារជាតិបានទទួលស្គាល់ថា ការចេញពីសមា ជិកសំខាន់ៗនាពេលកន្លងមកអាចធ្វើឱ្យប៉ះពាល់ក្រុម ក្នុងការប្រកួតប្រជែង សម្រាប់រដូវកាលថ្មីនេះ ប៉ុន្តែទោះយ៉ាងនេះក្តី ក៏លោកអះអាងថា ក្លឹបនឹងព្យាយាមរៀបចំឱ្យបានល្អប្រសើរមិនឱ្យមានគម្លាតក្នុងតារាងចំណាត់ថ្នាក់ពេកនោះទេ។ លោកចាត់ទុកថា ការចាកចេញរបស់សមា  ជិកក្រុម នាពេលនេះ គឺសំខាន់លើកត្តាហរិញ្ញវត្ថុ ដែលធ្វើឱ្យពួកគេសម្រេចចិត្តចាកចេញ។

គួរបញ្ជាក់ថា កីឡាករខ្មែរ ដែលធ្លាប់រួមរស់ជាមួយក្លឹបក្រសួងការពារជាតិដ៏លេចធ្លោ៤រូប ដែលចាកចេញនេះ គឺអ្នកចាំទី អ៊ុំ វិចិត្រ, ខ្សែបម្រើ ច្រឹង ពលរដ្ឋ, ឈិន ឈឿន និងខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បូករួមទាំងសមាជិកបរទេស៤នាក់ផ្សេងទៀត ក៏បានចាកចេញទៅទាំងអស់ដែរ ដែលទៅចូលរួមជាមួយក្រុមគូប្រជែងផ្សេងៗអំឡុងទីផ្សារដោះដូរកីឡាករត្រៀមរដូវកាល២០២០នេះ។ ក្រុមក្រសួងការជាតិ ស្ថិតនៅចំណាត់ថ្នាក់លេខ៧ បញ្ចប់រដូវកាល ២០១៩ កន្លងទៅ ហើយក៏ជាអតីតក្រុមជើងឯក ៣សម័យកាល ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន៕

ដោយហេង ណាលីន