សម្តេចប្រធានរដ្ឋសភាកម្ពុជា ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាអូស្រ្តាលី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរ

AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ — ក្នុងអំឡុងពេលដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំប្រចំាឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ក្នុងប្រទេសអូស្រ្តាលី សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធាន​រដ្ឋសភាកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តូនី ស្មីត (Tony Smith) ប្រធានរដ្ឋ​សភាអូស្រ្តាលី និងជាប្រធានAPPF លើកទី២៨ ដើម្បីពង្រឹងកិច្ចសហប្រតិការសភា​ប្រទេស​ទំាងពីរឱ្យកាន់តែរឹងមាំឡើង។ ជំនួបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ នៅវិមានរដ្ឋសភាអូស្រ្តាលី។ នេះបើយោងតាមការផ្សាយរបស់រដ្ឋសភាកម្ពុជា។

ឯកឧត្តម Tony Smith ប្រធានរដ្ឋសភាអូស្រ្តាលី បានថ្លែងអំណរគុណយ៉ាងជ្រាល​ជ្រៅ​ចំពោះសម្តេចប្រធានរដ្ឋសភាកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូសភាកម្ពុជាមក​ចូលរួម​កិច្ចប្រជុំAPPF ក្នុងប្រទេសអូស្រ្តាលី នាពេលនេះ។ ឯកឧត្ដមបានបញ្ជាក់ថា អូស្រ្តាលីបាន​សិក្សា​និងដកស្រង់ពិសោធន៍ជាច្រើនពីសភាកម្ពុជា ដែលរៀបចំកិច្ចប្រជុំAPPF លើកទី២៧ កាលពីឆ្នាំ២០១៩ មុនសភាអូស្រ្តាលី។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងពីសារៈសំខាន់​របស់សភាអូស្រ្តាលីនៅក្នុងវេទិកាអន្តរសភាក្នុងតំបន់ និងសកលលោក។ សម្តេចប្រធាន​បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការៀបចំកិច្ចប្រជុំ APPF លើកទី២៨នេះ ប្របក​ដោយខ្លឹមសារបង្ហាញសារៈសំខាន់ ពីកិច្ចសហប្រតិបត្តិការល្អនូវសមាជិកAPPF ដើម្បីវិបុល​ភាពរបស់ប្រជាពលរដ្ឋ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណរដ្ឋាភិបាល​និងប្រជា​ជន​អូស្រ្តាលី ដែលបានរួមវិភាគទានយ៉ាងធំធេង ក្នុងដំណាក់កាលស្វែងរកសន្តិភាព និងក៏ដូចជា​ការអភិវឌ្ឍនៅកម្ពុជា ហើយបច្ចុប្បន្នអូស្រ្តាលីជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា​ស្ទើរគ្រប់​វិស័យ។

ជាមួយគ្នានេះដែរ សភា និងរដ្ឋាភិបាលអូស្ត្រាលី ក៏បានបន្តគាំទ្រកម្ពុជាជាបន្តទៀត ជាពិសេសជួយជំរុញវិនិយោគ និងទេសចរណ៍ពីអូស្ត្រាលី ទៅកម្ពុជា និងជួយបណ្តុះបណ្តាល​ធនធានមនុស្សដល់កម្ពុជា និងបង្កើនចំនួនអាហារូបករណ៍ដល់និស្សិតកម្ពុជា​មកសិក្សានៅ​អូស្រ្តាលី ពីព្រោះការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ ត្រូវការធនធានមនុស្សជាចាំបាច់។

ក្នុងឱកាសនោះផងដែរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏បានគោរពអញ្ជើញ ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្ដាលី មកបំពេញទស្សនកិច្ចផ្លូវការ​និងមិត្តភាពនៅ​កម្ពុជា និងចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អ៊ឺរ៉ុប លើកទី១១ ដែលសភាកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ នៅចុងឆ្នាំ២០២០ខាងមុខនេះ។

ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី បានទទួលយកសំណើ​និងការលើកឡើង​របស់​សម្តេច​ប្រធានរដ្ឋសភា ហើយឯកឧត្តម មានក្តីរីករាយចំពោះចំណងមិត្តភាព​និងកិច្ចសហ​ប្រតិបត្តិការរវាងសភាប្រទេសទំាងពីរ ដែលមានការរីកចម្រើនជាលំដាប់។

សូមជម្រាបថា នៅក្នុងកំឡុងពេលចូលរួមកិច្ចប្រជុំ APPF នាទីក្រុងកុងបេរ៉ា ប្រទេស​អូស្រ្ដាលីនេះ សម្តេចប្រធានរដ្ឋសភាកម្ពុជា បានទទួលជួបពិភាក្សាការងារផ្លូវការ​និងក្រៅផ្លូវ​ការជាមួយប្រតិភូសភា ដែលជាសមាជិក APPF និងអន្តរសភាអាស៊ាន មួយចំនួនទៀតផងដែរ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភាកម្ពុជានិងបណ្តាប្រទេសជាមិត្ត៕

ដោយ រិទ្ធី