ប្រជាពលរដ្ឋចំនួន១៥០នាក់ មកទទួលការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ពីអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍នៅកម្ពុជា

AKP កំពត ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ — ប្រជាពលរដ្ឋមកពីខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែបប្រមាណ ១៥០នាក់ បាន មកទទួលសេវាការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃ ពីអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍ប្រចាំនៅកម្ពុជា កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត។

លោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍន៍ប្រចាំនៅកម្ពុជាបានឱ្យដឹងថា អង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍ តែងបានចូលរួមចំណែកធ្វើសកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋ មិនប្រកាន់និន្នាការនយោបាយនិងសាសនាអ្វីឡើយ ស្ថិតតាមសហគមន៍នានា ក្នុងមូលដ្ឋាន មួយចំនួនក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ២០១៤មកម្ល៉េះ។ ជាពិសេសនៅក្នុងខេត្តកំពត ដោយបានផ្ដោតលើសកម្មភាពសំខាន់ៗ គឺការអប់រំលើធនធានមនុស្ស សុខភាព អនាម័យជនបទ និងមូលនិធិសមធម៌ក្នុងសហគមន៍។ ជាក់ស្ដែងកម្មវិធីពិនិត្យ និងការព្យា បាលភ្នែកដោយឥតគិតថ្លៃ នៅពេលនេះគឺជាគម្រោង តាមរយៈជំនួយមនុស្សធម៌ របស់ប្រទេសកូវ៉ែត ដែលមានប្រជាពលរដ្ឋ នឹងត្រូវមកចូល រួមទទួលការពិនិត្យ និងព្យាបាលមកពីខេត្តចំនួន៣គឺខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពត សរុបចំនួនប្រមាណ១៥០នាក់។

ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពតបានមានប្រសាសន៍ថា សកម្មភាពកន្លងមករបស់អង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍នេះ គឺជាការ ងារសង្គមមួយដែលរាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យមានការចូលរួមមិនអាចខ្វះបាន ពិសេស កិច្ចសហការក្នុងការពិនិត្យនិងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋនៅពេលនេះគឺជាកាយវិការ ដ៏សប្បុរសធម៌មួយបានរួមចំណែកយ៉ាងល្អប្រពៃជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមក៏បានចាត់ទុក និងប្រៀបប្រដូចសុខភាពភ្នែកនិង សុខសន្តិភាព របស់ប្រទេសជាតិគឺពិតជា សេចក្ដីត្រូវការដ៏មានសារៈសំខាន់ដែលជាបំណង ប្រាថ្នា របស់ប្រជាពលរដ្ឋទូទៅ និងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងបានខិតខំយក ចិត្តទុកដាក់ជាសំខាន់។

ដូច្នេះបញ្ហាសុខភាពភ្នែកបើយើង មានជំងឺភ្នែកមើលអ្វីមិនឃើញពិតជាពិបាក នឹងការ រស់នៅឬប្រកបកិច្ចការងាផ្សេងៗបាន ប៉ុន្តែដូចគ្នានេះដែរបើបញ្ហាប្រទេសជាតិ បើពុំមាន សុខសន្តិភាព ពេញបរិបូណ៌នោះទេ ការរស់នៅឬប្រកបមុខរបររកស៊ីផ្សេងៗសម្រាប់ ប្រជាពលរដ្ឋក៏ពិបាកនោះដែរ។ បើបែបនេះ មានតែយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សា សុខភាពភ្នែកឱ្យបានល្អនិងសុខសន្តិភាពប្រទេសជាតិឱ្យបានរឹងមាំ ទើបយើងទាំងអស់គ្នា រស់នៅប្រកបដោយសុភមង្គល និងការអភិវឌ្ឍប្រទេសជាតិបានកាន់តែរីកចម្រើន។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាត់ សេត ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋយើងរក្សា សុខភាពឱ្យបានល្អទាំងអស់គ្នាមិនថាតែសុខភាពភ្នែក ឬសុខភាពខ្លួនប្រាណឡើយ ពិសេស រស់នៅប្រកបដោយអនាម័យហូបស្អាត ផឹកស្អាត រស់នៅស្អាត និងគោរពច្បាប់ ក្នុងសង្គមផងដែរ៕

ដោយ ប្រាក់ លាង