សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និមន្ត បើកកម្មវិធីបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខនៅក្នុងតំបន់អង្គរ

AKP សៀមរាប ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ — សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេច ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងពិធីបើកការ បដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខ នៅបរិវេណវត្តប្រាសាទព្រះវិហារ ប្រាំពីរល្វែងជិតទីលានជល់ដំរី ខេត្តសៀមរាបនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ ព្រះអង្គ បានមានសង្ឃដីកាថា នៅក្នុងព្រះពុទ្ធសាសនា ព្រះធម៌ និងព្រះវិន័យ គឺមានសារៈសំខាន់ ណាស់សម្រាប់អប់រំព្រះសង្ឃ និងប្រជាពលរដ្ឋដែលគោរពសាសនាព្រះពុទ្ធមានចិត្តជ្រះថ្លា និងធ្វើតែអំពើល្អ។

ព្រះអង្គមានសង្ឃដីកាបន្តថា សម្រាប់ការបដិបត្តិព្រះធម៌ធ្វើធុតង្គលើកនេះ គឺមានព្រះសង្ឃវ័យ ក្មេងជាច្រើនមកពីតាមបណ្តាវត្តនានានៅទូទាំងប្រទេសនិមន្តមកចូលរួម ធ្វើឱ្យព្រះសង្ឃ វ័យក្មេងទាំងនេះស្គាល់ពីទុក្ខ និង ចេះរំលត់បាននូវសេចក្តីទុក្ខទំាងឡាយ ដែលកើតមានកន្លងមកធ្វើឱ្យចិត្តជ្រះថ្លា។

ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់ថា  ការបដិបត្តិព្រះធម៌ធ្វើធុតង្គនេះ មានរយៈពេល០៥ថ្ងៃចាប់ថ្ងៃទី១៣ ទៅដល់១៧ខែមករាឆ្នាំ២០២០ នៅក្នុងអំឡុងពេលនៃការបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខនេះ គឺព្រះសង្ឃ និងយាយជីតាជីទំាងអស់ត្រូវនិមន្តបិណ្ឌបាត្រផ្លូវឆ្ងាយហើយត្រូវឆាន់ចង្ហាន់តែមួយពេលប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយការឆាន់ចង្ហាន់នេះ គឺត្រូវឆាន់ក្នុងបាត នៅតាមទីវាលតែម្តង នៅពេលឆានរួចសម្តេចព្រះរាជ ដឹកនំាសូត្រធម៌ តាំងសមាធិករំលត់ទុក្ខ ពេលយប់ត្រូវសឹងនៅក្នុងព្រៃរួមគ្នាទំាងអស់។

ព្រះអង្គមានសង្ឃដីកាបញ្ជាក់ទៀតថា  ការធ្វើព្រះសង្ឃមានចិត្តជ្រះថ្លា និងរំលត់ បាននូវសេចក្តីទុក្ខទំាងឡាយហើយនោះ ព្រះសង្ឃ និងធ្វើការអប់រំដល់ ប្រជាពលរដ្ឋ ឱ្យមានចិត្តស្ងប់និងជ្រះថ្លាបន្តទៀត ហើយការធ្វើឱ្យចិត្តប្រជាពលរដ្ឋស្ងប់ និងជ្រះថ្លានេះ និងរួមចំណែកធ្វើឱ្យប្រទេសយើងមានសន្តិភាពដោយសារតែមនុស្សមិនប្រើអំពើហិង្សា។ ការ ធ្វើចិត្តឱ្យស្ងប់និង​រំលត់បាននូវសេចក្តីទុក្ខនេះ មានចិត្តជ្រះថ្លានេះ ត្រូវបាន​សម្តេចនាយរដ្ឋមន្រ្តី​ ហ៊ុន សែន បាន​អនុវត្ត​ន៍កន្លង​មក​ធ្វើឱ្យប្រទេសមាន​សន្តិភាព​ ដោយសារតែមាន​ការឈ្នះឈ្នះទាំងអស់គ្នា ហើយប្រើសិនគ្មានសេចក្តីស្ងប់​និងចិត្តជ្រះថ្លានេះទេ គឺមិនអាចធ្វើ​ឱ្យប្រទេសមាន​សន្តិភាព​បាន​ឡើយ។ នៅ​ក្នុង​ប្រទេសកម្ពុជាព្រះពុទ្ធសាសនាជាសាសនា របស់រដ្ឋនិងបានរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍ ប្រទេស និងធ្វើឱ្យប្រទេសកម្ពុជា មានសន្តិភាព ដោយសារតែបានប្រៀន ប្រដៅប្រជាពលរដ្ឋធ្វើឱ្យមានចិត្តជ្រះថ្លា ធ្វើតែអំពើល្អ។

លោក​ ស្រី យូ សុភា អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ថា ពិធីបដិបត្តិព្រះធម៌ធ្វើធុតង្គ ដើរឆ្ពោះទៅរកការរំលត់ទុក្ខនាពេលនេះ គឺមានសារៈសំខាន់ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ ព្រោះថា ពិធីនេះមានលក្ខណៈស្របទៅនឹង ប្រពៃណីទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរយើង ព្រះសម្មាសម្ពុទ្ធជាអម្ចាស់ព្រះអង្គបាន បង្រៀន ដល់មនុស្សនូវធុរៈពីរយ៉ាងសម្រាប់ព្រះសាសនារបស់ព្រះអង្គគឺ គន្ធធុរៈការសិក្សារៀនសូត្រទន្ទេញនូវព្រះបរិយត្តិធម៌ឱ្យបានច្បាស់លាស់ និងវិបស្សនាធុរៈ គឺសំដៅដល់ការបដិបត្តិដុសខាត់ខ្លួនឱ្យស្អាតដើម្បីរលាស់ខ្លួនចេញចាកទុក្ខ។

លោកស្រីបានបញ្ជាក់ថា សូមចងចាំថារាជរដ្ឋាភិបាលគោរពសិទ្ធិ សេរីភាពខាងជំនឿនិងសាសនាលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងបង្កលក្ខណៈសម្បត្តិល្អដល់សកម្មភាពនៃសាសនាផ្សេងៗទៀតដោយផ្អែកលើមូលដ្ឋានថែរក្សាសាមគ្គីរវាងប្រជាជន ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមដោយរារាំងការរើសអើងនិងការបែងចែកក្នុងសង្គមដែលបណ្តាលមកពីភាពខុសគ្នាខាងជំនឿនិងសាសនា៕

ដោយ ឃុត សៅ