កម្ពុជាត្រៀមរៀបចំវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ ក្រោមប្រធានបទ អាស៊ាន សហគមន៍សន្តិភាព និងអនាគតតែមួយ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០​​ — កម្ពុជាកំពុងត្រៀមខ្លួនក្នុងការរៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២១ (ATF2021) នៅរាជ​ធានីភ្នំពេញ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍សន្តិភាព និងអនាគតតែមួយ»។ នេះបើ​យោង​តាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។

ក្នុងសេចក្ដីជូនដំណឹងបានបញ្ជាក់ថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេស​ចរណ៍​អាស៊ាន ឆ្នាំ២០២១ (ASEAN Tourism Forum-ATF 2021) លើកទី៤០​នៅរាជធានី​ភ្នំពេញ ចាប់ពីថ្ងៃទី១៧-២៣ ខែមករា ឆ្នាំ២០២១ ក្រោមប្រធានបទ «អាស៊ាន៖ សហគមន៍​សន្តិភាព និងអនាគតតែមួយ (ASEAN-A Community of Peace and Shared Future)»។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២១ មានព្រឹត្តិការណ៍សំខាន់ៗ ដូចជា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ទេសចរណ៍អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំស្ថាប័នជាតិទេស ចរណ៍ អាស៊ាន (ASEAN NTOS Meetings) និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងកិច្ចប្រជុំផ្នែកឯកជន (ASEANTA Meetings) សិក្ខាសាលានានានិងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ (TRAVEX)។ ជាមួយគ្នានេះ ការតាំងពិព័រណ៍ទេសចរណ៍អន្តរជាតិ ជាវេទិកាធុរកិច្ចទេស​ចរណ៍ ដ៏ធំបំផុតក្នុងអាស៊ាន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០២១ និង​មាន ការចូលរួមពីក្រុមហ៊ុនជាអ្នកលក់ (Sellers) ប្រមាណជាង ៤៥០ក្រុមហ៊ុន ក្រុមហ៊ុន​ជាអ្នក​ទិញ (Buyers) ប្រមាណ ៤៥០ក្រុមហ៊ុន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ១០០នាក់ មកពី​ជុំវិញ ពិភពលោក៕

ដោយ រិទ្ធី