អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យអភិបាលខណ្ឌទាំង១៤ ត្រូវពង្រឹងកិច្ចការពារសន្ដិសុខ សុវត្ថិភាពជូនពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អ

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអភិបាលខណ្ឌទំាង១៤ ត្រូវពង្រឹងកិច្ចការពាររសន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធានាបានសុខ​សុវត្ថិភាពជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អ ខណៈភ្ញៀវទេសចរបរទេសដែលស្នាក់នៅ​ក្នុងរាជធានី​ភ្នំពេញមានចំនួនកាន់តែច្រើន។ ការលើកឡើងរបស់ឯកឧត្ដមនេះ ក្នុងកិច្ចប្រជុំ​គណៈបញ្ជា​ការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីឯកឧត្ដមស្នងការ​នគរបាលរាជធានីភំ្នពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភំ្នពេញ ព្រះរាជអាជ្ញា ប្រធានសាលាដំបូងរាជធានីភ្នំពេញ មន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលខណ្ឌទាំង១៤ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ ក្នុងកិច្ចប្រជុំនេះដែរ ក៏បានផ្តោតសំខាន់​លើការកិច្ច​ការត្រួតពិនិត្យអាវុធជាតិផ្ទុះ ការបង្ក្រាបបទល្មើសល្បែងស៊ីសង គ្រឿងស្រវឹង គ្រឿងញៀន​ខុស​ច្បាប់ ក្នុងរាជធានីភ្នំពេញ ជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀប​រៀប​រយ​សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ សមត្ថកិច្ចពាក់ព័ន្ធ​ទាំងអស់​នៅក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងទៅលើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ជូន​ប្រជាពលរដ្ឋឱ្យបាន​ល្អបំផុត ហើយការបង្ក្រាបល្បែងស៊ីសង និងការបង្ក្រាបទៅលើគ្រឿងញៀនគឺជា​បញ្ហាដ៏ធំ​ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវតែបង្ក្រាបឱ្យខាងតែបាន។ ឯកឧត្ដមអភិបាលបានបញ្ជាក់ថា បញ្ហាល្បែង ស៊ីសងជាដើមចមបង្កឱ្យមានអសន្តិសុខនៅក្នុងសង្គម ដែលត្រូវរួមគ្នាដើម្បី បង្ក្រាប ហើយត្រូវប្តេជ្ញាធ្វើយ៉ាងណាឱ្យល្បែងស៊ីសងមានការថមថយ និងឈានទៅដល់ការ​លុប​បំបាត់ទាំងស្រុង៕

ដោយ សួស សំរិត