មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃលើកឡើងថា ក្នុងច្បាប់ចាស់ បើមានការកែសម្រួលច្រើននោះ ការ​ធ្វើ​វិសោធនកម្មច្បាប់ថ្មីស្តីពីអន្តោប្រវេសន៍ នឹងត្រូវកែតម្រូវទាំងស្រុង

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ — មន្រ្ដីជាន់ខ្ពស់ក្រសួងមហាផ្ទៃបានលើកឡើងថា ការពិនិត្យ ពិភាក្សា និងកែសម្រួលធ្វើ​វិសោធន​កម្មច្បាប់ចាស់ គឺបើមាន​ចំណុចចាំ​បាច់ដែលឯកភាពគ្នាត្រូវការកែសម្រួលនូវចំណុច​ច្រើននោះ ការធ្វើវិសោធនកម្មច្បាប់ថ្មីស្តីពីអន្តោប្រវេសន៍នៃព្រះរាជាណាចក្រកម្ពុជានេះ នឹង​ត្រូវកែតម្រូវទាំងស្រុងនៃច្បាប់ចាស់តែម្តង ដើម្បីឱ្យសមស្របតាមស្ថានភាពបច្ចុប្បន្ននៃ​ប្រទេស​កម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំសេចក្តីព្រាង​ច្បាប់វិសោធនកម្មច្បាប់​ស្តីពីអន្តោប្រវេសន៍នៃ​ព្រះរា​ជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃចន្ទ ទី១៣ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ក្រុមការងារធ្វើសេចក្តីព្រាងនេះ នឹងត្រូវចុះសិក្សាស្រាវ​ជាមួយមន្ទីរ អង្គភាពនានា ព្រមទាំង​សិក្សា​លើការ​ប្រើប្រាស់​ច្បាប់ស្តីពីអន្តោប្រវេសន៍នៅបណ្តាប្រទេសគំរូមួយចំនួនផងដែរ។

ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃក៏បានគូសបញ្ជាក់ដែរថា ច្បាប់​ស្តីពី​អន្តោប្រវេសន៍​នៃព្រះរាជា​ណាចក្រកម្ពុជានេះ គឺមានច្បាប់ចាស់មួយរួចហើយ ក៏ប៉ុន្តែយើង​ត្រូវ​ស្រាវជ្រាវរកគ្រប់បញ្ហាទាំងអស់ដើម្បីរកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីធ្វើ​វិសោធនកម្មថ្មី។ ឯកឧត្តមបាន​បន្តថា នៅលើពិភពលោក បញ្ហាអន្តោ​ប្រវេសន៍​នេះគឺតែងតែ​មានការ​កើតឡើងនូវបញ្ហាច្រើន និងធ្ងន់ធ្ងរជាងគេ ដូច្នេះ​ក្រុម​ការងារសិក្សាស្រាវជ្រាវ​ត្រូវ​យក​ចិត្តទុកដាក់ និង​ប្រមូល​បញ្ហា​ឱ្យបានគ្រប់គ្រាន់ដោយហ្មត់ចត់បំផុត ដើម្បីធានានូវ​ការរៀប​ចំបទ​ប្បញ្ញត្តិថ្មី ធ្វើយ៉ាងណាឱ្យស្របជាមួយបរិបទសង្គម ជាពិសេស​ការវិវឌ្ឍនៃប្រទេសជាតិ។

សូមជម្រាបថា កិច្ចប្រជុំនេះ គឺធ្វើឡើងជាលើកទី២ ដើម្បីពិភាក្សា ពិនិត្យ និងបន្ថែម បន្ថយធាតុចូលនានាក្នុងការរៀប​ចំតាក់តែង​សេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានសមស្រមតាមបរិបទរួមនៃការរីក​ចម្រើន​របស់​ប្រទេស។ ច្បាប់នេះ ក៏មានគោល​បំណងធានា​ការ​គ្រប់គ្រងជនបរទេសគ្រប់រូប នៅក្នុង​ព្រះរាជា​ណា​ចក្រកម្ពុជា និង​មានវិសាលភាពអនុវត្តន៍ចំពោះជនបរទេសគ្រប់រូបដែលចូល-ចេញ ឆ្លងកាត់ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ រិទ្ធី