សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ យន្តការសភា មានសារៈសំខាន់ ក្នុងការកសាង​សន្តិភាព ហើយសភាកម្ពុជាគំាទ្រនយោបាយពហុនិយម

AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ — សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងនាមប្រធានវេទិកាសភាអាស៊ី​ប៉ាស៊ីហ្វិក ដែលហៅកាត់ថា APPF លើកទី២៧ បានលើកឡើងពីតួនាទីដ៏សំខាន់របស់សភា គឺសភាមានតួនាទីចម្បង ក្នុងការបង្ការ និងផ្សះផ្សារជម្លោះ ព្រមទាំងប្រែក្លាយពីជម្លោះ ឱ្យទៅ ជាសន្តិភាព និងការអភិវឌ្ឍ។ ការលើកឡើងរបស់សម្ដេចប្រធានរដ្ឋសភានេះ ក្នុងកិច្ចប្រជុំ​លើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ក្នុងប្រទេសអស្រ្តាលី នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋសភា។

សម្តេចប្រធានរដ្ឋសភា បានជម្រាបជូនវេទិកា APPF ថា អំណាចរបស់សភា ស្ថិតនៅ​ក្នុងតួនាទីត្រួតពិនិត្យការសម្រេចិត្តលើថវិកា និងការចូលរួមរបស់សហគមន៍មូលដ្ឋាន។ សមាជិកសភាអាចធ្វើច្បាប់ និងបទដ្ឋានអន្តរជាតិបន្ថែមទៀត ដើម្បីជំរុញការដោះស្រាយ​ជម្លោះ​ដោយសន្តិវិធី និងផ្តល់សិទ្ធិអំណាចដល់ការចូលរួមរបស់ប្រជាជនក្នុងនយោបាយ​ពិភព​លោក។

កិច្ចប្រជុំ APPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលីជាម្ចាស់ផ្ទះនេះ រៀបចំធ្វើឡើង​ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា នាទីក្រុងកង់បេរ៉ា។ ក្នុងពិធីបើកជាផ្លូវការកិច្ចប្រជុំនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ បានប្រារព្ធធ្វើឡើង ក្រោម​អធិបតីភាព ឯកឧត្តម តូនី ស្មីត ប្រធានរដ្ឋសភាអូស្រ្តាលី និងជាប្រធាន APPF លើកទី២៨ ដោយមានមូលបទ «ភាពជាដៃគូសភាសម្រាប់ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់»។  ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ត្រូវបានអញ្ជើញឡើងថ្លែង​សុន្ទរកថា​ក្នុង​ពិធីបើកនេះដែរ ក្នុងនាមសម្តេច ជាប្រធាន APPF លើកទី២៧ ដែលសភា​កម្ពុជាបាន​ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកាលពីដើមឆ្នាំ២០១៩។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃថា មូលបទសម្រាប់កិច្ចប្រជុំ​នាពេលនេះ ពិតជាបានឆ្លុះបញ្ចាំងនូវភាពចាំបាច់ និងសារៈសំខាន់សម្រាប់បណ្តាសភា​នៅក្នុង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក ដើម្បីធ្វើការឱ្យកាន់តែជិតស្និទ្ធក្នុងភាពជាដៃគូ ក្នុងការដោះស្រាយ​បញ្ហា​សកល និងតំបន់ ក៏ដូចជាបញ្ហាប្រឈមផ្សេងៗទៀត។ សម្តេចប្រធានបានជម្រាប APPFថា កម្ពុជាគាំទ្រ និងអនុវត្តន៍យ៉ាងខ្ជាប់ខ្ជួននូវប្រព័ន្ធពហុភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅរួមចំណែកសម្រេចបាននូវក្តីប្រាថ្នារួមរបស់តំបន់ ព្រមទាំងទស្សនៈ​វិស័យរបស់​ខ្លួន ក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០។ សម្ដេច​ប្រធាន​រដ្ឋសភាបានលើកឡើងដែរថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ សភាកម្ពុជាបាន​ចូល​រួមយ៉ាងសកម្មនៅក្នុងយន្តការពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ក្នុងគោលបំណង​ចូល​រួមចំណែកចំពោះសន្តិភាពសកល សន្តិសុខ វិបុលសុខរួម និងការអភិវឌ្ឍប្រកប​ដោយ​ចីរភាព។

ឯកឧត្តម តូនី ស្មីត បានលើកឡើងពីតួនាទីដ៏សំខាន់របស់សភា ដើម្បីធានាដល់នីតិរដ្ឋ​ដែលផ្តល់វិបុលសុខដល់ប្រជាពលរដ្ឋ។ ឯកឧត្ដមប្រធានAPPF លើកទី២៨ ក៏បានស្នើដល់​សមាជិកចូលរួមជជែក ចែករំលែកបទពិសោធន៍គ្នា ដោយការស្រឡាញ់ជុំវិញបញ្ហាសន្តិសុខ សេដ្ឋកិច្ច ស្រ្តី និងកិច្ចសហប្រតិបត្តិការ ដែលសេចក្តីសម្រេចលើវិស័យទំាងអស់នោះ នឹង​បម្រើដល់ផលប្រយោជន៍ប្រជាជននៅក្នុងតំបន់និងសកលលោក។

សូមជម្រាបថា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើមបង្កើតឡើងដោយ អតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ មានគោលបំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជួបប្រជុំប្រចំាឆ្នាំ ដើម្បីដោះស្រាយបញ្ហារួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព​នៅក្នុង​តំបន់​និងសកលលោក។ អង្គការសភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុងហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលសេឡង់ ប៉ាពូញូហ្គីនៀ ប្រជុំកោះម៉ារសល កាណាដា ឈីលី កូឡំប៊ី ម៉ិកស៊ីកូ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីកា។

ឯកឧត្តម តូនី ស្មីត បានស្វាគមន៍ដល់បណ្តាប្រទេសផ្សេងទៀតចូលជាសមាជិកAPPF ជាពិសេសបណ្តាប្រទេសដែលជាកោះនៅជុំវិញប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះ ឯកឧត្ដមក៏​បានបន្ថែមថា APPF បាន​ផ្តល់ឱកាសស្មើគ្នាដល់សមាជិក ដើម្បីកិច្ចសហប្រតិបត្តិការ​មួយ​ដ៏ស្មោះត្រង់ក្នុង​ការដោះ​ស្រាយ​បញ្ហារួមជូនពលរដ្ឋ៕

ដោយ រិទ្ធី