សម្តេចប្រធានរដ្ឋសភា អញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិ Brisbane ប្រទេសអូស្រ្តាលី

AKP ភ្នំពេញ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ — បន្ទាប់ពីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជា កាលពីរាត្រីថ្ងៃទី១១ ខែ​ម​ក​​រា ឆ្នាំ២០២០ ដើម្បីទៅចូលរួមកិច្ចប្រជុំប្រចំាឆ្នាំលើកទី២៨ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែ​ល​ហៅកាត់ថា  APPF នៅទីក្រុងកង់បេរ៉ា ប្រទេសអូស្រ្តាលីនោះ សម្ដេចអគ្គមហា​ពញា​ច​ក្រី​ ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញទៅដល់ព្រលានយន្តហោះ ក្នុងរដ្ឋប្រីសបេន (Brisbane) នៃប្រ​ទេ​ស​​អូស្ត្រាលី ប្រកបដោយសុវត្ថិភាព ដោយមានការចូលរួមស្វាគមន៍​យ៉ាង​រាក់ទាក់ ពីសំណាក់​ប្រ​​ជាពលដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ​និងសិក្សានៅប្រទេស​អូស្រ្តាលី​យ៉ាង​ច្រើន​កុះ​ក​រ​។

បើតាមប្រភពពីរដ្ឋសភាបានឱ្យដឹងថា នៅក្នុងឱកាសនោះ​ប្រជាពលរដ្ឋបានបង្ហាញការ​គោ​រព នឹករលឹក និងបានថ្លែងអំណរគុណចំពោះសម្តេចប្រធារដ្ឋសភា ដែលបានលះ​បង់​កម្លាំ​ង​កា​យ និងបញ្ញា ចូលរួមរំដោះប្រទេសជាតិ ចេញពីរបបប៉ុលពត។ ជាមួយគ្នានេះ ប្រជាព​ល​រដ្ឋ​​នៅឯនាយសមុទ្របានថ្លែងអំណរគុណសម្តេច និងឥស្សរជន ថ្នាក់ដឹកនាំទាំងអស់ ដែល​បា​ន​​ខិតខំកសាង អភិវឌ្ឍន៍ប្រទេសជាតិ មានសុខសន្តិភាព និងការអភិឌ្ឍដូចសព្វថ្ងៃ។ ប្រជា​ព​ល​រដ្ឋដែលរស់នៅរដ្ឋប្រីសបេន ប្រទេសអូស្ត្រាលី បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ពួក​គាត់​មិន​ចង់ឱ្យ​ប្រទេសជាតិធ្លាក់ក្នុងសង្រ្គាមទៀតឡើយ ហើយពួកគាត់សូមគាំទ្រដល់ការដឹក​នាំ​របស់រាជរដ្ឋាភិបាលបច្ចុប្បន្ន ដែលចេញពីឆន្ទៈពលរដ្ឋនោះ។

នៅក្នុងឱកាសនោះដែរ សម្តេច​អ​គ្គ​ម​ហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍​រម្លឹកប្រាប់ពលរដ្ឋពីដំណើរតស៊ូរបស់​សម្តេ​ច​ នៅក្នុងការរំដោះប្រទេសជាតិ ចេញពីរបបអាវខ្មៅ ប៉ុលពត តាមរយៈចលនាតស៊ូ​២ធ្នូ ឆ្នាំ​១៩​៧​​៨​  ដែលនាំមកនូវជ័យជំនះ លើពួកខ្មែរក្រហម នៅថ្ងៃ ៧ ខែមករា ឆ្នាំ១៩៧៩។

សូមជម្រាបដែរថា បន្ទាប់ពីឈប់សម្រាកដើម្បីផ្លាស់ប្តូរ ជើងយន្តហោះ នៅរដ្ឋ Brisbane នេះ​ហើយ សម្តេចប្រធានរដ្ឋសភា នឹងបន្តដឹកនាំគណៈប្រតិភូ នឹងអញ្ជើញទៅកាន់ទី​ក្រុងកង់​បេ​រ៉ា ដែលជាទីកន្លែងប្រារព្ធកិច្ចប្រជុំវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលហៅកាត់​ថាAPPF បន្ត​ទៀ​​​ត។ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក “The Asia Pacific Parliamentary Forum” ផ្តួចផ្តើម​ប​ង្កើ​ត​​ឡើងដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន  ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ​១៩៩៣ មាន​គោ​ល​បំណងប្រមូលផ្តុំសភាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកជួបប្រជុំប្រចំាឆ្នាំ ដើម្បី​ដោះ​ស្រាយប​ញ្ហា​​​​រួម ជំរុញសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់​និងសកលលោក។​ អង្គ​ការ​សភាមួយនេះ មានសមាជិក២៧ប្រទេស មានប្រទេសអូស្រា្តលី ព្រះរាជាណាចក្រកម្ពុជា ចិ​ន ជប៉ុន សាធារណរដ្ឋកូរ៉េ ម៉ុងហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ហ្វីជី ម៉េក្រុនេស៊ី ណូវែលសេឡង់ ប៉ាពូញូហ្គី​នៀ ប្រជុំកោះម៉ារសល កា​ណា​ដា ឈីលី កូឡំប៊ី ម៉ិចស៊ីកូ ប៉េរ៉ូ សហរដ្ឋអាមេរិក អេក្វាឌ័រ និងកូស្ការីកា។ ជាមួយគ្នានេះ ​សភានៃ​ព្រះ​រា​​​ជាណាចក្រកម្ពុជាបានចូលជាសមាជិកAPPF នៅក្នុង​ឆ្នាំ១៩៩៥ និងបានធ្វើម្ចាស់ផ្ទះរៀបចំ​កិ​ច្ច​ប្រជុំ​ប្រចំាឆ្នាំ APPF លើកទី២៧ កាលពី​ខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប៕

ដោយ ជឹម ណារី