រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី៖ បើទោះបីយើងមិនបានបង្កើតស្ថាបត្យកម្មថ្មី ប៉ុន្តែយើងត្រូវតែ​មានភារកិច្ចថែរក្សានូវស្ថាបត្យកម្មពិសេសដែលដូនតាបានបន្សល់ទុក

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ — រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអះអាងថា បើទោះបីយើងមិន​បានបង្កើតស្ថាបត្យកម្មថ្មី​ដែលមានលក្ខណៈពិសេសក៏ដោយចុះ ប៉ុន្តែយើងត្រូវតែមានភារកិច្ច​ថែរក្សានូវស្ថាបត្យ​កម្មពិសេសដែលដូនតាខ្មែរបានបន្សល់ទុកឱ្យខាងតែបាន។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅ “Architectural Guide Phnom Penh” កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មនិងសំណង់បានមានប្រសាសន៍រម្លឹកថា កាលពីពេលដែល​ឯកឧត្តមនៅកាន់តំណែង​ជាអភិបាលរាជធានីភ្នំពេញនោះ ឯកឧត្តមតែងតែកត់ត្រាទុក​ក្នុង​បញ្ជី​ មួ​យនូវសំណង់​ដែល​មាន​លក្ខណៈជាបេតិកភណ្ឌ និងមានលក្ខណៈជាស្ថាបត្យកម្ម​​ពិសេស ដើម្បីរក្សា​ទម្រង់​សំណង់ស្ថាបត្យកម្មទាំងនោះទុកកុំឱ្យបាត់បង់។ ឯកឧត្ដមឧបនាយក​រដ្ឋមន្រ្ដីបានបន្ដថា ​ក្នុងពេលដែលឯកឧត្តមបាន​មកកាន់ដំណែងជារដ្ឋមន្រ្តីក្រសួងរៀបចំដែន​ដីនគរូបនីយកម្ម​ និង​សំណង់នាពេលនេះ ក៏មានឱកាសបានរៀបចំតាក់តែងនូវច្បាប់ស្តីពី​សំណង់​ដែលច្បាប់នេះ ផ្តល់ឱកាសឱ្យមានការជួសជុលលើសំណង់ស្ថាបត្យកម្មបេតិកភណ្ឌ​នានា ប៉ុន្តែត្រូវរក្សាទម្រង់​ដើម។​

ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដីបានលើកឡើងថា មកដល់ពេលនេះយើងបានឆ្លងកាត់​ចំនួន​៦​​ជំនាន់​ស្ថាបត្យកម្មមកហើយ ដែលភាគ​ច្រើនសំណង់ស្ថាបត្យកម្មទាំងនោះគឺមាន​ទំនាក់​ទំនង​នឹងរាជធានីភ្នំពេញដែលមកដល់ឆ្នាំនេះគឺមានរយៈពេល៥៨៦ឆ្នាំ​ហើយដែលចាត់​ទុកថាជាអាយុកាលមួយដ៏យូរលង់ដូច្នេះត្រូវរួមគ្នាថែរក្សាទុកឱ្យកូនចៅជំនាន់ក្រោយៗទៀតបានដឹង។ ឯកឧត្ដមឧបនាយករដ្ឋមន្រ្ដី​បានបន្ថែម​ថា យើងទាំងអស់គ្នាត្រូវរួមគ្នាការពារគាំទ្រ​លើក​ទឹកចិត្តដើម្បីឱ្យគំនិតនេះមានការរីក​ដុះដាល​ដល់កូនខ្មែរជំនាន់នេះនិងបណ្តាជំនាន់​ក្រោយៗ​ទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានចាត់ទុកសៀវភៅ Architectural Guide Phnom Penh​នេះ គឺ​ជាសៀវ​ភៅដែលមានសារៈសំខាន់បានចងក្រង​និងរក្សាទុកនូវការណែនាំអំពី​សំណង់​ស្ថាបត្យ​កម្ម​កម្ពុជា ហើយការសម្ពោធសៀវភៅនេះ គឺជាការផ្សព្វផ្សាយសៀវភៅ​ដល់បណ្តា​ប្រទេស​ជុំវិញ​ពិភពលោកនិងប្រជាពលរដ្ឋខ្មែរគ្រប់ជំនាន់។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី​បានបញ្ជាក់ថា ឯកឧត្ដមនឹងជួយផ្តល់ការបង្រ្គប់នូវការចំណាយលើការបោះពុម្ពសៀវភៅនេះ​ពីភាសាអង់គ្លេ​ស​មកជា​ភាសាខ្មែរ។ ឯកឧត្តមបានកត់សម្គាល់ឃើញថា សៀវភៅនេះ គឺមាន​ការកត់ត្រាទុក និងការរៀប​ចំ​ប្រកបដោយលក្ខណៈ ត្រឹមត្រូវស្របតាមជំនាញឯកទេសពិត​ប្រាកដ​ហើយឯកឧត្តមឧប​នាយ​ក​រដ្ឋមន្រ្ដីមានឆន្ទៈចង់ចូលរួមគាំទ្រចំពោះការផ្សព្វផ្សាយសៀវ​ភៅនេះ​ឱ្យបានទូលំទូលាយ។

លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បបានគូសបញ្ជាក់ថា សំណង់ស្ថាបត្យកម្មខ្មែរមានប្រវត្តិតាំងពីយូរលង់ណាស់មកហើយ ដែលបុព្វបុរសដូនតាខ្មែរ បានបន្សល់ទុកមកឱ្យកូនចៅជំនាន់ក្រោយ ប៉ុន្តែមកដល់របបប៉ុលពត សំណង់ស្ថាបត្យកម្ម​នានាក៏ត្រូវបានរងការបំផ្លិចបំផ្លាញ។ លោកជំទាវបានបន្ដថា ក្រោយពីរបបខ្មែរក្រហម​ដ៏ខ្មៅ​ងងឹតនោះ​បានដួលរលំ មកដល់បច្ចុប្បន្ននេះ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល យើងឃើញថា ប្រទេសកម្ពុជាមានតម្រូវការនូវការរីកចម្រើននូវស្ថាបត្យកម្ម​និងសំណង់ថ្មីៗ​ហើយស្ថាបត្យកម្មទាំងនោះគឺភ្ជាប់ជាមួយប្រវត្តិនៃទឹកដី និងទីក្រុងដែលយើងទាំងអស់គ្នា​កំពុងរស់នៅនេះ។ លោកជំទាវបានបង្ហាញពីការជឿជាក់ចំពោះឯកឧត្ដមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដែលតែងតែយកចិត្តទុកដាក់ក្នុងការថែរក្សាការពារនូវសំណង់​បេតិកភណ្ឌ​ដើម្បី​ទុកឱ្យយុវជនជំនាន់ក្រោយបានយល់ដឹង។ លោកជំទាវក៏បានថ្លែងអំណរគុណដល់អ្នកនិពន្ធ​ទាំង២រូប​ដែលបានចំណាយពេលវេលា និងកម្លាំងកាយចិត្ត​ដើម្បីចងក្រងនូវឯកសារមួយ​ដ៏​មាន​​សារៈសំខាន់នេះឡើង មិនចំពោះតែពលរដ្ឋកម្ពុជាទេគឺចំពោះជនជាតិទាំងអស់​ដែលជា​មិត្តភ័ក្តិ និងជាអ្នកស្រាវជ្រាវស្វែងយល់អំពីប្រវត្តិនៃប្រទេសកម្ពុជាដែលមានការផ្សារភ្ជាប់​ជាមួយនឹងស្ថាបត្យកម្ម៕

ដោយ រិទ្ធី