សម្ដេចតេជោ ហ៊ុន សែន៖ ការនាំគ្នាចងចាំ និងគិតដល់សន្តិភាពគ្រប់នាទី នឹងធ្វើឱ្យប្រទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព

AKP ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសា​ស​ន៍​​ថា ការនាំគ្នាចងចាំនិងគិតដល់សន្តិភាពគ្រប់នាទី នឹងធ្វើឱ្យប្រទេសយើងកាន់តែមាន​សុវត្ថិ​ភា​​ព ស្ថិរភាព និងសន្តិភាពយូរអង្វែងដែលជាបំណងប្រាថ្នារបស់ពលរដ្ធខ្មែរគ្រប់ៗរូប។

នៅលើបណ្ដាញនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ សម្ដេច​តេជោ​ ហ៊ុន សែន បា​ន​សរសេរថា សូមអរគុណដែលបងប្អូនជនរួមជាតិបានចូលរួម​លើក​តម្កើង​​សន្តិភាព តាមរយៈ​ការចារិកទុកនូវពាក្យស្លោកដែលនឹងដក់ជាប់ជាមួយពលរដ្ធ និងអ្នក​ដឹកនាំកម្ពុជាគ្រប់ជំនាន់គឺ “អរ​គុណសន្តិភាព”។ ម៉្យាងវិញទៀត ការនាំគ្នាចងចាំនិងគិតដល់​សន្តិភាពគ្រប់នាទី គឺនឹងធ្វើឱ្យ​ប្រ​ទេសយើងកាន់តែមានសុវត្ថិភាព ស្ថិរភាព និងសន្តិភាពយូរ​អង្វែងដែលជាបំណងប្រាថ្នា​រប​ស់​ពលរដ្ធខ្មែរគ្រប់ៗរូប។ សម្ដេចតេជោបានបន្ដថា មាន​សន្តិភាព ទើបមានអ្វីៗគ្រប់យ៉ាងមកទល់សព្វថ្ងៃ។ សម្ដេចតេជោក៏សូមជូន​ពរ​កា​រ​​ធ្វើដំណើរ​របស់បងប្អូនមានសុវត្ថិភាពគ្រប់ទីកន្លែង និងបានសប្បាយរីករាយជួប​ជុំក្រុមគ្រួ​សា​រ​ក្នុងថ្ងៃ​សម្រាកចុងសប្តាហ៍ទាំងអស់គ្នា។ អរគុណសន្តិភាព៕

ដោយ ជឹម ណារី