ឯកឧត្ដម ឃួង ស្រេង៖  ផ្លូវក្រោមដីពីរខ្សែនៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមុខវិទ្យាស្ថានភាសាបរទេស គ្រោងនឹងបើកការដ្ឋានស្ថាបនានាពេលខាងមុខនេះ 

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ — ផ្លូវក្រោមដីពីរខ្សែនៅមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងមុខវិទ្យាស្ថានភាសា បរទេស​ គ្រោងនឹងបើកការដ្ឋានស្ថាបនានាពេលដ៏ខ្លីខាងមុខនេះ ខណៈដែលបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ីទទួលរងការកកស្ទះចរាចរណ៍រាល់ថ្ងៃ។

ដើម្បីជំរុញឱ្យគម្រោងនេះដំណើរការទៅដោយរលូន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយក្រុមជំនាញកាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ដើម្បីពិភាក្សាលើគម្រោងស្ថាបនាផ្លូវក្រោមដីទាំងពីរខ្សែនេះ ឱ្យបានរលូន និងទទួលបានជោគជ័យ។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនភ្នំពេញលោក សាំ ពិសិដ្ឋ បានបញ្ជាក់ឱ្យដឹង ក្នុងកិច្ចប្រជុំនោះថា ជាគម្រោងដែលបាន និងកំពុងសិក្សាទៅលើផ្លូវក្រោមដីទាំង២ខ្សែនេះ គឺមួយខ្សែរត់ក្រោមផ្លូវ សហព័ន្ធរុស្ស៊ីនៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញទម្លុះ ទៅផ្លូវ២៦៥ ដោយធ្វើចរាចរណ៍ទៅមក។ ចំណែកផ្លូវក្រោមដីមួយខ្សែទៀត គ្រោងនឹងធ្វើឡើង នៅមុខវិទ្យាស្ថានភាសាបរទេស ដោយចេញពីក្នុងសាលាមុជក្រោមផ្លូវសហព័ន្ធរុស្ស៊ីទម្លុះ មកផ្លូវ២៦១ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ក្នុងគម្រោងនេះដែរ កំណាត់ផ្លូវ សហព័ន្ធរុស្ស៊ី ចាប់ពីស្ពានអាកាស៥មករា រហូតដល់ស្ពានអាកាស៧មករា គឺគ្រោងនឹង បិទរបាំងថ្មទ្រូងផ្លូវមិនឱ្យធ្វើចរាចរឆ្លងកាត់តែម្ដង។  ក្នុងកិច្ចប្រជុំនោះដែរ ក៏បានពិភាក្សា វែកញែករកដំណោះស្រាយថាតើ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសភាពា ណិជ្ជកម្មកម្ពុជា នឹងចេញចូលច្រកណាមួយ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ បានជំរុញឱ្យ ក្រុមការងារធ្វើការសិក្សាឱ្យបានហ្មត់ចត់ លើកគម្រោងស្ថាបនាផ្លូវក្រោមដី ២ខ្សែនេះ។ ដោយ ឯកឧត្តមជំរុញឱ្យមានកិច្ចប្រជុំលើកក្រោយទៀត ដោយត្រូវអញ្ជើញនាយកសាលាទាំងពីរ ក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសភាពាណិជ្ជកម្មកម្ពុជា មកប្រជុំរួមគ្នាដើម្បី រកដំណោះស្រាយរួម មុននឹងដាក់ឱ្យគម្រោងខាងលើដំណើរការ ព្រោះគម្រោងនេះត្រូវតែ អនុវត្តន៍ហើយ ដោយសារតែមាននិស្សិតប្រមាណជាង២ម៉ឺននាក់ចេញ ពីសាកលវិទ្យាល័យ ទាំងពីរនេះហើយតែងតែកកស្ទះចរាចរណ៍រាល់ថ្ងៃ ខណៈដែលនិស្សិតចេញ និងចូល ក្នុងសាលា៕

ដោយ សួស សំរិត