កម្ពុជាប្រារព្ធធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំស្ដីពីសន្តិសុខនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ — លំហាត់​សមយុទ្ធ​ជាប្រចាំ ក្នុងគោលបំណងធានាសន្តិសុខនិងសុវត្ថិភាពនៃ​ប្រតិបត្តិកា​រ​​​អាកាសចរ​​ស៊ីវិល សណ្ដាប់​ធ្នាប់សាធារណៈ និងសុខុមាលភាពជូនអ្នកដំណើរជាតិនិងអន្តរជាតិ ដែលបា​ន​ប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃ​ទី​១​០ ខែមករា ឆ្នាំ២០២០ នៅមូលដ្ឋានទ័ពអាកាស ស្ថិតនៅក្នុងអាកាសយានដ្ឋាន អន្តរជាតិភ្នំ​ពេ​ញ​។ លំហាត់សមយុទ្ធនេះ ក៏មានការអញ្ជើញចូលរួម​របស់ ឯកឧត្តម​កិត្តិនីតិ​កោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋ​មន្ត្រី​ប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិសន្តិ​សុ​ខ​​អាកាសចរស៊ីវិល និងឯកឧត្តមទេសរដ្ឋមន្ត្រី​  ឱម យ៉ិនទៀង អនុប្រធានគណៈកម្មាធិការ​ជា​​តិ​សន្តិសុខអាកាសចរស៊ីវិល ឯកឧត្តម​បណ្ឌិត ម៉ៅ ហា​វណ្ណា​ល់​  រដ្ឋមន្ត្រីទទួលបន្ទុក​រដ្ឋ​លេ​ខា​ធិការ​ដ្ឋា​នអាកាសចរស៊ីវិល និងជាអនុប្រធានប្រចាំ​ការ​នៃគណៈកម្មាធិកា​រជាតិ​​សន្តិសុខ​អាកាសចរ​ស៊ី​វិ​ល ព្រមទាំង​​​សមាជិក​ សមាជិកា​នៃ​គណៈកម្មា​ធិ​ការ​​សម្រាប់​​​សម្របសម្រួលការងាររៀបចំលំហាត់សមយុទ្ធ និង​ជួយ​ស​ង្គ្រោះ​​​​​បន្ទាន់​​ពេលមាន​ឧបទ្ទវហេតុ​ធ្លាក់​យន្ត​ហោះ​នៅក្នុងនិងក្បែរអាកាសយានដ្ឋាន​អន្តរជាតិ​នៃ​ព្រះ​រា​ជា​​​ណា​ច​ក្រ​​​កម្ពុជា​។ ​​នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី។

បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិទាំង​៣​របស់​កម្ពុជា​ ដែលរួមមាន​អាកាស​យាន​ដ្ឋាន​​អន្តរ​ជា​តិ​​ភ្នំ​ពេញ អាកាស​យា​ន​ដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិខេត្ត​ព្រះសី​ហ​នុ​ ដែលជាច្រកទ្វារ​អន្តរជាតិ បាននិងកំពុង​ដើរ​តួនាទី​យ៉ាងសំខាន់ក្នុងការលើកកម្ពស់កិត្យានុ​ភាព​​របស់កម្ពុជា​លើឆាក​អន្តរ​ជាតិ​ ក៏ដូចជា​ការ​ធ្វើ​សមាហរណកម្ម​កម្ពុជាទៅក្នុងតំបន់​និងពិភព​លោ​ក ព្រមទាំងបាន​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​​ការ​រួមចំណែក​ដល់​ការអភិវឌ្ឍនិងជំរុញ​​កំណើន​សេដ្ឋកិច្ចជាតិ។ ជាក់ស្ដែង​ថ្មីៗនេះ អាកាស​យាន​ដ្ឋាន​​អន្តរ​ជា​តិ​​​​​ភ្នំ​ពេញ បានទទួលនូវជ័យ​លា​ភី​ជា​​អាកាសយានដ្ឋានល្អ​បំផុត​ទាក់​ទង​​នឹង​កំណើន​អ្នកដំណើរ​ប្រកប​ដោយ​ចីរភាព ​ក្នុង​តំបន់​អា​ស៊ី​​​ប៉ាស៊ីហ្វិក​ សម្រាប់ឆ្នាំ​២០១៩​។ ស្របតាមស្មារតីនៃលិខិតបទដ្ឋានគតិយុត្តជាធរមាន ជា​អា​ទិ៍​ច្បាប់ស្ដីពីសន្តិសុខអាកាសចរ​ស៊ីវិល​នៃ​​ព្រះរាជាណា​ចក្រ​​​​​​កម្ពុជា អនុក្រឹត្យស្ដីពីការគ្រប់គ្រង​អា​កា​ស​យានដ្ឋានអន្តរជាតិ បទបញ្ជារបស់​រាជរដ្ឋា​ភិ​​​បាលស្ដី​ពីការ​ពង្រឹង​​សន្តិសុខ​និង​សុវត្ថិភាព​នៅ​តា​មអាកាសយានដ្ឋានអន្តរជាតិនៃ​​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ជាពិសេស​​​សារាចរ​ណែនាំ​រប​ស់​​រាជរដ្ឋាភិបាល លេខ០៣ សរណន. ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ​២០១១ ​​ស្ដីពីការ​គ្រប់គ្រង​គ្រោះ​​អាសន្ន​នៅក្នុង​និង​ក្បែរអាកាសយាន​ដ្ឋាននៃ​​ព្រះរាជាណាចក្រ​កម្ពុជា តម្រូវ​ឱ្យ​មាន​ការ​​ធ្វើ​លំ​ហាត់​សមយុទ្ធ​ជាប្រចាំ ក្នុងគោលបំណងធានាសន្តិសុខនិងសុវត្ថិភាពនៃ​ប្រតិបត្តិកា​រ​​​អាកា​ស​ចរ​​​ស៊ីវិល សណ្ដាប់​ធ្នាប់សាធារណៈ និងសុខុមាលភាពជូនអ្នកដំណើរជាតិនិងអន្តរជាតិ ពិ​សេ​ស​​​ដើម្បី​បង្ការ​និង​​ត្រៀម​ខ្លួន​រួ​ច​​ជា​​​ស្រេ​ចក្នុងការ​ឆ្លើយតប​ជា​បន្ទាន់​​ចំពោះគ្រោះអាសន្ននានា ​ដែ​ល​អាច​កើតមាន​ជាយថា​ហេតុ​​នៅ​ក្នុង​​និង​នៅ​​​​ក្បែរ​​​អាកាស​យានដ្ឋាន សំដៅ​កាត់បន្ថយ​ផល​ប៉ះ​ពា​ល់​លើ​​អាយុជីវិត​មនុស្ស អ្នក​ដំណើរ​ ឋបណី​យ​ភណ្ឌ​​​អាកាសយានដ្ឋាន និង​ប្រតិបត្តិករ​ក្រុ​ម​ហ៊ុនអាកាសចរណ៍​នៅក្នុង​ព្រះរាជា​​ណា​ចក្រ​​​​កម្ពុជា​។ ការ​ធ្វើ​​លំហាត់​សមយុទ្ធទ្រង់​ទ្រាយ​ធំ​រប​ស់​​​អាកាសចរស៊ីវិល ត្រូវបានកំណត់​ឱ្យ​ធ្វើនៅ​ក្នុង​​​និង​ជុំវិញ​បរិវេណ​អាកាសយាន​​​ដ្ឋា​ន​អន្តរជាតិ និងត្រូវ​អនុវត្តន៍ជា​ទៀងទាត់​​រៀង​រាល់​២ឆ្នាំម្ដង​ចំពោះ​​សមយុទ្ធ​​​ទ្រង់​ទ្រា​យ​ធំ  ១ឆ្នាំ​ម្ដង​​​សម្រាប់​​លំ​ហា​ត់សមយុទ្ធតាមផ្នែក និង៦ខែ​ម្ដង​សម្រាប់​លំហាត់​សមយុទ្ធ​​ដែល​បង្ហាញ​លើតុ។​

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងទៀតថា លំហាត់សមយុទ្ធ​ទ្រង់ទ្រាយ​ធំដែ​ល​​ប្រព្រឹត្តទៅនៅអាកាស​យាន​ដ្ឋាន​​អន្តរជាតិ​​ភ្នំ​ពេញ នៅឆ្នាំ​២០២០​នេះ គឺជាលើកទីមួយដែល​ផ្ដោ​ត​លើ​ប្រធាន​​បទ “សន្តិសុខ” ដែលបណ្ដាឆ្នាំកន្លងមកការធ្វើលំហាត់​សមយុទ្ធ​បានផ្ដោតតែ​លើ​​ប្រធានប​ទ​ស្ដីពី​ “សុវត្ថិភាព​”​​ ក្នុងវិស័យអាកាសចរស៊ិវិលប៉ុណ្ណោះ។ លំហាត់​សម​យុទ្ធ​​ទ្រង់​ទ្រា​យ​​ធំនេះ ​ត្រូវបានរៀបចំ​ឡើង​​​ក្នុង​​គោល​បំណង​​ដើម្បីវាយតម្លៃលើផែនការគ្រប់​គ្រងគ្រោះអា​ស​ន្ន​ ត្រួ​តពិនិត្យ​ទៅលើហេដ្ឋា​រចនា​សម្ព័ន្ធ​​​នៅ​​​បន្ទប់​គ្រប់គ្រង​គ្រោះអាសន្ន ក៏ដូចជាត្រួតពិនិត្យ​លើ​ក្រុ​ម​ការងារ​គ្រប់​គ្រងពេលមា​នអាសន្ន​កើត​ឡើង​ ជាអាទិ៍​ការដឹកនាំបញ្ជាចាត់ចែង និងការ​ស​ម្រេ​ចចិត្តក្នុងការជួយ​សង្គ្រោះ​ជនរងគ្រោះ​ដែលកើត​ចេញ​ពី​​ឧបទ្ទវហេតុនានាដែលកើតនៅក្នុង​និងនៅក្បែរ​អាកាសយានដ្ឋាន​អន្តរ​ជាតិ​។ ទន្ទឹមនឹងនេះ ការធ្វើ​លំហាត់​​​​សមយុទ្ធ​នេះ​​ក៏ជាការ​វា​យ​តម្លៃ​លើប្រព័ន្ធ​ផ្សព្វផ្សាយ​ជូន​សាធារ​ណ​​ជន​​ជាតិនិងអន្តរជាតិផងដែរ។ លំហាត់សមយុទ្ធ​ទ្រង់​ទ្រា​​យ​ធំនេះ រួមមាន១២​ព្រឹត្តិការណ៍​​​​សេណារីយ៉ូ(Scenario) និងមានការ​ចូលរួម​​​ពី​សំណាក់​អង្គ​ភា​ពអន្តរាគមន៍មកពីខាងក្រៅ រួម​មានដូចជា​ ​​​កងពលតូច“ង៧០” កងកម្មង់ដូ៩១១ កងកម្លាំង​​ពិសេសប្រឆាំងភេរវកម្ម និងទ័ពអាកាស ព្រមទាំង​កងកម្លាំង​មាន​សមត្ថកិច្ចនិងបុគ្គលិក​ភា្នក់​ងា​រ​​​​​ឯកជន​ដែលកំពុងបម្រើការក្នុងអាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញផងដែរ៕

ដោយ ជឹម ណារី