ថវិកាជាតិជាង ៣៨៣លានរៀលត្រូវបានប្រគល់ជូនជ័យលាភីមេដាយ ពីការប្រកួតអន្តរជាតិចំនួន៤

AKP ភ្នំពេញ ថ្ងៃទី១០ ខែកមរា ឆ្នាំ២០២០ — ក្រសួងអប់រំ យុវជន និងកីឡាបានប្រគល់ថវិកាជាតិចំនួន ៣៨៣.៩០០.០០០ រៀល (បីរយ ប៉ែតសិប៣លាន ​ប្រាំបួនរយពាន់រៀល) ជូនដល់ម្ចាស់ជ័យលាភីលើ២ប្រភេទកីឡា នៅព្រឹក ថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលជ័យលាភី ទាំងនេះ ឈ្នះមេដាយពីព្រឹត្តិការណ៍អន្តរជាតិចំនួន៤។

សម្រាប់ជ័យលាភីទាំងនេះរួមមាន៖ ១​-ប្រភេទកីឡាគុនដាវ សាកលវិទ្យាល័យជើង​ឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាឈ្នះមេដាយប្រាក់៣ និងសំរឹទ្ធិ២ សរុបប្រាក់រង្វាន់ ៩៣លាន​រៀល។ ២-កីឡាការ៉ាតេជើងឯក អាស៊ីអាគ្នេយ៍ លើកទី៨ ឆ្នាំ២០១៩ ដោយឈ្នះមេដាយសំរឹទ្ធិ ៥គ្រឿង សរុបប្រាក់រង្វាន់ចំនួន ៦០.៩០០.០០០ រៀល។ ៣-ការ៉ាតេជើងឯកអាស៊ី លើកទី១៨ ឆ្នាំ២០១៩ ដោយឈ្នះមេដាយសំរឹទ្ធិ១គ្រឿង សរុបប្រាក់រង្វាន់ ២២លានរៀល។ និងទី៤-ប្រភេទ​កីឡាគុនដាវសាកលវិទ្យាល័យអាស៊ី ដោយឈ្នះមេដាយប្រាក់១ និងសំរឹទ្ធិ៤ សរុប​ប្រាក់រង្វាន់ចំនួន ២០៨ លានរៀល ដោយសរុបថវិកាជាតិមានចំនួន៣៨៣.៩០០.០០០ រៀល លើ២ប្រភេទកីឡា ដែលឈ្នះមេដាយលើ៤ព្រឹត្តិការណ៍។

ដោយឡែកសម្រាប់ប្រាក់រង្វាន់ជ័យលាភី ដែលមិនទាន់បានប្រគល់ជូន៖ មានចំនួន​ថវិកា ២.៤៤១.៦០០.០០០ រៀល (ពីរពាន់បួនរយសែសិបមួយលាន ហុកសិបពាន់រៀលគត់)។ ឥណទានដើមឆ្នាំ២០១៩ សម្រាប់ប្រាក់រង្វាន់ មាន២.៥៥៤.៧០០.០០០ រៀលគត់បាន​ចំណាយ​រួច​សរុប ១.០៦៤.៦០០.០០០ រៀល ចំណាយប្រាក់រង្វាន់ សម្រាប់ឆ្នាំ២០១៩ សរុប ៣.៥០៦.២០០.០០០រៀល។ ចំពោះប្រាក់រង្វាន់ដែលមិនទាន់បានប្រគល់ជូននេះ មានចំនួន៦​ព្រឹត្តិការណ៍អន្តរជាតិ ក្នុងនោះមានជ័យលាភីព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីនផងដែរ។

សូមបញ្ជាក់ថា ប្រាក់រង្វាន់ដែលជាថវិកាជាតិត្រូវបានប្រគល់ជូនដោយឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន​ និងកីឡា៕

ដោយ ហេង ណាលីន