ឯកឧត្ដម កែ គឹមយ៉ាន អញ្ជើញចុះសួរសុខទុក្ខ និងរំលែកមរណ​​ទុក្ខ​ជាមួយគ្រួសារសព និងអ្នករងរបួស ក្នុងខេត្តបន្ទាយមានជ័យ​ដោយសារការរលំបាក់អគារនៅខេត្តកែប

AKP បន្ទាយមានជ័យ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ — នៅព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ​ឆ្នាំ២០២០នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះខេត្តបន្ទាយមានជ័យ រួមទាំងក្រុមការងារ ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានបានចុះសួរសុខទុក្ខ និងរំលែកមរណទុក្ខជាមួយ គ្រួសារ​សពប្រជាពលរដ្ឋដែលបានស្លាប់ចំនួន៤នាក់ និងរបួស៥នាក់នៅ​ភូមិដង​ត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ​ដោយការ​រលំបាក់អគារ​នៅខេត្តកែប កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងមកនេះ។

ថ្លែងនៅក្នុងពិធីនោះឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានពាំនាំនូវការចូលរួម​រំលែកទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ក្រុមគ្រួសារដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងបាន លើកឡើងពីវត្តមានដ៏សំខាន់ចាំបាច់របស់សម្តេចតេជោសែន ក្នុងការនៅកៀក និងដោះ ស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលាគ្រប់ទីកន្លែង ដែលកាយវិការនេះបង្ហាញ​ឱ្យឃើញថា “សេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋគឺជាទុក្ខលំបាករបស់ថ្នាក់ដឹកនាំ” និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់បាត់បង់ជីវិត បានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ក្នុង​ឱកាសនោះដែរ ឯកឧត្តម ​ កែ គឹមយ៉ាន បាននាំយកបច្ច័យចូល​បុណ្យសពចំនួន ​​ ​៤នាក់​ដែលសពមួយៗទទួលបានបច្ច័យ១លានរៀល​ និងអ្នករងរបួសចំនួន៥នាក់​ក្នុងម្នាក់ៗទទួលបានថវិកា៥០ម៉ឺនរៀល និងប្រជាពលរដ្ឋចូលរួម១៥០នាក់ ដោយក្នុងម្នាក់ៗ​ទទួលបាន សារុង១ និងថវិកា១ម៉ឺនរៀលផងដែរ។

សូម​រម្លឹកថា ក្នុងខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ដោយសារការរលំបាក់អគារនៅ​ខេត្តកែបនេះចំនួន៤នាក់ ស្រី១នាក់ និងអ្នករបួសចំនួន៥នាក់ ស្រី២នាក់ អ្នកទាំងអស់រស់នៅ ក្នុងភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរីទាំងអស់គ្នា៕

ដោយ ឈុន សារ៉ាត