ឯកឧត្តម គួច ចំរើន  អញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ មេបញ្ជាការង និងយុវជនស្ម័គ្រចិត្ត បញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទផ្នែកសឹករងកោះរ៉ុង

AKP ព្រះសីហនុ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម ឧត្តមសេនីយឯក យឿន សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាព ទី៣ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែងមេបញ្ជាការ មេបញ្ជាការង និងយុវជន ស្ម័គ្រចិត្តបញ្ចូលក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទផ្នែកសឹករងកោះរ៉ុង នាព្រឹកថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ មានទីតាំងនៅសង្កាត់ លេខ១ ក្រុងព្រះសីហនុ។

 

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការប្រកាសចូលកាន់មុខតំណែងជាមេបញ្ជាការ មេបញ្ជាការង និងយុវជនស្ម័គ្រចិត្តបញ្ចូល ក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទនៅផ្នែកសឹករងកោះរ៉ុងនាពេលនេះ ក្នុងស្មារតី និងបុព្វហេតុ ដើម្បីការពារជាតិ មាតុភូមិ និងប្រជាជន និងមានភារកិច្ចដូចជា៖ ១.ការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ដែលបានប្រសូត្រចេញពីការ បោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដែលមានសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ២.ការថែរក្សា ការពារសន្តិភាពដែលរកបាន ដោយលំបាក និងសមិទ្ធផលដែលមាននាពេលបច្ចុប្បន្ននេះ។ ៣.ពង្រឹងការអនុវត្តវិធានការ ច្បាប់ដោយម៉ឺងម៉ាត់។ ៤.ការអនុវត្ត នូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព (ពង្រឹងការងារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ)។ ៥.ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងចំនួន៣៤ខ្សែ និងការអភិវឌ្ឍមូលដ្ឋាន។ ៦.ការផ្ដល់សេវាសាធារណៈ។ ៧. ប្រកាន់ភ្ជាប់ នូវអភិក្រមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ និងបាវចនាពីរ គឺ កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ប្រកបដោយស្មារតីឯករាជ្យ អព្យាក្រឹត៕

ដោយ ងូ សុមុនី