រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ពិព័រណ៍សៀវភៅធំបំផុតនៅរាជធានីភ្នំពេញ គឺជាឱកាសមាស សម្រាប់ប្រជាជនកម្ពុជា ទិញយកទៅអានឈ្វេងយល់ និងបង្កើនចំណេះដឹងរបស់ខ្លួន

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ — សៀវភៅជាង១លានក្បាល ត្រូវបានតាំងលក់នៅក្នុងពិព័រណ៍សៀវភៅធំបំផុតនៅ រាជធានីភ្នំពេញ ដើម្បីរួមចំណែកបណ្ដុះវប្បធម៌ នៃការអានសៀវភៅនៅកម្ពុជា។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមក្នុងពិធីបើក សម្ពោធពិព័រណ៍សៀវភៅ ដែលបានប្រារព្ធធ្វើនៅក្នុងបរិវេណផ្សាររុងរឿង ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី០៩ ខែមករានេះ។  ពិព័រ​ណ៍សៀវភៅនេះ Big Bad Wolf Book បាននាំយកមកនូវសៀវភៅអង់គ្លេសថ្មីៗចំនួន ១លានក្បាល មកដាក់លក់ដោយបញ្ចុះ តម្លៃចាប់ពី 50ភាគរយ រហូតដល់ 90ភាគរយ ចាប់ពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ នៅក្នុងផ្សាររុងរឿង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការពិព័រណ៍សៀវភៅនេះថា ពិព័រ​ណ៍នេះ ​បង្ហាញការគាំទ្រពីពិព័រណ៍សៀវភៅ Big Bad Wolf Book ដែលរៀបចំធ្វើឡើងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបន្តថា នេះជាឱកាសមាស សម្រាប់ប្រជាជន ជាពិសេសយុវជនកម្ពុជា មករកទិញសៀវភៅអង់គ្លេស យកទៅអានស្វែងយល់និងបង្កើនចំណេះដឹងរបស់ខ្លួន ព្រោះថាមានសៀវភៅអង់គ្លេសថ្មីៗជាង១លានក្បាល មកដាក់លក់បញ្ចុះតម្លៃ ចាប់ពី៥០ភាគរយ រហូតដល់ទៅ៩០ភាគរយ ឯណ្ណោះ។

លោក Andrew Yap សហស្ថាបនិកពិព័រណ៍Big Bad Wolf Books បានថ្លែងថា “វាមិនមែនគ្រាន់តែជាពិព័រណ៍សៀវភៅនោះទេ តែជាជាស្ថាប័នមួយដែលធ្វើ យុទ្ធនាការដើម្បីលើកកម្ពស់អក្ខរកម្មភាសាអង់គ្លេស។ បេសកកម្មចម្បងរបស់យើង គឺដើម្បីផ្លាស់ប្តូរពិភពលោក ជា​មួយសៀវភៅមួយក្បាល ដោយម្តងៗធ្វើឱ្យ ប្រាកដថាសៀវភៅរបស់យើងមានតម្លៃសមរម្យ និង​អាចរកទិញបានសម្រាប់មនុស្សគ្រប់រូប។

លោកបន្តថា មានមនុស្សច្រើនណាស់ ដែលគ្មានលទ្ធិភាពក្នុងការទទួលបានសៀវភៅ ដោយសារតែតម្លៃរបស់សៀវភៅ។ វាពិតជាគួរឱ្យសោកស្តាយណាស់ ព្រោះតាមរយៈការអានសៀវភៅអាចផ្លាស់ប្ដូរជីវិតរបស់មនុស្ស និងជួយជំរុ ញឱ្យ ពួកគេព្យាយាមសម្រេចនូវក្តីស្រមៃរបស់ខ្លួន”។

លោក អ៊ុក ចាន់ដារ៉ា អ្នកនាំពាក្យពិព័រណ៍សៀវភៅ Big Bad Wolf Book Sale Phnom Penh 2020 មានប្រសាសន៍ថា “នេះគឺជាមោទនភាពមួយរបស់ប្រជាជនកម្ពុជា ដែលពិព័រណ៍សៀវភៅធំជាងគេលើពិភពលោក បានរៀបចំធ្វើឡើងនៅក្នុង ទីក្រុងភ្នំពេញនាពេលនេះ ដែលនេះគឺជាឱកាសដ៏ល្អមួយសម្រាប់ប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍជំនាញនិងចំណេះដឹងរបស់ខ្លួនតាមរយ:ការអានសៀវភៅ។

ទន្ទឹមនឹងនេះ វានឹងបង្កើតទម្លាប់ក្នុងការអានសៀវភៅដល់កុមារតាំងពីក្មេងវ័យ។ លោកថាតម្រូវការសៀវភៅអង់គ្លេស កាន់តែច្រើនឡើងៗនៅក្នុងស្រទាបយុវវ័យជំនាន់ថ្មី គឺជាកម្លាំងជំរុញផែនការរបស់យើង ក្នុងការនាំយកពិព័រណ៍សៀវភៅនេះ មកកាន់ប្រទេសកម្ពុជា”។

លោកបញ្ជាក់ថា ”ក្នុងបរិបទបច្ចុប្បន្ននេះ ដើម្បីឱ្យ ប្រជាជនកម្ពុជាអាចរីកចម្រើននៅក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្ម និងដើម្បីអាចឱ្យ ប្រទេសកម្ពុជាអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួនបានឆាប់រហ័សនោះ ត្រូវបន្តធ្វើការឆ្ពោះទៅរកការធានាឱ្យបានថាមនុស្សជំនាន់ក្រោយទទួលបាននូវធនធានចំណេះដឹង ដែលចាំបាច់នៅក្នុងការកែលម្អអនា​គតរបស់ខ្លួន ក៏ដូចជាអនាគតនៃប្រទេសជាតិ។

សូមបញ្ជាក់ថា ពិព័រណ៍នេះបាននាំមកសៀវភៅជាច្រើនប្រភេទដូចជា៖ សៀវភៅសម្រា​ប់កុមារ  សៀវភៅប្រលោមលោក សៀវភៅរឿងពិត សៀវភៅលក់ដាច់បំផុត សៀវភៅប្រលោ​ម​លោកបែបវិទ្យាសាស្រ្ត  សៀវភៅស្នេហា សៀវភៅអភិវឌ្ឍន៍ខ្លួនឯង សៀវភៅក្រាហ្វិក សៀវ​ភៅអាជីវកម្ម សៀវភៅស្ថាបត្យកម្ម សៀវភៅរចនា និងសៀវភៅជាច្រើនប្រភេទទៀត៕

ដោយ ប៉ាល់ សុង