អង្គការ JICA ស្វែងរកការគាំទ្រពីអាជ្ញាធរជាតិអប្សរា ក្នុងគម្រោងទីក្រុងឆ្លាតវៃ Smart Cities

AKP សៀមរាប ថ្ងៃទី​០៩ ខែមករា ឆ្នាំ២០២០ — កាលពីរសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ តំណាងអង្គការ JICA ប្រចាំកម្ពុជា បានជួបសម្ដែងការគួរសមជាមួយ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា។

នាឱកាសនោះ លោក តាណាកា កូតារ៉ុ អនុប្រធាន JICA បានបង្ហាញពីគម្រោងរៀបចំ Smart Cities (ទីក្រុងឆ្លាតវៃ) អាស៊ាន-ជប៉ុន ដែល រដ្ឋាភិបាលជប៉ុនទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជានៅដើមឆ្នាំ២០១៩ ដោយគម្រោងនេះត្រូវអភិវឌ្ឍន៍ទីក្រុងប្រកប ដោយនិរន្តរភាព ដោយភ្ជាប់ជាមួយ នឹងបច្ចេកវិទ្យា ICT គឺសំដៅដល់ការផ្ដល់លទ្ធភាព ប្រើប្រាស់ព័ត៌មាន ដោយប្រើមធ្យោបាយទូរគមនាគមន៍ ដើម្បីដោះស្រាយបញ្ហាមួយ ចំនួនដូចជា លំនៅឋានប្រជាជន ការកកស្ទះចរាចរណ៍ និងបរិស្ថាន។ គម្រោងទីក្រុងឆ្លាតវៃដែលអាស៊ានបានជ្រើសរើសនេះរួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

ជាមួយគ្នានោះដែរ លោក តាណាកា កូតារ៉ុ ក៏បានសុំយោបល់ពីអាជ្ញាធរជាតិអប្សរា លើគោលការណ៍រៀបចំឯកសារផ្សព្វផ្សាយកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និង ស្ថាប័នជប៉ុន ដែលកំពុងចូលរួមកិច្ចការអភិរក្សក្នុងរមណីយដ្ឋានអង្គរ។ ជប៉ុនចង់បង្កើតកម្ម វិធីក្នុងទូរសព្ទដៃ និងដាក់បញ្ចូលព័ត៌មានលើការងារនានា ដើម្បីឱ្យមានការផ្សព្វផ្សាយកាន់ តែទូលំទូលាយមួយកម្រិតទៀត។

ឯកឧត្តម ហង់ ពៅ អគ្គនាយក អាជ្ញាធរជាតិអប្សរាបានស្វាគមន៍ និងកោតសរសើរ ចំពោះគម្រោងអភិវឌ្ឍន៍របស់ រាជរដ្ឋាភិបាលជប៉ុនតាមរយៈអង្គការ JICA ដោយ ឯកឧត្តមអគ្គនាយកយល់ថា នេះជាកិច្ចការដែលអាជ្ញាធរជាតិអប្សរា ចង់បាននា ពេលអនាគតដូចជារៀបចំ Smart Cities រួមនិងការចងក្រងឯកសារនានា ពីកិច្ចការអភិរក្សជាដើម។

ឯកឧត្តម ហង់ ពៅ ក៏បានជំរុញឱ្យភាគីទាំងពីរធ្វើការជាមួយគ្នា ដើម្បីឱ្យគម្រោងនេះពន្លឿនការអនុវត្តនាពេលឆាប់ខាងមុខ៕

ដោយ ហង្ស សៀក