លោកជំទាវ ម៉ែន សំអន  អញ្ជើញចូលរួមក្នុងពិធីសម្ពោធប្រាសាទព្រះនរាយ៍ នៅខេត្តកំពង់ស្ពឺ 

AKP កំពង់ស្ពឺ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ — លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដី ក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ និងឆ្លងប្រាសាទព្រះនរាយ៍ (លោកតាធម្មរាជ) នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃ ព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន  ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីផងដែរ។    

លោកជំទាវបានបន្តទៀតថា ប្រាសាទព្រះនរាយ៍នេះបានចំណាយថវិការសាងសង់អស់ ១៥ម៉ឺនដុល្លារ ក្រោមការឧបត្ថម្ភរបស់ ព្រះតបសីលោ ហៀក ឡឹង ព្រះគ្រូចៅអធិការ វត្តព្រះពោធិ សត្វគិរីរម្យនាពេលនេះ គឺស្របពេលដែលប្រជា ជនកម្ពុជាកំពុងរីករាយ អបអរសាទរប្រារព្ធខួបលើកទី៤១ នៃថ្ងៃជ័យជម្នះ ៧មករា និងការរស់នៅយ៉ាង សុខុដុមរមនាក្រោមពន្លឺនៃសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះ លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនជន​រួមជាតិ ត្រូវរួមគ្នាថែរក្សា សុខសន្តិភាពនិងការអភិវឌ្ឍ រួមគ្នា​ថែរក្សា​នូវសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ដែលបានផ្តល់ជូនឱ្យបានគង់​វង្ស​សម្រាប់ទុកដល់កូនចៅជំនាន់ក្រោយៗទៀត ហើយ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបម្រើសេ​វាសាធារណៈឱ្យបាន​ល្អប្រសើរជូន ប្រជាពលរដ្ឋនៅមូលដ្ឋាន និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមថែរក្សា​ភូមិ-ឃុំមានសុវត្ថិភាព និងអប់រំកូនចៅឱ្យជៀសផុតពីគ្រឿងញៀន ហើយចូលរួមគោរព ច្បាប់ចរាចរណ៍ទាំងអស់គ្នា មិនត្រូវសេព​គ្រឿងស្រវឹងពេលបើកបរនោះទេ ត្រូវបើកបរដោយចេះគោរព និងអធ្យាស្រ័យគ្នា ដោយស្មារតីទទួលខុសត្រូវខ្ពស់។

សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះអគ្គិភ័យដែលកើតឡើងជាយថាហេតុ ក្នុងពេលដែលបង ប្អូនទាំងអស់គ្នាអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននាពេលខាងមុខ។ លោកជំទាវបានបន្តថា  ខ្ញុំសូមអរគុណសន្តិភាព ដែលជាឱកាសពេជ្រដែលធ្វើឱ្យ ប្រជាពលរដ្ឋខ្មែរ​បានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍន៍​ដូចសព្វថ្ងៃនេះ៕

ដោយ សួស សំរិត