រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ៖ ត្រឹមឆ្នាំ២០២៤ នឹងពិនិត្យលទ្ធផលការប្រើប្រាស់ថវិកាថ្នាក់ឃុំ សង្កាត់

AKP បាត់ដំបង ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ — សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា​ចំពោះការផ្តល់កញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍនៅក្នុងឃុំ សង្កាត់ នឹងពិនិត្យនៅឆ្នាំ២០២៤​ខាង​មុខ ដើម្បីដឹងថា តើត្រូវបន្តបន្ថែម ឬយ៉ាងណា។ ការលើកឡើងរបស់សម្តេច​ក្រឡា​ហោម​នេះ ក្នុងពិធីអបរអសាទរខូបលើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩- ៧ មករា ២០២០) នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅខេត្តបាត់ដំបង។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា សម្រាប់ឃុំ សង្កាត់ នៅឆ្នាំ២០២០ ដល់ឆ្នាំ២០២៣ យើងបង្កើនថវិកាឱ្យឃុំ ដោយឆ្នាំ២០២០ ថវិកាអភិវឌ្ឍន៍មានប្រមាណ​៧ម៉ឺន​ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០១៩កើន ឡើង២ដង។ សម្ដេចក្រឡាហោមបន្ដថា “ឆ្នាំ២០១៩ មានក្នុងរង្វង់​៣៥,០០០​ដុល្លារ តែឥឡូវពេលនេះ ឡើង៧ម៉ឺនដុល្លារ និងសម្រាប់ឆ្នាំ២០២១ ដល់​ឆ្នាំ២០២៣ នឹងឡើងជាបន្តបន្ទាប់ទៀត ហើយចាប់ពីឆ្នាំ២០២៤ នឹងពិនិត្យម្តង ថាតើគួរ​ឡើងបន្តទៀត ឬយ៉ាងម៉េច​”។ សម្តេចក្រឡាហោមបន្ដទៀតថា យើងមិនត្រឹមថាមាន​ថវិកា​បើក​ប្រាក់ខែ និងថវិការដ្ឋបាលដំណើរការធម្មតា ទើបហៅថាថវិការដ្ឋបាលនោះទេ។ ប៉ុន្តែ​បើកបូកថវិកាទាំងនេះបញ្ចូលគ្នានោះមានចំនួនជាង១២ម៉ឺនដុល្លាក្នុងមួយឆ្នាំ ដែលចំនួននេះ បានកើនឡើងជាបន្តបន្ទាប់។

សម្តេចក្រឡាហោមបានបន្ថែមថា ពេលធនធានមនុស្សមាន សមត្ថភាពជាបណ្តើរៗ​ក្នុងការអភិវឌ្ឍ ការទម្លាក់ថវិកាជាបណ្តើរៗនេះពួកគាត់មានលទ្ធភាពក្នុងការគ្រប់គ្រង​ថវិកា​ទាំងនោះ ហើយតាមច្បាប់អ្នកដែលមានលទ្ធភាពនេះ​ក៏អាចរកចំណូលបានដោយខ្លួនឯង​ផងដែរ។ សម្តេចក្រឡាហោមបានថ្លែងថា “នៅឃុំនីមួយៗអាចធ្វើជាម្ចាស់ការដោយខ្លួន​ឯង​បាន៥០ភាគរយ បូកទាំងថវិការាជរដ្ឋាភិបាលទម្លាក់ឱ្យនោះគាត់នឹងធ្វើបាន១០០ភាគរយ ដែល​ជាហេតុធ្វើឱ្យគាត់អភិវឌ្ឍន៍ឃុំបាន”។

សម្ដេចក្រឡាហោមបានថ្លែងបញ្ជាក់ថា ការធ្វើទំណែទម្រង់នេះគឺជាកំណែទម្រង់មួយ​ពាក់ព័ន្ធដល់ប្រជាពលរដ្ឋ និងការពង្រឹងសុខ សន្តិភាព ស្ថិរភាពនយោបាយ និងការពារសន្តិ ភាពផងដែរ។ ជាមួយគ្នានេះ ការធ្វើកំណែទម្រង់រចនាសម្ព័ន្ធនៅថ្នាក់ក្រោមជាតិ​នឹងផ្តល់​ឱកាសដល់យុវជនជំនាន់ក្រោយដែលមានសមត្ថភាពអាចធ្វើជាមន្ត្រីក្រុមប្រឹក្សាស្រុក មេឃុំ ឬស្មៀនឃុំ ឬអភិបាល អភិបាលរងស្រុក ឬអភិបាល អភិបាលរងខេត្ដជាដើម៕

ដោយ ប៊ុនរិទ្ធ