វិស័យពាណិជ្ជកម្មនៅតែជាកម្លាំងចលករ និងជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបាន

AKP ភ្នំពេញ ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ​២០២០ — ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម​ ​បាន​មាន​ប្រសាសន៍ថា​ វិស័យពាណិជ្ជកម្មនៅតែជាកម្លាំងចលករ និងជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងចំណោមកត្តាផ្សេងទៀត ក្នុងការជួយឱ្យ​កម្ពុជាយើងអាចរក្សាបាននូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់គិតជាមធ្យមប្រមាណ ៧ភាគរយក្នុងមួយឆ្នាំ។ ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មច្បាស់ លាស់ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការបន្តធ្វើសេរីភាវូបនីយកម្ម និងសមាហរណកម្មក្នុងតំបន់ និងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី គឺជាកិច្ចការចាំបាច់បំផុតសម្រាប់ការដោះដូរពាណិជ្ជកម្ម។

ឯកឧត្តម រាជ រ៉ា​មាន​ប្រសាសន៍បែបនេះនៅ​ក្នុង​ពិធីប្រគល់រង្វាន់ជ័យលាភីក្នុងការប្រកួតប្រជែងតែងអត្ថបទស្តីពី «រឿងព្រេងប្រទេសចិនរបស់ខ្ញុំ» ដែលរៀបចំឡើង​ដោយ​ស្ថានទូត​ចិន​ប្រចាំព្រះរាជាណាចក្រកម្ពុជា កាល​ពី​ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ដោយ​មានការចូលរួមពី លោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច អមស្ថានទូតចិន ប្រចាំកម្ពុជាផងដែរ។

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការ​បាន​មាន​ប្រសាសន៍បន្តថា តាមរយៈទំនាក់ទំនងរវាងចិន និងកម្ពុជា យើងសម្រេចបាននូវសមិទ្ធផលជាច្រើន ហើយនៅឆ្នាំ២០១៩កន្លងទៅនេះ រដ្ឋាភិបាលចិនបានផ្តល់កូតានាំអង្ករពីកម្ពុជាចំនួន ៤០ម៉ឺនតោន មានរោងចក្រជាង៧០០ ក្នុងចំណោមជាង១.០០០រោងចក្រជារបស់ក្រុមហ៊ុនចិន ដែលបានផ្តល់ ការងារជូនប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់។ គិតត្រឹមឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ០៤នៅសាធារណរដ្ឋប្រជាមានិតចិន ដូចជា​ មជ្ឈ មណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ, មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហាយនីង, មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងស៊ីអាន, និង​មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហុងកុង។ ដែល​មជ្ឈមណ្ឌលពាណិជ្ជកម្មទាំងអស់នោះជាទីតាំងសម្រាប់ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយរកទីផ្សារសម្រាប់ផលិតផលសក្តានុពលកម្ពុជា ដូចជា៖ អង្ករ ម្រេច ស្ករត្នោត អំបិល កាហ្វេ ទឹកផ្លែឈើ ស្រាបៀរ គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ក្រមា វត្ថុអនុស្សាវរីយ៍ និងសៀវភៅផ្សព្វផ្សាយអំពីវិនិយោគ និងទេសចរណ៍។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបើកច្រកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញ និងសេវារបស់កម្ពុជា ដែលនេះជាគោលដៅយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ការពង្រីកបាននូវទីផ្សារនាំចេញដែលមានលក្ខណៈអចិន្រ្តៃយ៍ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ពីការពឹងផ្អែកតែទៅលើភាពអនុគ្រោះពន្ធដែលមានលក្ខណៈបណ្តោះអាសន្ន។ មិនតែប៉ុណ្ណោះ វានឹងជួយឱ្យរដ្ឋាភិបាលអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ និងទទួលបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានស្នើសុំរដ្ឋាភិបាលចិន ឱ្យ​ផ្តល់វគ្គបណ្តុះ   បណ្តាល និងអាហារូបករណ៍បន្ថែមទៀតដល់និស្សិត និងមន្រ្តីរាជការដែលជាយុវជនរបស់ក្រសួងពាណិជ្ជកម្មផ្តោតទៅលើប្រធានបទដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ដូចជា៖ E-Commerce, E-Government, Digital Economy, International Trade, Commercial Data Collections ។ល។ ឱ្យ​ជួយជំរុញអ្នកវិនិយោគចិនឱ្យបានកាន់តែច្រើនបន្ថែមទៀតមកធ្វើការបណ្តាក់ទុននៅកម្ពុជា ជួយជំរុញដំណើរការនៃកិច្ចចរចា បង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន ឱ្យ​បានឆាប់ និង​បន្ថែមលើមុខទំនិញអង្ករ ស្នើឱ្យ​ភាគីចិនជួយទិញផលិតផលកសិកម្មមួយចំនួនបន្ថែមទៀតដូចជា៖ ផ្លែចេក ស្វាយ ដំឡូងមី មៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច និងដូង៕

ដោយ ទេស ច័ន្ទសុធារី (រូបភាព៖ ក្រសួង​ពាណិជ្ជកម្ម)