ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេស កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តប្រចាំឆ្នាំ២០២០

AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ –រសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេសកម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តឆ្នាំ២០២០ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោក ស្រីជាអភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុជាច្រើនរូបទៀត ។

កិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ទេកទេសក្រុមប្រឹក្សាខេត្តព្រះសីហនុ មានផ្ដោតលើគម្រោងសកម្មភាព អាទិភាពសម្រាប់កម្មវិធីវិនិយោគរបស់រដ្ឋបាលខេត្តសម្រាប់ឆ្នាំ២០២០ មានចំនួន ៣៤គម្រោង ដែលមានថវិកាស្មើនឹង ៩៦.០៥៧.២០០.០០០រៀល ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា កម្មវិធីវិនិយោគបីឆ្នាំរំកិលលើគម្រោងសកម្មភាពអភិវឌ្ឍន៍ ជាអាទិភាពរបស់រដ្ឋបាលខេត្ត សម្រាប់ឆ្នាំ២០២០ ជាគោលដៅក្របខ័ណ្ឌអភិវឌ្ឍន៍ នៃផែនការអភិវឌ្ឍន៍ខេត្ត និងជាគម្រោងសកម្មភាព សេវាអាទិភាពនានា សំដៅលើកកម្ពស់ការអភិវឌ្ឍខេត្ត ការផ្តល់សេវាសាធារណ: និងកិច្ចអភិវឌ្ឍន៍ខេត្តសម្រាប់រយ:ពេលបីឆ្នាំ២០២០-២០២២ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ខេត្តព្រះសីហនុមានសេដ្ឋកិច្ចសំខាន់ៗដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងកសិកម្ម ជាវិស័យគោលដៅសម្រាប់អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល ។ ខេត្តព្រះសីហនុមានសក្តានុពល ដូចជា កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជាប្រភពសត្តានុពល និងធនធានធម្មជាតិ បាននិងកំពុងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចខេត្តព្រះសីហនុ មានការរីកចម្រើនជាលំដាប់ បច្ចុប្បន្នបាននិងកំពុងអនុវត្តន៍ឱ្យបានសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍ និងប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជា ” តំបន់សេដ្ឋកិច្ចគំរូ ពហុបំណង ” អាចធ្វើឱ្យខេត្តទេសចរណ៍មាត់សមុទ្រមានឈ្មោះ ជាទីក្រុងឧស្សាហកម្មបៃតង (អាស៊ាន) យ៉ាងយូរត្រឹមឆ្នាំ២០២៥ ជាគោលដៅជំរុញការអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ និងជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់ដូចជា៖ មជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ រីកចម្រើនប្រកបដោយចីរភាព និងមានតុល្យភាពផ្នែកបរិស្ថាន ៕

ដោយ ងូ សុមុនី