អភិបាលខេត្តបន្ទាយមានជ័យជំរុញអាជ្ញាធរដែនដីជួយថែរក្សាការពារប្រភពទឹកទុកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់ក្នុងរដូវប្រាំងនេះ

​AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០–អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានធ្វើការក្រើនរម្លឹកដោយជំរុញដល់អាជ្ញាធរដែនដីផ្នែកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ រួមនឹង ប្រជាពលរដ្ឋត្រូវបន្តប្រឹងប្រែងជួយថែរក្សា​ការពារប្រភពទឹកឱ្យបានត្រឹមត្រូវ ដោយចៀសវាង កុំឱ្យមានការបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះប្រភពទឹកនេះទុកសម្រាប់តែការប្រើ ប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ព្រោះថារដូវប្រាំងក៏នៅមានពេលវេលាយូរទៀត។

ការជំរុញបែបនេះក្នុងឱកាសឯកឧត្តម អ៊ុំ រាត្រី រួមនឹងក្រុមការងារចុះពិនិត្យមើលស្ថាន​ភាពទឹកស្ទឹងសិរីសោភ័ណកាលពីល្ងាចថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវ​នឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ដើម្បីដាក់ម៉ាស៊ីនបូមយកទឹកចេញពីស្ទឹងនេះទម្លាក់តាម​ប្រឡាយមេទៅជួយសង្គ្រោះដល់ស្ទឹងមង្គលបូរី ស្ថិតក្នុងស្រុកមង្គលបូរី ដែលកំពុងជួបប្រទះ​ នូវ​ភាពកង្វះទឹក ដែលធ្វើឱ្យប៉ះពាល់ការផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃ និងទឹកស្អាតសម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ទូទាំងស្រុកតែម្ដង ដែលមានជាង ៨.០០០គ្រួសារនោះ។

​ ឯកឧត្តមបានឱ្យដឹងទៀតថា ក្រសួងធនធានទឹក និងឧតុនិយមក្រោមការបញ្ជាផ្ទាល់ពី​​ ឯកឧត្តមរដ្ឋមន្ដ្រី លឹម គានហោ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បាននិងកំពុងបើកប្រតិបត្តិការ ជួយបូមទឹកពីទីតាំងផ្សេងៗមកដាក់ចូលក្នុងស្ទឹងមង្គលបូរី និងនៅតាមប្រឡាយមេ ដើម្បីជួយ សង្គ្រោះជាបណ្ដោះអាសន្ន។

អភិបាលស្រុកមង្គលបុរី លោក រ័ត្ន ដាស៊ីណង់ បាន​ឱ្យនៅ​ល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២០ដែរថា ក្នុងរយៈពេល៣ថ្ងៃទៀតទឹកស្ទឹងមង្គលបូរី ដែលទទួលទឹកពីខេត្តប៉ៃលិន ឆ្លង កាត់ស្រុកបវេល មកស្រុកមង្គលបុរី នឹងរីងខះអស់ដែលធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងស្រុក​របស់ លោក ជាង ៨.០០០គ្រួសារ ទទួលរងផលប៉ះពាល់។

លោកបានអះអាងទៀតថា វិធានការចំពោះមុខនៅពេលនេះ អាជ្ញាធរពាក់ព័ន្ធ និង ក្រសួងធនធានទឹក កំពុងជួយអន្ដរាគមន៍ ខណៈដែលបញ្ហាខ្វះខាតទឹកនេះ បណ្ដាលមកពី ប្រជាពលរដ្ឋសម្រុកប្រើទឹកខ្លាំងពេកដើម្បីផ្គត់ផ្គង់ស្រូវនៅក្នុងរដូវប្រាំងរបស់ពួកគាត់ដែលបូមហួសពីផែនការដែលអាជ្ញាធរខេត្តបានដាក់ជូនទើបធ្វើឱ្យមានការខ្វះខាត។ជារួមបញ្ហាប្រឈមនេះយើងអាចដោះស្រាយបាន និងមិនមានការប្រឈមខ្លាំងដូចកាលពីឆ្នាំ២០១៦ទេ៕

ដោយ ឈុន សារ៉ាត