ក្រុមការងារយុវជនទទួលបន្ទុកតំបន់ឆ្នេរខាងលិច រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក រៀបចំកម្មវិធីអបអរសាទរខួបលើកទី៤១ នៃទិវាជ័យជម្នះ៧មករា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ — ក្រុមការងារយុវជន ប្រចាំសហរដ្ឋអាមេរិក ទទួលបន្ទុកតំបន់ឆ្នេរខាងលិច រដ្ឋវ៉ាស៊ីន​តោន ក្រុង Seattle (Tacoma) សមាជិក សមាជិកា យុវជន បានរៀបចំកម្មវិធីអបអរសាទរ​ខួប​លើកទី៤១ នៃទិវាជ័យជម្នះ ៧ មករា ១៩៧៩-៧ មករា​ ២០២០ ដោយមានការអញ្ជើញ​ចូលរួមពីឯកឧត្តម ជុំ សន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រ​កម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៊ីកូ ឯកឧត្តម ណុប ដារ៉ា អនុប្រធានក្រុមការងាររៀបចំ​អង្គការ​ចាត់តាំងយុវជនប្រចាំតំបន់ឆ្នេរខាងលិច ឯកឧត្តម ហ៊ឹង ប៊ុនថន ប្រធានក្រុមការងារ​ប្រចាំ​រដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

ឯកឧត្តម ណុប ដារ៉ា បានមានប្រសាសន៍ថា ការរៀបចំកម្មវិធីអបអរសាទរ​ខួប​ទី៤១ នៃ​ទិវាជ័យជម្នះ ៧ មករា នេះ គឺមានការចូលរួម​ពីគណៈកម្មាធិការអនុសាខា ប្រធាន អនុ​ប្រធាន​យុវជន សមាជិក សមាជិកាយុវជនបក្ស ភ្ញៀវ អន្តរជាតិ កុងស៊ុលទូត និងបណ្តាអង្គទូត​មួយ​ចំនួនចូលរួម សរុបចំនួនអ្នកចូលរួម៥២៥នាក់។ ឯកឧត្ដមបានបញ្ជាក់ថា គោលបំណង​នៃ​ការរៀបចំទិវាជ័យជម្នះ៧ មករានេះគឺ ដើម្បីផ្សព្វផ្សាយបង្កើនការយល់ដឹង​ឱ្យបាន​ទូលំ​ទូលាយ​ពីការ​អភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ទាំងវប្បធម៌ និងការផ្សព្វផ្សាយពីតម្លៃ​សន្តិភាព​ ​​សម្រាប់ប្រជាជន​កម្ពុជាបច្ចុប្បន្ននេះ៕

ដោយ រិទ្ធី