ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បើកកិច្ច​ប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តការងាររបស់រដ្ឋបាលខេត្ត

​AKP បន្ទាយមានជ័យ  ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ — ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស​ ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិ ទី៣ ដើម្បីពិនិត្យ និងអនុម័តការងាររបស់ខ្លួន ក្រោមវត្តមានឯកឧត្តម ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម អ៊ុំ រាត្រី ​ អភិបាល​ខេត្ត និងមានការអញ្ជើញចូលរួម ពីសមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ ព័ន្ធជា ច្រើនរូបទៀត។

នៅក្នុងកិច្ចប្រជុំនេះឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត​បានលើកឡើងថា ដើម្បី​ឱ្យខេត្តបន្ទាយមានជ័យមានការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនាមទាំងអស់គ្នាជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ចាប់តាំងពីថ្នាក់លើដល់ថ្នាក់ក្រោមគឺត្រូវមានទំនួលខុសត្រូវខ្ពស់ លើការ​បំពេញភារកិច្ចរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ជាមួយនោះឯកឧត្តមក៏បាន ថ្លែងកោត សរសើរ និង​វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តដែលបានផ្តោតការយកចិត្ត ទុកដាក់ខិតខំប្រឹង ប្រែងបំពេញការងារ និងដោះស្រាយបញ្ហាប្រឈមនានាដែល កើតមានឡើងកន្លង មកនេះឱ្យ ទទួលបានលទ្ធផលល្អ។ ពិសេសបានបង្កើនពង្រឹងការ ថែរក្សាការពារសន្តិសុខសណ្តាប់ ធ្នាប់សង្គមឱ្យ​បានល្អប្រសើរ និងជំរុញល្បឿនការអភិវឌ្ឍខេត្ត​រីកចម្រើនជាបន្តបន្ទាប់។

ឯកឧត្តម ខេង ស៊ុម ក៏បានក្រើនរម្លឹកដោយជំរុញដល់មន្រ្តីរាជការ បណ្តាមន្ទីរ អង្គភាព ជំនាញអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវខិតខំបន្តបំពេញការងារជំនាញរបស់ខ្លួនឱ្យបានល្អថែមទៀត នឹងត្រូវធ្វើរបាយការណ៍ជូនដល់ថ្នាក់ដឹកនាំឱ្យបានលឿន និងត្រឹមត្រូវ ច្បាស់ លាស់។

​ ក្នុងឱកាសនោះដែរ​ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងថា ចំពោះការចុះជួយតាមមូលដ្ឋានរបស់ប្រធានអនុប្រធានមន្ទីរអង្គភាពពិតជាមានសារៈសំខាន់ណាស់ក្នុងការដឹងពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ទន្ទឹមនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវពង្រឹងកិច្ច សហការការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរថែមទៀត ដើម្បីផ្តល់ឱ កាសដល់ប្រជាពលរដ្ឋប្រកបរបររកស៊ីចិញ្ចឹមជីវិត និងរស់នៅមានសេចក្តីសុខសាន្តគ្រប់ ពេលវេលា​។

សូមរម្លឹកថា កិច្ចប្រជុំនេះបានពិភាក្សាអនុម័តលើរបៀបវារៈរួមមានសេចក្តីព្រាងរបៀប​​វារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។​ កំណត់ហេតុនៃកិច្ចប្រជុំ សាមញ្ញលើកទី៦, សេចក្តីព្រាងកំណត់ហេតុប្រជុំវិសាមញ្ញលើកទី៤ អាណត្តិទី៣ របស់ក្រុម ប្រឹក្សាខេត្ត។ ​សេចក្តីព្រាងរបាយការណ៍ ប្រចាំខែធ្នូ​, ប្រចាំឆ្នាំ​, សេចក្តីព្រាង កម្មវិធីវិនិយោគបី ឆ្នាំរំកិល (២០២០-២០២២) របស់រដ្ឋបាលខេត្ត៕

ដោយឈុនសារ៉ាត