ឯកអគ្គរដ្ឋទូតបារាំង៖ សន្និសីទក្រុងប៉ារីស ស្តីពីសមភាពរវាងស្ត្រី និងបុរស លើក​ទី២៥ឆ្នាំ នឹងអញ្ជើញស្ត្រីជាថ្នាក់ដឹកនាំកម្ពុជាទៅចូលរួម នៅប្រទេសបារាំង

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ — លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំ​ព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ បារាំងនឹងរៀបចំ​សន្និសីទស្តីពីសមភាពរវាង ស្ត្រី និងបុរស​ នាខែកក្កដា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យ​លទ្ធ​ផល​ការងារ ដែលប្រទេសនៅអឺរ៉ុប បានធ្វើកិច្ចការនេះអស់រយៈពេល២៥ឆ្នាំកន្លងទៅ ក្នុងនោះ​ក៏នឹងត្រូវអញ្ជើញស្ត្រីជាថ្នាក់ដឹកនាំកម្ពុជាទៅចូលរួមផងដែរ។ ការលើកឡើងរបស់លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណា​ចក្រកម្ពុជា ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។ នេះបើយោងតាមគេហ​ទំព័រ​ហ្វេសប៊ុករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

លោកជំទាវ អេវ៉ា ង្វៀន ប៊ិញ (Eva Nguyen Binh) បានចាប់អារម្មណ៍អំពី​តួនាទីរបស់​ស្ត្រីកម្ពជា ក្នុងវិស័យនយោបាយ និងគ្រប់ស្ថាប័នរបស់ជាតិ ក្នុងពេលបច្ចុប្បន្ន ដែលមាន​អត្រាកើនឡើងគួរឱ្យកត់សំគាល់ ដែលសបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីខ្លួនឯងកំពុងមានសមត្ថ​ភាពគ្រប់គ្រាន់ដើម្បីជាការងាយស្រួលសម្រាប់ថ្នាក់ដឹកនាំបំពេញ ឬដំឡើងតួនាទីជូនដល់​ស្ត្រី​យើង ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានគាំទ្រចំពោះសន្និសីទនេះ ហើយ​លោក​ជំទាវក៏បានរម្លឹកថា កាលពីឆ្នាំ១៩៩៥ លោកជំទាវធ្លាប់ដឹកនាំប្រតិភូស្ត្រីជាន់ខ្ពស់​កម្ពុជា ទៅ​ចូល​រួមក្នុងពេលបើកសន្និសីទនេះជាលើកទី១។ ប៉ុន្ដែសម្រាប់ឆ្នាំនេះ សង្ឃឹមថា​យើងនឹង​ទទួល​បានបទពិសោធន៍ថ្មីៗបន្ថែមទៀតដើម្បីជាការវិវត្តនូវគំនិត សមត្ថភាពរបស់ស្ត្រី​នៅលើ​សកលលោក។ លោកជំទាវក៏បានលើកឡើពីស្ថានភាព និងតួនាទីរបស់ស្ត្រីកម្ពុជា ក្រោមការ​លើក​ទឹកចិត្តពីរាជរដ្ឋាភិបាល ពិសេសពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរា​ជាណាចក្រកម្ពុជា ដែលមិនត្រឹមតែលើកកម្ពស់តួនាទីស្ត្រីក្នុងស្ថាប័នរដ្ឋ និងនយោបាយ​ប៉ុណ្ណោះទេ គឺបានជំរុញឱ្យស្ត្រីជាកសិករ កម្មករ និងវិស័យឯកជន មានឱកាសពង្រីក​សមត្ថភាព ដើម្បីចូលបម្រើការឱ្យបានកាន់តែច្រើន ពង្រីកបាននូវជីវភាព ។

លោកជំទាវអគ្គរដ្ឋទូតបារាំង បានគាំទ្រសកម្មភាព និងកោតសរសើដល់ស្ត្រីកម្ពុជា​ដែល​មានរាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកកម្ពស់តួនាទីស្ត្រី ក្នុងនោះរដ្ឋាភិបាលបារាំង នឹង​ចូលរួមគាំទ្រផងដែរ។ ជាមួយគ្នានេះ លោកជំទាវអគ្គរដ្ឋទូតបារាំង បញ្ជាក់ពីកិច្ចសហប្រតិបត្តិ​ការរវាងកម្ពុជា-បារាំង ក្នុងបន្តជួយដល់កម្ពុជាលើវិស័យអប់រំ សុខាភិបាល វប្បធម៌ និងវិស័យ​ជាច្រើនទៀត ពិសេសបន្តកសាងវិស័យទឹកស្អាតនៅក្នុងរាជធានីភ្នំពេញ និងការប្រារព្ធខួប​លើក​ទី៥០ នៃប្រទេសប្រើប្រាស់ភាសាបារាំង ហ្វ្រង់កូហ្វូនី។ លោកជំទាវឯកអគ្គ​រដ្ឋទូតបារាំង​ក៏បានបន្ដថា រដ្ឋាភិបាលបារាំង ក៏មានការកែសម្រួលនៃការផ្តល់ទិដ្ឋាការដល់ប្រជាជនកម្ពុជា ដែលមានបំណងទៅកាន់ប្រទេសបារាំង និងប្រទេសនៅតំបន់អឺរ៉ុបឱ្យ​កាន់តែងាយស្រួល​បន្ថែម​ទៀត ។

លោកជំទាវឯកអគ្គរដ្ឋទូតបារាំងបានសាទរ ចំពោះកម្ពុជា សម្រាប់ឆ្នាំ២០២០នេះ ដែល​បានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលក្នុងនោះរដ្ឋាភិបាលបារាំង មានតួនាទី​យ៉ាងសំខាន់ក្នុងការសម្របសម្រួលដើម្បីឱ្យប្រទេសហភាពអឺរ៉ុបមកកាន់កម្ពុជា ។

លោកជំទាវក៏បានផ្ញើសារចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយរដ្ឋាភិបាលកម្ពុជា និងគ្រួសាររងគ្រោះ ដោយឧបត្តិវហេតុរលំអគារ នៅខេត្តកែប ផងដែរ ៕

ដោយ រិទ្ធី