ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៣

AKP ព្រះសីហនុ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ –ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី៧ អាណត្តិទី៣ ឆ្នាំ២០២០ ដើម្បីពិនិត្យសកម្ម ភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាពរបស់រដ្ឋបាលខេត្តព្រះសីហនុ  ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាល អភិបាលរងខេត្ត ក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០នេះ ។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តព្រះសីហនុលើកទី៧ អាណត្តិទី៣ បានលើកយករបៀបវារៈចំនួន៨ ដើម្បីពិនិត្យពិភាក្សា និងអនុម័ត រួមមាន៖ ទី១.ប្រសាសន៍បើកកិច្ចប្រជុំ ។ ទី២.ពិនិត្យកូរ៉ុម ។ ទី៣.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខេត្ត ។ ទី៤.ពិនិត្យ និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សាខេត្ត ។ ទី៥.ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩) ។ ទី៦. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីវេទិកាផ្សព្វ ផ្សាយ និងពិគ្រោះយោបល់ ។ ទី៧. ស្តាប់របាយការណ៍របស់គណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ មានដូចជា៖  គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, គណៈកម្មាធិការលទ្ធកម្ម, គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស, គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត, គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត, ការិយាល័យប្រជាពលរដ្ឋខេត្តព្រះ សីហនុ និងទី៨. បញ្ហាផ្សេងៗ ។

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរខេត្ត ក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ និងសមត្ថកិច្ចដែលបានអនុវត្តន៍ការងារទទួលបានលទ្ធផលល្អ ក្នុងកិច្វការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទន្ទឹមនឹងការអនុវត្តបានល្អ ក៏នៅមានចំណុចខ្វះខាតមួយចំនួនដែលគ្រប់មន្ទីរ អង្គភាព ស្ថាប័នមួយចំនួនពុំទាន់អនុវត្តន៍តាមតម្រូវការ នៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តនាពេលបច្ចុប្បន្ន ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបានបន្តថា ក្នុងអំឡុងឆ្លងឆ្នាំសកល ២០១៩-២០២០ កន្លងមក ភ្ញៀវទេសចរជាតិមកលេងកម្សាន្ត និងសម្រាកខេត្តព្រះសីហនុមានការកើនឡើង។ ដូច្នេះយើងត្រូវបន្តពង្រឹងការអនុវត្តនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកលេងកម្សាន្ត និងសម្រាកនៅក្នុងខេត្តព្រះសីហនុ កាន់តែច្រើន ៕

ដោយ ងូ សុមុនី