ក្លិបក្រសួងមហាផ្ទៃឈ្នះជើងឯកកីឡាវាយកូនឃ្លីលើតុជើងឯកថ្នាក់ជាតិ ដើម្បីអបអរជ័យជម្នះ៧មករា

AKP ភ្នំពេញ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០–ក្លិបកីឡាវាយកូនឃ្លីលើតុរបស់ក្រសួងមហាផ្ទៃ ដណ្តើមបានជើងឯកប្រចាំឆ្នាំ២០១៩ ខណៈក្លិបកីឡាវាយកូនឃ្លីលើតុ All Star ដណ្តើមជើង ឯករង នៃព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងដើម្បីអបអរសាទរទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ឆ្នាំ (៧មករា ១៩៧៩-៧មករា ឆ្នាំ២០២០)។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បញ្ជាក់ថា ក្លិបក្រសួងមហាផ្ទៃដណ្តើមបានជើងឯកនេះ ក្រោយយកឈ្នះមេដាយមាស៣វិញ្ញាសា ខណៈក្លិប All Star ដណ្តើមបានមេដាយមាស២គ្រឿង និងចំណាត់ថ្នាក់លេខ៣ គឺក្លិបខេត្តកំពតឈ្នះមេដាយមាស១គ្រឿង។ ការប្រកួតជើងឯកឆ្នាំនេះមានក្លិប-សមាគមចូលរួមចំនួន១៣ ដែលមានកីឡាករ-កីឡាការិនីចំនួន ៧៩នាក់ ក្នុងនោះក្រុមកីឡាករ ក.១ ចំនួន៤២នាក់ ក្រុមយុវជន ក.២ ចំនួន២៥នាក់ និងកីឡាការិនី ១១នាក់។

ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាមានប្រសាសន៍ថា ទិសដៅសំខាន់នៃការរៀបចំឱ្យមានការប្រកួតនេះឡើង គឺដើម្បីលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនី សំដៅរកឃើញកីឡាករ កីឡាការិនីឆ្នើមប្រចាំឆ្នាំផង និងសម្រិតសម្រាំងបាននូវកីឡាករ កីឡាការិនីល្អៗ សម្រាប់ហ្វឹកហ្វឺនបន្ថែម ត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ អន្តរជាតិនានា ពិសេសត្រៀមលក្ខណៈឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះ គឺជាសមិទ្ធផលដំបូងបំផុតមួយ ដែលយើងរួមគ្នារៀបចំសម្រេចបាន បន្ទាប់ពីឯកឧត្តមត្រូវបានជ្រើសតាំងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។

ឯកឧត្តមបានបន្ថែមថា តាមរយ:របាយការណ៍ដែលលោក ស៊ុន សុធារិទ្ធ អគ្គលេខាធិ ការនៃគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានធ្វើរបាយការ ណ៍សង្ខេបជូនអង្គពិធីជ្រាបថា កីឡាករកីឡាការិនី របស់យើងនីមួយៗ បានប្រឹងប្រែងបញ្ចេញសមត្ថភាពប្រកួតយ៉ាងស្វិតស្វាញជាទីបំផុត ព្រមទាំងគោរពបានយ៉ាងខ្ជាប់ខ្ជួននូវវិន័យនិងសេចក្តីថ្លៃថ្នូរ តាំងពីដើមរហូតដល់ចុងបញ្ចប់នៃការប្រកួត។ ស្ថិតក្នុងរិយាកាសដ៏សោមនស្សរីក រាយនេះដែរ ក្នុងនាមប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ឯកឧត្តមសូមចូលរួមអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះកីឡា កីឡាការិនីទាំងអស់ ដែលទទួលបានជ័យលាភពីការប្រកួតប្រជែងយ៉ាងស្វិតស្វាញអស់រយៈពេល ៦ថ្ងៃកន្លងមក រហូតដើម្បីដណ្តើមបានជោគជ័យលើគូប្រកួត និងទទួលបានជ័យលាភីជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ ហើយយើងត្រូវបន្តហ្វឹកហាត់ជាប្រចាំ ដើម្បីបង្កើនសមត្ថភាពឱ្យកាន់តែខ្ពស់ថែមទៀត។

ឯកឧត្តមក៏បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលមិនបានទទួលចំណាត់ថ្នាក់ល្អក្នុងការប្រកួតជ្រើសរើសជើកឯកលើកនេះ ត្រូវខិតខំប្រឹងប្រែងហ្វឹកហ្វឺនបង្កើនសមត្ថភាពបច្ចេកទេសរបស់ខ្លួនបន្ថែមទៀត ដើម្បីឈានទៅទទួលបានជ័យជម្នះពីការប្រកួតក្នុងកម្មវិធីប្រកួតជាច្រើនទៀត ដែលនឹងត្រូវរៀបចំឡើងក្នុងឆ្នាំ២០២០នេះ មានដូចជា៖ ១-ការប្រកួតសិស្សបឋមថ្នាក់ជាតិ នៅថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ ២-ការប្រកួតកីឡាជាតិ (National Games) នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។ ៣-ការប្រកួតសាកលវិទ្យាល័យថ្នាក់ជាតិ នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។ ៤-ការប្រកួតជើងឯកថ្នាក់ជាតិពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ និងការប្រកួតនៅក្រៅប្រទេស មានដូចជា ការប្រកួត ASEAN School Games ថ្ងៃទី០៧ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅប្រទេសហ៊្វីលីពីន និងការប្រកួត ASEAN University Games ផងដែរ ៕

ដោយហេង ណាលីន