​ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី​ យឹម​ ឆៃលី អញ្ជើញបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ​និងទំនិញប្រើប្រាស់ទូទៅ នៅក្នុងខេត្ត​កំពង់ចាម

AKP កំពង់ចាម ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដម​ យឹម​ ឆៃលី​ ឧបនាយករដ្ឋមន្ត្រី​ ប្រធាន​ក្រុមប្រឹក្សា​ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម​ និង​ជនបទ ​និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាម​ បានអញ្ជើញកាត់ខ្សែបូរ បើក​សម្ពោធពិព័រណ៍ផលិតផលខ្មែរ និងទំនិញប្រើប្រាស់ទូទៅ នៅក្នុងខេត្តកំពង់ចាម​ និង​ទស្សនាស្តង់ពិព័រណ៍ផលិតផល ស្នាដៃអំពីសកម្មភាព និងសមិទ្ធផលនានារបស់មន្ទីរ​អង្គភាព​ជុំវិញខេត្តនិងតាមបណ្តស្រុកក្រុងទាំង១០ ក្នុងខេត្ដកំពង់ចាម។ ពិព័រណ៍នេះ បានធ្វើឡើង កាលពី​ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ត្រូវនិងថ្ងៃទី០​៦​ ខែមករា​ ឆ្នាំ​២០២០ ​ក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោក  ឈាង បូ​រិ​ន ប្រធាន​មន្ទីរ​ពាណិជ្ជ​ខេត្តកំពង់ចាម​បានឱ្យដឹងថា ការរៀបចំ​ពិព័រណ៍​ផលិតផល​ខ្មែរ​និង​ទំនិញប្រើប្រាស់​នៅពេលនេះ​គឺ​ក្នុង​គោលបំណង ដើម្បីចូលរួម​អបអរ​សារ​ទរ​ទិវា​ជ័យ​ជម្នះ ៧​មករា ​ខួប​លើក​ទី​៤១ និង​ចង់បង្ហាញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​​គាំទ្រ និង​ប្រើ​ប្រាស់​ផលិតផល​របស់​ខ្មែរ​។ លោកបានបន្ដថា ឆ្នាំនេះ​យើងមានការដាក់តាំងពិព័រណ៍គ្រប់​ប្រភេទចំនួន២៥០ស្តង់ ក្នុងនោះការដាក់តាំងបង្ហាញពីស្នាដៃ សមិទ្ធផល និងផលិតផល របស់មន្ទីរ​ អង្គភាពជុំវិញខេត្ត និងក្រុង ស្រុកទាំង១០របស់ខេត្តមានចំនួន១០០ស្តង់  ស្តង់​បង្ហាញ​ពីផលិតផលខ្មែរមាន១០០ស្តង់ និងស្តង់បង្ហាញពីផលិតផលជាដៃគូ មានផលិតផល និងទំនិញគ្រប់ប្រភេទមានចំនួន៥០ស្តង់។

លោកប្រធានមន្ទីរបានបន្ដទៀតថា ការដាក់តាំង​ពិព័រណ៍នេះ ឝឺចង់ឱ្យប្រជាពលរដ្ឋរបស់យើង  រួមគ្នាគាំទ្រផលិតផលខ្មែរ និងការស្វែងរក ទីផ្សារ​របស់ប្រជាកសិករ ហើយពួកគាត់នាំយកកសិផល ផលិតផល យកមកចូលរួម តាំង​ពិព័រណ៍បង្ហាញពីតំបន់មួយៗឱ្យកាន់តែស្គាល់ពីរបស់របរ​ ផលិតផល​ ដំណាំដែលជាអត្ត​សញ្ញាណ​របស់អ្នកភូមិ​អ្នកស្រុកនីមួយៗផងដែរ។ លើសពីនេះទៀត ពិព័រណ៍នេះ ក៏ជាការដក​បទពិសោធន៍ពីគ្នាទៅវិញទៅមកពិសេសអំពីការវេចខ្ចប់ត្រូវអនាម័យប្រកដោយគុណភាពនិងសោភ័ណភាពដើម្បីជាការទាក់ទាញដល់អតិថិជន។

សូមបញ្ជាក់ថា ការដាក់តាំងពិព័រណ៍នេះ គឺមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ និងមានការប្រគំតន្ត្រី៕

ដោយ ឆាយ ម៉ុត