បុរាណវិទ្យាធ្វើកំណាយនៅទួលដូនប៉ុក ក្នុងខេត្ដសៀមរាប រកឃើញខឿនប្រាសាទ និងសម្ភារ​ប្រើប្រាស់ពីបុរាណ

AKP សៀមរាប ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ — លោក ហេង ពិភាល់ ប្រធានគម្រោងបុរាណវិទ្យាភូមិ នៃសាកលវិទ្យាល័យហាវ៉ៃ សហរដ្ឋ អាមេរិច បានឱ្យដឹងថា គម្រោងសា្រវជ្រាវនេះ បានកំពុងធ្វើកំណាយនៅទូលដូនប៉ុក ស្ថិតនៅ ភូមិគោកទ្រាក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ដោយរកឃើញខឿន​ប្រាសាទ និងសម្ភារប្រើប្រាស់ពីបុរាណ ហើយអ្នកជំនាញបានសន្និដ្ឋានថា តំបន់នេះ កាលពី​មុនមានមនុស្សរស់រនៅ។​ ការធ្វើកំណាយនេះ បានធ្វើឡើងដោយបានចាប់ផ្តើម​កំណាយ​តាំង​ពីថ្ងៃទី១០ខែធ្នូឆ្នាំ២០១៩ គោលបំណងនៃការធ្វើកំណាយនេះ គឺចង់ដឹងពីការរស់នៅពីសម័យ​មុនថា មានការរស់នៅទីតាំងណាខ្លះក្រៅពីនៅក្នុងរាជធានីអង្គរ ព្រោះថា នៅរាជធានីអង្គរ​អ្នករស់​នៅភាគច្រើនជាអ្នកមាន និងមន្រ្តីជាន់ខ្ពស់។ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋធម្មតា តើពួក​គាត់រស់នៅទីតាំងណាខ្លះ ដោយលោកបានបញ្ជាក់ថា កំណាយស្រាវជ្រាវរហូតមកពេលនេះ បានរកឃើញគ្រឹះប្រាសាទធ្វើដោយថ្មបាយក្រៀម នៅលើទូលដូនប៉ុក និងឃើញសម្ភារ​ប្រើប្រាស់​ផ្សេងៗពីសម័យមុននៅតំបន់ជំវិញ។

ក្រុមអ្នកជំនាញ បានសន្និដ្ឋានថាកាលពីសម័យមុនក្នុងសតវត្សរ៍ទី១០ ដល់សតវត្សរ៍ទី​១២នៅតំបន់នេះគឺមានមនុស្សរស់នៅច្រើន។ បន្ទាប់ពីការធ្វើកំណាយនេះក្រុមអ្នកជំនាញ និងបន្តធ្វើកំណាយនៅតាមតំបន់ជិតៗបឹងទន្លេសាបបន្តទៀត ដើម្បីបានដឹងកាន់តែ​ច្បាល់​បន្ថែមទៀតពីរចនាសម្ព័ន្ធ និងការរស់នៅរបស់ប្រជាពលរដ្ឋពីសម័យមុន។

សូមបញ្ជាក់ថា គម្រោងបុរាណវិទ្យាភូមិនេះ បានធ្វើឡើងដោយមានកិច្ចសហ​ប្រតិបត្តិ​ការរវាងអាជ្ញាធរអប្សរានិងសាកលវិទ្យាល័យហាវ៉ៃសហរដ្ឋអាមេរិក៕

ដោយ ឃុត សៅ