លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំប្រតិភូ អញ្ជើញចូលរួមរំលែកមរណៈទុក្ខ ដល់គ្រួសារសព  ដែលរងគ្រោះថ្នាក់រលំអគារ នៅខេត្តកែប

AKP ស្វាយរៀង ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង​បាន​ដឹកនាំគណៈប្រតិភូចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព កម្មករ សំណង់ ដែលរងគ្រោះដោយសារបាក់អគារកម្ពស់៦ ជាន់ សង្កត់ស្លាប់ និងរបួស នៅខេត្ត កែប កាលពី ថ្ងៃទី០៣ ខែ មករា ឆ្នាំ ២០២០ កន្លងទៅនេះ មានចំនួន៤ នាក់ និង របួស៣ នាក់ សរុបមាន​ចំនួន​៧នាក់ ហើយអ្នក​ទាំងនេះ ជាគ្រួសារ តែមួយ ( ដែលមាន ប្តី ប្រពន្ធ កូន និង បងប្អូន​បង្កើត) មានទីលំនៅ​ស្ថិតនៅ ក្នុងភូមិ ចំការកោះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែក ខេត្ដ​ស្វាយរៀង។

ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំនូវប្រសាសន៍របស់សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដោយចូលរួម សោក​ស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដែលត្រូវបាត់បង់ប្តី ភរិយា និងកូនៗ ជាទីស្រលាញ់ ស្មើកែវភ្នែក ដែលកំពុង ស្រឡាញ់ ពេញបេះដូង ក៏ដូចជាបាត់បង់នូវ ធនធានមនុស្ស ដ៏មានសារៈសំខាន់ ក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ លោកជំទាវបាន​សម្ដែង​នូវការក្តុកក្តួល ក្រៃលែង ដែលក្រុមគ្រួសារនេះ បានខិតខំធ្វើការ ហើយជួបរឿង អកុសល បែប​​នេះ ហើយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសូមឧទ្ទិស ដល់ដួងវិញ្ញាណ​ក្ខន្ធ សព បានទៅ ឋានសុគតិភព។

ជាមួយគ្នានេះ ក្រុមគ្រួសារ សព បានសម្ដែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ រាល់ ទុក្ខលំបាក របស់ប្រជាពលរដ្ឋ មិនថា ក្នុងកាលៈទេសៈ ឬពេលវេលាណាមួយ ឡើយ និងសូម គោរពជូនពរសម្តេច មានសុខភាពល្អបរិបូរណ៍មានជន្មាយុ យឺនយូរ ដើម្បីដឹកនាំការងារ មនុស្សធម៌ បន្តទៀត ។

សូមបញ្ជាក់ផងដែរថា សាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បាននាំយកអង្ករ ២០០ គីឡូក្រាម ទឹកក្រូច ៤ កេស ទឹកសុទ្ធ ៤ កេស និងបច្ច័យ ចំនួន ៤ លានរៀល ។ ដោយ ឡែកលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន  និងក្រុមការងារ បាននាំថវិកាចូលបុណ្យ ជាង៩០លានរៀល ផងដែរ ៕

ដោយ រិទ្ធី