ឯកឧត្ដម ពេជ្រ ប៊ុនធិន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារ ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង  ខេត្តក្រចេះ

AKP  ក្រចេះ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ — ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យ ប្រើប្រាស់ជាផ្លូវការនូវអគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្សាច់អណ្ដែត ស្រុកឆ្លូង ខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០ ៦ ខែមករា ឆ្នាំ២០២០ និងមានការអញ្ជើញចូលរួមផងដែរពីឯកឧត្ដម ហឿ ស៊ីយ៉ែម ប្រធាន ក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ គណបក្ស ប្រជាជនកម្ពុជាខេត្តក្រចេះ។

ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានមានប្រសាសន៍ថា ពិធីសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណៈបក្សឃុំខ្សាច់អណ្ដែតនាពេលនេះ ស្របពេលដែល ប្រជាជនរបស់យើង ប្រទេសជាតិរបស់យើង អបអរសារទរនូវព្រឹត្តិការណ៍ធំៗ របស់ប្រទេសជាតិរួមមាន ព្រឹត្តិការណ៍ខួបទី៤១ថ្ងៃបង្កើតរណសិរ្សសាមគ្គី សង្រ្គោះជាតិកម្ពុជា២ធ្នូ និងព្រឹត្តិការណ៍នៃខួបលើកទី៤១ ថ្ងៃជ័យជម្នះ ៧មករា ជាប្រវត្តិសាស្ត្រ ដែលបានរំដោះប្រជាពលរដ្ឋយើងចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពតផងដែរ។ 

ជាមួយគ្នានោះដែរ ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ក៏បានធ្វើការណែនាំដល់ថ្នាក់ ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ត្រូវបន្តយកចិត្តទុកដាក់ចុះពង្រឹងការងារដឹកនាំ និងការផ្តល់សេវាសាធារណៈឱ្យដល់មូលដ្ឋាន ដោយយើងមិនត្រូវស្កប់ស្កល់ និងជោគជ័យ ដែលយើងតែងទទួលបានកន្លងមកនោះទេ។

ឯកឧត្តមបានបន្តថា ត្រូវពង្រឹងផ្នែកនយោបាយ និងយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ក៏ដូចជាត្រូវយល់ពីសតិអារម្មណ៍ប្រជាពលរដ្ឋ ដូចសម្តេចប្រធានតែងពោលថា «យើងពង្រឹងចាស់ពង្រីកថ្មី»។

សូមបញ្ជាក់ថា  អគារស្នាក់ការគណបក្សប្រជាជនកម្ពុជានេះមានបណ្តោយ ១៧,៣០ ម៉ែត្រ និងទទឹង ៥,៧០ម៉ែត្រ សាងសង់លើផ្ទៃដីទំហំ ៨៤០ម៉ែត្រការ៉េ ប្រើប្រាស់ថវិការអស់ ប្រមាណ ៣២.០០០ ដុល្លារអាម៉េរិក៕

ដោយ ជួន សុជាតិ