រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំ ស្តីពីការពិនិត្យ លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២០-២០២២

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ — រសៀលថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ លោក ឈិន សេងងួន អភិបាលរងខេត្តព្រះសីហនុដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យ លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល ២០២០-២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ ជុំវិញខេត្ត ដើម្បីត្រួតពិនិត្យសេចក្តីព្រាងកម្មវិនិវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាល ខេត្តព្រះសីហនុ ជំពូកទី១ ស្តីពីស្ថានភាពទិន្នន័យសេដ្ឋកិច្ច សង្គមកិច្ចប្រចាំឆ្នាំ២០២០។

លោក ឈិន សេងងួន មានប្រសាសន៍ថា ខេត្តព្រះសីហនុ មានវិស័យសេដ្ឋកិច្ច សំខាន់ៗដូចជា វិស័យឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ និងវិស័យកសិកម្ម ដែលជា គោលដៅសម្រាប់ធ្វើការអភិវឌ្ឍខឿនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សក្តានុពលរួមមាន កំពង់ផែសមុទ្រទឹកជ្រៅ តំបន់សេដ្ឋកិច្ចពិសេស ព្រលានយន្តហោះអន្តរ ជាតិខេត្តព្រះសីហនុ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតប្រភពសត្តានុពល និងធនធានធម្មជាតិទាំងអស់នេះបាន និងកំពុងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចខេត្តព្រះសីហនុ មានការរីកចម្រើនជាលំដាប់ បច្ចុប្បន្ន បាន និងកំពុងអនុវត្តន៍ឱ្យបានសម្រេចនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ។ 

លោកអភិបាលរងខេត្តព្រះសីហនុបន្តថា តាមគោលនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា ប្រែក្លាយ អភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជា “តំបន់សេដ្ឋកិច្ចគំរូពហុបំណង” ធ្វើឱ្យ ខេត្តទេសចរណ៍មាត់សមុទ្រមានឈ្មោះ ជាទីក្រុងឧស្សាហកម្មបៃតងអាស៊ាន យ៉ាងយូរ នៅត្រឹមឆ្នាំ២០២៥។ អនាគតខេត្តព្រះសីហនុ ដែលបច្ចុប្បន្នជា “តារារះនាទិសនារតី” និងក្លាយទៅជាគោលដៅគន្លឹះជាក់ស្តែង៤ សម្រាប់ជំរុញការអនុវត្តគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ខេត្តព្រះសីហនុជាប៉ូលសេដ្ឋកិច្ច សំខាន់ និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍រីកចម្រើនប្រកបដោយ ចីរភាព និងមានតុល្យភាពខាងបរិស្ថាន។ ពង្រឹងការអនុវត្តគោលនយោបាយយុទ្ធសាស្ត្រ ចតុកោណតំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ជាស្នូលយុទ្ធ សាស្ត្រចតុកោណ ដើម្បីបង្កើនល្បឿន នៃការកែទម្រង់អភិបាលកិច្ចល្អ។

សូមរម្លឹកថា ខេត្តព្រះសីហនុ មានក្រុងចំនួន២ និងស្រុកចំនួន៣ ៕

ដោយ ងូ សុមុនី