អាជ្ញាធរជាតិអប្សរាមានគម្រោងអភិរក្ស និងអភិវឌ្ឍន៍ ដោយលើកតម្លៃកំណាត់ផ្លូវបុរាណឱ្យក្លាយជាបេតិកភណ្ឌរស់

AKP សៀមរាប ថ្ងៃទី០​៦ ខែមករា ឆ្នាំ២០២០ — ផ្លូវបុរាណមួយខ្សែដែលតភ្ជាប់រាជធានីពីរនៅសម័យអង្គរ គឺរាជធានីយសោធរ(អង្គរ) និងរាជធានីហរិហរាល័យ(រលួស) ដែលស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទ បាគង ខេត្តសៀមរាប ត្រូវបានអាជ្ញាធរជាតិអប្សរាបានធ្វើកំណាយស្រាវជ្រាវហើយចាប់ពី ថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩កន្លងមកនេះ។ ក្រោយពីកំណាយស្រាវជ្រាវ ឃើញរចនាសម្ព័ន្ធផ្លូវបុរាណនេះហើយ អាជ្ញាធរជាតិអប្សរានឹងពិចារណាក្នុងការលើកគម្រោង អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីលើកតម្លៃកំណាត់ផ្លូវបុរាណនេះឡើងវិញឱ្យ ក្លាយជាបេតិកភណ្ឌរស់។

លោកបណ្ឌិត ឈាន រដ្ឋា ប្រធានស្តីទីនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរនៃ អាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវ នឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០នេះថា ការធ្វើកំណាយស្រាវជ្រាវរចនាសម្ព័ន្ធ ផ្លូវបុរាណពីតំ បន់អង្គរទៅតំបន់រលួសនេះ គឺក្នុងគោលបំណងប្រៀបធៀបទៅនឹងរចនាសម្ព័ន្ធ នៃផ្លូវបុរាណ ដទៃទៀតដែលស្ថិតនៅទីតាំងផ្សេង ក៏ដើម្បីលើកតម្លៃផ្លូវ ស្ពានបុរាណ និងសំណង់ បុរាណ ដែល នៅតាមបណ្តោយផ្លូវទាំងនោះ ឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយដែរ។

លោកបណ្ឌិត រដ្ឋា បានឱ្យដឹងទៀតថា ក្នុងការស្រាវជ្រាវឱ្យបានច្បាស់អំពីរចនាសម្ព័ន្ធ ផ្លូវបុរាណ ក្រុមការងារបានចុះសិក្សាសម្រង់ប្លង់ វាស់វែង និងបើករណ្តៅកំណាយចំនួន៥ ដើម្បីដឹងពីបច្ចេកទេសនៃការសាងសង់ផ្លូវរបស់បុព្វបុរសខ្មែរ។ ជាលទ្ធផលស្រាវជ្រាវបង្ហាញ ថា ផ្លូវបុរាណនេះកសាងឡើងដោយការចាក់បង្ហាប់ដីមានបីស្រទាប់ គឺស្រទាប់ក្រោមប្រើ ល្បាយដីខ្សាច់ជាមួយដីឥដ្ឋ ស្រទាប់កណ្តាលប្រើល្បាយកម្ទេចថ្មបាយក្រៀម ដីខ្សាច់ និង ដីឥដ្ឋ និងស្រទាប់ខាងលើបង្អស់ជាល្បាយដីឥដ្ឋលាយជាមួយដីខ្សាច់ភាគច្រើន។ ផ្លូវដែល បានស្រាវជ្រាវឃើញនេះមានទំហំសរុបចន្លោះពី៥៦ទៅ៦៦ម៉ែត្រ ដោយចែកជាទ្រូង ផ្លូវទំហំ ពី៣០ទៅ៤០ម៉ែត្រ ជើងទេរ៣ម៉ែត្រសងខាង មានប្រឡាយទឹកប្រវែងពី៧ទៅ១០ម៉ែត្រ អមសងខាង។ ក្រៅពីលទ្ធផលបានពីកំណាយខាងលើ តាមរយៈការវាស់វែងលើទីតាំងផ្សេងៗ គ្នានៅលើកំណាត់ផ្លូវបុរាណនេះឃើញថា ជាទូទៅផ្លូវមានទំហំសរុបចន្លោះពី៧០ ទៅ១០០ ម៉ែត្រ គិតទាំងប្រឡាយអមសងខាងផ្លូវផង ដោយឡែកនៅជិតនឹងគល់ស្ពានតួ ផ្លួវមាន ទំហំរួមតូចចន្លោះពី៥៦ទៅ៦៦ម៉ែត្រ។

លោក សួម សុភា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរ បានបញ្ជាក់ថា ចំពោះសម័យកាលនៃការសាងសង់ស្ពានគឺមិនដឹងច្បាស់ទេ តែបើយោង តាមព្រឹត្ដិការណ៍ប្រវត្តិសាស្ត្រ ផ្លូវបុរាណមួយខ្សែនេះអាចធ្វើក្នុងសម័យកាល២។ ទី១.សម័យ ព្រះបាទយសោវរ្ម័នទី១ ដែលព្រះអង្គបានគ្រងរាជ្យនៅឆ្នាំ៨៨៩ ដល់៩១០ នៃគ.ស. ព្រះអង្គ បានប្តូររាជធានីពីរលួសទៅកសាងរាជធានីថ្មីនៅតំបន់អង្គរ ហៅថា «យសោធរ» ដែលមាន ភ្នំបាខែងជាចំណុចកណ្តាល។ ក្រោយមកក្នុងឆ្នាំ៨៩៣ ព្រះអង្គក៏បានត្រឡប់​មកកសាង ប្រាសាទលលៃ ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ព្រះអង្គ។ ទី២. ប្រហែលជាកសាងបន្ថែម ទៀតនៅសម័យព្រះបាទជ័យវរ្ម័នទី៧ ដែលព្រះអង្គបានគ្រង​រាជ្យនៅឆ្នាំ១១៨១ដល់១២១៨ នៃគ.ស។ ផ្លូវ និងស្ពានបុរាណមួយនេះ គឺធ្វើឡើងដើម្បីធ្វើ​ដំណើរឆ្លងកាត់សម្រាប់ ភ្ជាប់ពីអង្គរ ទៅរលួស។

ស្ពាននេះជាសំណង់ធារាសាស្ត្រមួយស្ថិតនៅលើផ្លូវបុរាណប្រវែងប្រហែល១២គីឡូម៉ែត្រដែលនៅសល់ដល់បច្ចុប្បន្ន ហើយស្ពាននេះគឺជាផ្នែកមួយនៃរចនាសម្ព័ន្ធផ្លូវបុរាណនីមួយៗ ដែលតែងតែមានប្រឡាយទឹកអមសងខាងផ្លូវ និងមានទីតាំងទួលមនុស្សរស់នៅស្រះទឹក ប្រាសាទ សាលាសំណាក់ មន្ទីរព្យាបាលរោគនៅតាមបណ្តោយដងផ្លូវ៕

ដោយ ហង្ស សៀក