អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំគណៈប្រតិភូទៅរំលែកទុក្ខ ដល់គ្រួសារសព ​ដែលរងគ្រោះថ្នាក់បាក់អគារនៅខេត្តកែប

AKP បន្ទាយមានជ័យ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ — នាព្រឹក​ថ្ងៃ​ចន្ទ ១២​កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព​.​ស​. ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ មករា ឆ្នាំ២០២០នេះ អភិបាលខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត បានដឹកនាំគណៈប្រតិភូមានសមាជិកព្រឹទ្ធសភារដ្ឋសភាក្រុម ប្រឹក្សាខេត្តគណៈអភិបាល​ខេត្ត​ ​មន្ត្រីរាជការ នាំយក​បច្ច័យ និង​ទេយ្យទានចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ ជាមួយ​ក្រុមគ្រួសារ​សព​កម្មករសំណង់​ ដែល​រងគ្រោះចំនួន៤នាក់ នៅភូមិដង ត្រាង ឃុំចំណោម ស្រុកមង្គលបូរី ដោយសារ​បាក់​អគារ​សង្កត់​ស្លាប់នៅ​ខេត្ត​កែប កាលពី​ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កន្លងទៅ។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ករណីដួលរលំអគារនៅខេត្តកែបនៅរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បណ្តាឱ្យប្រជាពលរដ្ឋរងគ្រោះសរុប៥៩នាក់ ស្រី២២នាក់ ក្នុង នោះបាត់បង់ជីវិតចំនួន៣៦នាក់ ស្រី១៤នាក់ និងរបួសចំនួន ២៣នាក់ ស្រី០៨នាក់។ ដោយ ឡែក ​ខេត្តបន្ទាយមានជ័យចំនួន៩នាក់ (ស្រី២នាក់) ក្នុងនោះបាត់បង ជីវិត៤នាក់ (ស្រី១នាក់) និងរបួស៥នាក់ (ស្រី១នាក់)។ ​

ក្នុង​មរណទុក្ខ​ដ៏​ក្រៀមក្រំ​ក្តុកក្តួល​ក្រៃលែង​នេះ​​ ​ ​ឯកឧត្តម អ៊ុំ រាត្រី​​​ បាន​នាំនូវ​ប្រសាសន៍​ របស់​ស​ម្ដេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ចូលរួម​សោកស្តាយ និង​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយក្រុមគ្រួសារ​សព ដែល​ត្រូវ​បាត់បង់​ប្តី ភរិយា និងកូនៗ​ជាទី​ស្រឡាញ់​ស្មើ​កែវភ្នែក ដែល​កំពុង​ស្រឡាញ់​ពេញ​បេះដូង ក៏ដូចជា​បាត់បង់​នូវ​ធនធានមនុស្ស​ដ៏​មាន​សារៈសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។ ​ក្នុងករណីនេះ​ពិតជា​ក្តុកក្តួល​ក្រៃលែង​ដែល​ក្រុមគ្រួសារ​នេះ​បាន​ខិតខំ​ធ្វើការ​ហើយ​ជួប​រឿងអកុសល​បែបនេះឯកឧត្តមរួមនឹងគណៈប្រតិភូ ​​សូម​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព បាន​ទៅ​ឋាន​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ។​

​ ក្រុមគ្រួសារ​សព​បាន​សម្តែង​ក្តីរំភើប និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​រាល់​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋមិន​ថា ​ក្នុង​កាលៈ ទេសៈ​ឬ​ពេលវេលា​ណាមួយ​ឡើយ និង​សូម​គោរព​ជូនពរ​សម្តេចតេជោ មាន​សុខ​ភាពល្អ​បរិបូរណ៍ មាន​ជន្មាយុ​យឺនយូរ ដើម្បី​ដឹកនាំ​ការងារ​មនុស្សធម៌​បន្តទៀត។​

ជាមួយការរំលែកទុក្ខនោះឯកឧត្តម អ៊ុំ រាត្រី និងគណៈប្រតិភូ​បាននាំយកថវិកា រដ្ឋបាលខេត្ត ២លានរៀល សាខាកាកបាទក្រហមកម្ពុជាខេត្ត ២លានរៀល ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា ១០០ដុល្លារ ឯកឧត្តម អន ស៊ុំ សមាជិកព្រឹទ្ធសភា ១០០ដុល្លារ ឯកឧត្តម អ៊ី ឡុង សមាជិករដ្ឋសភា ១០០ដុល្លារ គណៈចលនាស្ត្រីគណបក្សខេត្ត ១លាន ៥សែនរៀល ​និងមានសម្ភារៈគ្រឿងឧបភោគមួយចំនួនទៀតផង​៕

ដោយ ឈុន សារ៉ាត