អាជ្ញាធរស្រុកបន្ទាយស្រី កំពុងជំរុញឱ្យមានសេវាកម្មជិះទូកកម្សាន្តនៅតាម ដងស្ទឹងបន្ទាយស្រី ដើម្បីទាញយកចំណូល​ជូនដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ

AKP សៀមរាប ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ — លោក ឃឹម ហ្វីណង់ អភិបាល​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​ថ្លែង​ប្រាប់នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ២០២០នេះថា ដើម្បីទាញយកចំណូល​ពីវិស័យទេសចរណ៍ជូនដល់ ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ អាជ្ញាធរស្រុកកំពុងតែជំរុញឱ្យសហគមន៍ទេសចរណ៍បឹងឈូក បន្ថែមសេវាកម្មទេសចរណ៍ថ្មីមួយទៀត គឺការជិះទូកកម្សាន្តនៅតាមដងស្ទឹងបន្ទាយស្រី ដែលសេវាកម្មថ្មីនេះ នឹងផ្តល់ប្រាក់ចំណូល​បន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដើម្បីរួមចំណែកកាត់បន្ថយភាព​ក្រីក្រ និង​ការ​ធ្វើ​ចំណាកស្រុករបស់ប្រជាពលរដ្ឋ។

លោកបាន​បន្តថា សម្រាប់​សេវាកម្មជិះទូក​កម្សាន្ត​តាម​ដង​ស្ទឹង​បន្ទាយស្រី​ គឺដំណើរ ការបានតែពេលរដូវប្រាំង​ប៉ុណ្ណោះ ដោយសារតែនៅរដូវស្សាវទឹកនៅក្នុងស្ទឹងនេះឡើងខ្ពស់ ហូរខ្លាំង ដែលមិនអាចឱ្យអុំទូកបាន​ខ្លាចមានគ្រោះថ្នាក់។

លោក ឃឹម ហ្វីណង់ បាន​បញ្ជាក់ថា ស្រុក​បន្ទាយស្រី​ គឺជាស្រុក​មួយដែលមាន​សក្តានុពលទេសចរណ៍​ជាច្រើន​ ប៉ុន្តែមានតំបន់មួយចំនួនត្រូវបានរៀបចំ និងកែច្នៃឱ្យដំណើរ ការផ្តល់សេវាទេសចរណ៍ និង​មាន​មួយចំនួនទៀត​មិនទាន់​បាន​ដំណើរការ ដោយ​អាជ្ញាធរ​ស្រុក​កំពុងតែ​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យសហគមន៍ ឬអ្នកវិនិយោគបាន​ឃើញ និងចាប់អារម្មណ៍ ធ្វើការវិនិយោគអភិវឌ្ឍន៍តំបន់ទាំងនោះសម្រាប់ទាក់ទាញភ្ញៀវទេសចរ។

លោកបន្តថា គោលដៅចម្បងរបស់អាជ្ញាធរស្រុកបន្ទាយស្រី​បច្ចុប្បន្ននេះ គឺចង់ទាក់ ទាញភ្ញៀវទេសចរឱ្យស្នាក់នៅស្រុកបន្ទាយស្រីឱ្យបានយូរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋនៅក្នុងតំបន់ នេះទទួលបាន​ប្រាក់ចំណូលដោយផ្ទាល់ពីវិស័យទេសចរណ៍ ខណៈបច្ចុប្បន្ននេះភ្ញៀវទេសចរ ដែលទៅកម្សាន្តស្រុកបន្ទាយស្រីមិនបាន​ស្នាក់នៅទីនោះទេ គឺពួកគេទៅកម្សាន្ត ហើយមក ស្នាក់នៅក្នុងក្រុងសៀមរាបវិញ៕

ដោយ ឃុត សៅ