រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នាថ្ងៃ​ទី១០ ខែមករាខាងមុខ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ — រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹងរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (AIRPEX19)​ប្រចាំឆ្នាំ ក្រោមប្រធានបទ៖ ការសង្គ្រោះចំណាប់ខ្មាំងលើយន្តហោះ ដែលប្រព្រឹត្តទៅនៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះបើយោងតាម​សេចក្ដី​ជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

ក្នុងសេចក្ដីជូនដំណឹងបានគូសបញ្ជាក់ថា រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល នឹង​រៀប​ចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំមួយដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ខែមករា ឆ្នាំ២០២០ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមប្រធានបទ៖ ការសង្គ្រោះចំណាប់ខ្មាំងលើ​យន្តហោះ ដោយមានការចូលរួមពីស្ថាប័ន កងកម្លាំងប្រដាប់អាវុធ រួមទាំងមានយន្តហោះ, រថយន្តអគ្គីភ័យរថយន្តពេទ្យ និងរថយន្តដឹកកងកម្លាំងប្រដាប់អាវុធ។ល។ ដូចនេះ ដើម្បីបង្ក​លក្ខណៈងាយស្រួលក្នុងកិច្ចប្រតិបត្តិការឱ្យបានរលូន និងទទួលបានជោគជ័យ និងដើម្បីកុំឱ្យ​សាធារណៈជនមានការភ័ន្ទច្រឡំពីព្រឹត្តិការណ៍ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ។

ក្រៅពីនេះ យោងអនុសាសន៍ណែនាំរបស់អង្គការអាកាសចរស៊ីវិលអន្តរជាតិ តម្រូវ​ឱ្យរដ្ឋជាសមាជិករៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ នៅរៀងរាល់ពីរឆ្នាំម្តងនៅក្នុង និង​ជុំវិញបរិវេនអាកាសយានដ្ឋាន។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក៏ស្នើសុំដល់ក្រសួងព័ត៌មាន មេត្តា​​ជួយអន្តរាគមន៍ ផ្សព្វផ្សាយព័ត៌មាននេះតាមរយៈវិទ្យុ និងទូរទស្សន៍ ទាំងអស់​ជូន​សាធារណជនឱ្យបានជ្រាប និងឱ្យបាន​មុនថ្ងៃធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale AirportEmergency Exercise) នៅថ្ងៃ​ទី១០ខែមករា ឆ្នាំ២០២០ នៅអាកាសយានដ្ឋាន​អន្តរ​ជាតិភ្នំពេញខាងមុខផងដែរ៕

ដោយ រិទ្ធី