សភាកម្ពុជាចង់ឃើញបង់ក្លាដែស ជួយដោះស្រាយជាមួយមីយ៉ាន់ម៉ារឿងការហូរចួល ជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ាមកប្រទេសខ្លួន

AKPភ្នំពេញ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ — អនុប្រធានទី១រដ្ឋសភាកម្ពុជាបានលើកឡើងថា សភាកម្ពុជាចង់ឃើញការដោះស្រាយ​រវាង​ប្រទេសបង់ក្លាដែស ជាមួយប្រទេសមីយ៉ាន់ម៉ាពាក់ព័ន្ធនឹងការហូរចូលរួមជន​អន្តោប្រវេសន៍​រ៉ូហ៊ីងយ៉ា​នៅក្នុងប្រទេសបង់ក្លាដេសដោយសន្តិភាព។ ការឡើងរបស់ឯកឧត្ដមអនុប្រធានទី១​រដ្ឋសភា​កម្ពុជានេះ​ ក្នុងខណៈពេលអនុញ្ញាតឱ្យប្រតិភូគណៈកម្មាធិការអចិន្ត្រៃ យ៍កិច្ចការ​បរទេស​​​នៃសភា បង់ក្លាដែស ចូលរួមពិភាក្សាការងារ​ កាលពីព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។

ឯកឧត្ដម ងួន ញ៉ិល​ អនុប្រធានទី១ រដ្ឋសភាបានមានប្រសាសន៍ថា កម្ពុជាសង្ឃឹមថា​បង់ក្លាដែសនិងមីយ៉ាន់ម៉ា នឹងបន្ដដោះស្រាយដោយសន្តិវិធីចំពោះបញ្ហាជនអន្តោប្រវេសន៍​នេះ។ ឯកឧត្ដមបានបញ្ជាក់ថា “ចំពោះជំហរកម្ពុជារឿងអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ា​ចូលរស់នៅ​បង់ក្លាដែសនោះ យើងខ្ញុំសង្ឃឹមទុកជាមុន ភាគីទាំងពីរ នឹងបើកិច្ចប្រជុំចរចាដោយសន្តិវិធី​ទ្វេភាគី ហើយសម្រេចបានតាមសំណូមពររៀងៗខ្លួន”។

ឯកឧត្ដមអនុប្រធានទី១បានបន្ដថា​សភាកម្ពុជាគាំទ្រយ៉ាងពេញទំហឹងក្នុងការផ្តួចផ្តើម​ឱ្យមាន​កិច្ចចរចាទ្វេ​ភាគីដោយសន្តិភាពនេះ។ ទន្ទឹមនេះ ឯកឧត្ដមក៏បានស្នើឱ្យប្រទេស​បង់ក្លាដែស ​កៀរគរភ្ញៀវទេសចរ​មកទស្សនាកម្ពុជាឱ្យបានច្រើន ព្រោះថាកម្ពុជាមានសន្តិភាព​ពេញលេញ និងសក្តានុពលយ៉ាងខ្លាំង ក្នុងវិស័យទេសចរណ៍។ ចំពោះវិស័យសេដ្ឋកិច្ច និង ពាណិជ្ជកម្មវិញ សភាកម្ពុជាក៏សង្ឃឹមថា សភាបង់ក្លាដែស នឹងជួយជំរុញអ្នកវិនិយោគ​មក​កម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ ជាមួយគ្នានេះ កម្ពុជាក៏សម្បូរដោយកម្លាំងពលកម្មវ័យក្មេង ដែលក្នុងនោះ មនុស្សមានអាយុប្រហែល៣២ចុះ គឺមានប្រហែលជា៧២ភាគរយនៃប្រជាជន​សរុប។

ឯកឧត្ដម Muhammad Faruk Khan ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ច​ការបរទេស នៃសភាបង់ក្លាដែសប្រចាំនៅកម្ពុជាបានលើកឡើងថា គោលបំណងនៃដំណើរ​ទស្សនកិច្ចរបស់គណៈប្រតិភូមកកម្ពុជានៅពេលនេះគឺដើម្បីពង្រឹងភាពទាក់ទងទ្វេភាគីជាមួយកម្ពុជា ក្នុងក្របខ័ណ្ឌសភានិងសភា។ ឯកឧត្ដមបានបន្ថែមថា “ប៉ុន្តែខ្ញុំសូមជម្រាបជូន​នៅ​បញ្ហាមួយគឺការហូរចូលនូវជនអន្តោប្រវេសន៍យ៉ាងសន្ធឹកសន្ធាប់ មកប្រទេស​បង់ក្លាដែស។ បច្ចុប្បន្ននេះមានជនអន្តោប្រវេសន៍រ៉ូហ៊ីងយ៉ាជាង១,១លាន នាក់បានភៀសខ្លួនមករស់នៅក្នុង​ប្រទេសបង់ក្លាដែស។” ឯកឧត្ដមបានលើកឡើងថា យើងក៏បានពិភាក្សាជាមួយប្រទេស​ជាមិត្ត​ជិតខាងគ្នា ស្នើសុំឱ្យប្រទេសនោះជួយជនភៀសខ្លួនទៅប្រទេសមីយ៉ាន់ម៉ាវិញដោយ ប្រសិទ្ធ​ភាព និងសន្តិភាពផងដែរ។ ឯកឧត្ដមបានគូសញ្ជាក់ថា “ខ្ញុំពិតជាមានការឱ្យ​តម្លៃប្រសិន​ប្រទេស​កម្ពុជា មានជំហរណាមួយធ្វើឱ្យមីយ៉ាន់ម៉ា និងបង់ក្លាដែស​ដោះស្រាយបញ្ហាជន​ភៀស​ខ្លួន រ៉ូហ៊ីងយ៉ាត្រឡប់ទៅប្រទេសខ្លួនដោយសន្តិភាព”។

ឯកឧត្ដមប្រធានគណៈកម្មាធិការបានបន្ដទៀតថា បង់ក្លាដែស នឹងសប្បាយចិត្តផងដែរ​ប្រសិនបើមានការចរចាណាមួយឆាប់ៗនេះ ដើម្បីឱ្យជនរ៉ូហ៊ីងយ៉ា(ជនអន្តោប្រវេសន៍)ទៅស្រុក​កំណើតវិញឆាប់ៗ។ ទន្ទឹមនេះ កម្ពុជា និងបង់ក្លាដេស ជាមិត្តជាមួយមីយ៉ាន់ម៉ាដែរ ដូច្នេះ ប្រទេសបង់ក្លាដែសសង្ឃឹមថា កម្ពុជានឹងជួយសម្របសម្រួលជាមួយមី យ៉ាន់ម៉ាដើម្បីធ្វើ​យ៉ាង​ណាឱ្យជនរ៉ូហ៊ីងយ៉ា ត្រឡប់ទៅប្រទេសដើម្បីរស់នៅប្រកបដោយសន្តិភាព និងដោយ សេចក្ដីថ្លៃថ្នូរ។ ឯកឧត្ដម Muhammad Faruk Khan បានលើកឡើងដែរថា ទស្សនកិច្ច របស់​គណៈប្រតិភូនៅកម្ពុជាគឺស្របពេលដែលកម្ពុជាប្រារព្ធទិវាជ័យជម្នះ ៧មករា ខួបលើកទី៤១ ខណៈពេលនោះ ប្រតិភូបង់ក្លាដែសក៏បានចួលរួមក្នុងទិវានេះផងដែរ។

ឯកឧត្ដមបានរម្លឹកដែរថា សភាកម្ពុជា និងសភាបង់ក្លាដែសមានទំនាក់ទំនងយ៉ាងជិត ស្និតជាមួយគ្នា ហើយប្រធានសភាបង់ក្លាដែសក៏ធ្លាប់មកទស្សនកិច្ចនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះដែរ បង់ក្លាដែស និងកម្ពុជាមានទំនាក់ទំនងជាមួយគ្នាយូរមកហើយ ដែល​កន្លងមកនេះក៏មានដំណើរទស្សនកិច្ចរវាងមន្ត្រី ថ្នាក់ដឹកនាំ ក៏ដូចជាថ្នាក់នាយករដ្ឋមន្ត្រី​ផងដែរ៕

ដោយ ប៊ុនរិទ្ធ