​ក្រុមហ៊ុន​វិមាន​ខ្សាច់ ​ស​ ចេញ​សេចក្តីថ្លែងការណ៍​ស្រាយ​បំភ្លឺអំពីការ​ចរចា​រក​ដំណោះស្រាយ​ទាក់ទងនឹង​ជម្លោះ​ការងារជាមួយកម្មករ នៅខេត្ដព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០– ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​បានចេញ​សេចក្តីថ្លែងការណ៍ដើម្បី​ស្រាយ​បំភ្លឺ​ក៏ដូចជា​បើក​ការចរចា​ស្វែងរក​ដំណោះស្រាយ​មួយ​ល្អប្រសើរ ទាក់ទងនឹងជម្លោះការងារជាមួយកម្មករ នៅក្នុង​ខេត្ដព្រះសីហនុ​។

​ក្រុមហ៊ុន​វិមាន​ខ្សាច់​សបាន​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា​ ​ក្រុមហ៊ុន​វិមាន​ខ្សាច់​សចាប់តាំងពី​បើក​ដំណើរការ​មកដល់​ពេល​បច្ចុប្បន្ននេះ​មិនដែល​ធ្លាប់បាន​ជំពាក់​ប្រាក់​បៀ​វត្សរ៍​​បុគ្គលិក​សូម្បី​មួយ​កាក់​មួយ​សេន​ឡើយ​។​ ក្រុមហ៊ុន​បាន​បន្តថា ​ឆ្នាំ​ថ្មី​ទើបបាន​ចាប់ផ្តើម​ក្រុមហ៊ុន​វិមាន​ខ្សាច់​ស ​កំពុងធ្វើការ​កំណែ​ទម្រង់​លទ្ធផល​ការងារ​របស់​បុគ្គលិក​ឱ្យមាន​លក្ខណៈ​​ល្អប្រសើរ​ជាង​មុន​ធ្វើយ៉ាងណា​ដើម្បីឱ្យ​បុគ្គលិក​ឆ្នើម​កាន់តែ​មាន​ភាព​រីកចម្រើន​ហើយ​ទទួល​បានការ​តបស្នង​កាន់តែ​ប្រសើរ​ពី​ក្រុមហ៊ុន​។​

ស្របពេល​កំពុង​ធ្វើកំណែទម្រង់​លទ្ធផល​ការងារ​របស់​បុគ្គលិក​ឱ្យមាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង​មុន​នោះ មាន​បុគ្គលិក​មួយចំនួន​ដែល​មិនបាន​យល់​ពី​ស្ថានភាព​ជាក់ស្តែង ​ឬ​ត្រូវ​បាន​ជន​មួយចំនួន​ញុះ​ញ៉ុ​ង​ឱ្យ​ប្រព្រឹត្ត​សកម្ម​ភាពមិនប្រក្រតី​មួយចំនួន​។​ ក្រុមហ៊ុន​វិមាន​ខ្សាច់​ស បាន​អញ្ជើញ​មន្ត្រី​ពាក់ព័ន្ធ​មកពី​មន្ទីរ​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ​ខេត្ត​ព្រះ​សី​ហ​នុ ជួប​ជា​មួយ ក្រុម​តំណាង​បុគ្គលិក ដើម្បី​អង្គុយ​ចរចា​រក​ដំណោះស្រាយ​។​ ក្រុមហ៊ុន វិមាន​ខ្សាច់ ស ក៏សូម​សំណូមពរ​ដល់​បុគ្គលិក​គ្រប់រូប​ឱ្យ​ឈរលើ​មា​គ៌ា​នៃ​ច្បាប់​ការងារ បូកផ្សំ​ជាមួយ​ស្ថានភាព​ជាក់ស្តែង​ដែល​ក្រុមហ៊ុន​កំពុង​ប្រឈមមុខ​ធ្វើការ​ពិចារណា​ដើម្បី​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី​។​ ក្រុមហ៊ុន​វិមាន​ខ្សាច់​ស ​ធានា​ចរចា ​ដោះស្រាយ​បញ្ហា​ដោយ​ស្មើភាព ​យុត្តិធម៌​និង​សម​ហេតុផល​។​ ប៉ុន្តែ​ចំពោះ​បុគ្គល​មួយចំនួន​តូច​ដែល​មានបំណង​ប្រើ​គ្រប់​ឧបាយកល​ដើម្បី​បង្ខូច​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន វិមាន​ខ្សាច់​ស​នោះ​ក្រុមហ៊ុន​នឹង​ចាត់វិធានការ​តាមច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​សូម​ប្រកាស​ជា​ផ្លូវ​ការ​ថា ​ក្រុមហ៊ុន​គោរព​តាមច្បាប់​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ​ហើយ​គោរព​ថ្លែងអំណរគុណ​ដល់​បុគ្គលិក​ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​គ្រប់រូប​ដែល​តែងតែ​លះបង់​កម្លាំង​ញើស​ឈាម​ធ្វើការ​គាំទ្រ​ក្រុមហ៊ុន​តាំងពីដើម​មក​។ ​ឆ្លង​តាមរយៈ​ហេតុ​ការណ៍​ដែល​បានកើត​ឡើង​លើក​នេះ​ក្រុមហ៊ុន​វិមាន​ខ្សាច់​សបាន​ខ្នះខ្នែង​ចាត់​វិធានការ ​ចរចា​ពិភាក្សា​ជាមួយនឹង​បុគ្គលិក​របស់​ក្រុមហ៊ុន​។​ ទន្ទឹមនេះ បុគ្គលិក​មួយចំនួន​បាន​ឈ្វេង​យល់ដឹង​អំពី​ទង្វើ​មិន​គប្បី​របស់ខ្លួន ​ហើយ​បាន​រំសាយ​ការយល់ច្រឡំ​មកលើ​ក្រុមហ៊ុន​ព្រមទាំង​យល់​ព្រម​ចូលធ្វើការ​វិញ​តាម​ធម្មតា​ឡើងវិញ​។ ​រីឯ​បុគ្គលិក​មួយចំនួនទៀត​ដោយ​មិន​គាំទ្រ ​និង​មិន​ព្រម​យល់​ពី​ស្ថានភាព​ជាក់ស្តែង​ដែល​ក្រុមហ៊ុន​កំពុង​ប្រឈមមុខ​នោះ​ក៏បាន​មូលមតិ​ជា​ឯក​ច្ឆ័​ន​បំពេញបែបបទ​ធ្វើការ​លាឈប់​ពី​ការងារ​ដោយ​សន្តិវិធី​។​

ក្រុមហ៊ុន​វិមាន​ខ្សាច់​ស​ក៏​សូម​ថ្លែងអំណរគុណ​ដល់​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ដែល​តែងតែ​យកចិត្តទុកដាក់​និង​គាំទ្រ​ដល់​ក្រុមហ៊ុន​ ហើយ​ក្រុមហ៊ុន​វិមាន​ខ្សាច់​សនឹង​ទទួល​ស្វាគមន៍​បម្រើ​នូវ​សេវាកម្ម​ដ៏​ល្អ​និង​ស្មោះត្រង់​ដល់​ភ្ញៀវកិត្តិយស​ជានិច្ច​៕

ដោយ រិទ្ធី