លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ អរគុណសន្តិភាព ធ្វើឱ្យវិស័យឯកជនបានចូលរួម​ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលដ្ឋាន

AKP ស្វាយរៀង ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ — លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានអរគុណសន្តិភាព ហើយមានសន្តិ​ភាពគឺបាន​ផ្ដល់​​ឱកាសសម្រាប់ធ្វើឱ្យប្រជាពលរដ្ឋខ្មែរបានជួបជុំគ្នាសប្បាយរីករាយ និងមានការអភិវឌ្ឍ​ដូច​សព្វថៃ្ងនេះ។ ការលើកឡើងរបស់លោកជំទាវនេះ ក្នុងពិធីបើកការដ្ឋានសម្ពោធផ្លូវ​បេតុង​ប្រវែង១,១១០ម ចំណាយថវិកាអស់១២៥,៧៩០ដុល្លារ ដែលតភ្ជាប់ពីវិទ្យាល័យ ហ៊ុន សែន សាមគ្គីដូនស ទៅដល់វត្តល្ងើនស្ថិតក្នុងឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃ​សៅរ៍ ១០កើត ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី​សំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រ​កម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូន​ដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកស្វាយជំ ខេត្ដស្វាយរៀងទាំងមូល។ លោកជំទាវ​កិត្តិ​សង្គហបណ្ឌិតក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពបច្ចុប្បន្ន ដើម្បីពន្លឿន​វឌ្ឍនភាពនៃការអភិវឌ្ឍប្រទេសឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ស្របតាម​ផែនការយុទ្ធ​សាស្ត្រ អភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល​កម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថា ផ្លូវថ្មីនេះ​នឹងចូលរួម​លើកស្ទួយ​មុខ​​មាត់ស្រុកស្វាយជ្រំ ដែលជាបេះដូងនៃខេត្តស្វាយរៀង។ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់វិស័យឯកជនដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្តស្វាយរៀង នាពេលនេះ ដែលមានលោកជំទាវឧកញ៉ា យូ លឹម និងលោកឧកញ៉ា សួង ធឿន និងសប្បុរជនជាច្រើននាក់ទៀតរួមគ្នាកសាងផ្លូវ មួយខ្សែនេះ ៕

ដោយ សួស សំរិត