ឯកឧត្តម ថោង ខុន៖ ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ បង្ហាញពីការរីកចម្រើន របស់កម្ពុជា ដែលជាសមិទ្ធផលនៃសន្តិភាព

AKP កោះកុង ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ — ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជាបានមានប្រសាសន៍ថា ការពិតនៃការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍​បានបង្ហាញ​ពីការរីកចម្រើនរបស់កម្ពុជា ដែលជាសមិទ្ធផលនៃសន្តិភាព។ នេះជាការលើកឡើង​របស់​ឯកឧត្តម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីព្រឹត្តិការណ៍​ប្រណាំង​កង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ នៅខេត្តកោះកុង។

ឯកឧត្តម ថោង ខុន បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលបានការឯកភាពគាំទ្រ​ពីប្រមុខ​រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ អនុញ្ញាត​ឱ្យក្រសួង​ទេសចរណ៍ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហការជាមួយសហព័ន្ធ​កីឡា​ប្រណាំងកង់ពិភពលោក និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំព្រឹត្តិការណ៍ប្រណាំង​កង់​ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ដែលប្រព្រឹត្តទៅពីថ្ងៃទី០៤​ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០។ ឯកឧត្ដមរដ្ឋមន្រ្ដីបន្ដថា រាជរដ្ឋាភិបាលកម្ពុជា​បានបង្កើតគណៈ​កម្មការ​អន្តរក្រសួងមួយ ដើម្បីរៀបចំនូវព្រឹត្តិការណ៍នេះ ក្នុងគោលបំណងដោយផ្តើម​ចេញពីគោល​នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យកម្ពុជាទទួល​បាននូវ​សុខសន្តិភាពពេញលេញ និងរីចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍បាននិង​កំពុងក្លាយជាសសរទ្រូងចម្បងជួយដល់ខឿនសេដ្ឋកិច្ចកម្ពុជា។ ឯកឧត្ដមបានលើកឡើងថា បច្ចុប្បន្ន តំបន់ឆ្នេរសមុទ្រកម្ពុជាបានក្លាយជាគោលដៅដ៏មានសក្តានុពល និងការទាក់​ទាញ​ទាំងការវិនិយោគទេសចរណ៍ និងទេសចរណ៍សម្រាកកម្សាន្ត ដែលពោរពេញទៅដោយ​សមិទ្ធផលទេសចរណ៍ដ៏សម្បូរបែប ពិសេសឆ្នេរខ្សាច់ កោះ ធនធានក្រោមសមុទ្រ តំបន់​អេកូទេសចរណ៍ និងតំបន់វប្បធម៌បេតិកភណ្ឌជាដើម។ ឯកឧត្តមមានប្រសាសន៍បន្ថែមថា តាម​ការពិត ការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ​ឡើងបានបង្ហាញពីការរីកចម្រើន​របស់​កម្ពុជា ដែលជាសមិទ្ធផលនៃសន្តិភាព។

ជាមួយគ្នានេះ ដើម្បីបង្កើនការផ្សព្វផ្សាយនូវផលិតផលទេសចរណ៍ និងសក្តានុពល​ទេសចរណ៍ ក៏ដូចជាបង្កើនភាពទាក់ទាញទេសចរណ៍ឱ្យភ្ញៀវទេសចរ​មកកម្សាន្តនៅតំបន់​ឆ្នេរសមុទ្រឱ្យកាន់តែច្រើន ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅកម្ពុជាជាយន្តការដ៏មាន​ប្រសិទ្ធភាព ប្រកបដោយភាពឆ្នៃប្រឌិត។ ចំពោះគោលបំណងដ៏សំខាន់មួយទៀត ត្រូវបាន​ឯកឧត្តមរដ្ឋមន្រ្ដីបានលើកឡើងថា ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាពង្រឹងគុណ​ភាព សមត្ថភាព សហព័ន្ធកីឡាទោចក្រយាន កម្ពុជាឱ្យកាន់តែល្អប្រសើរ ដើម្បីត្រៀមខ្លួនឱ្យ​បានល្អផងដែរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ នៅកម្ពុជា។ ឯកឧត្ដមបានចាត់ទុកថា  ការពង្រឹង​សមត្ថភាពសហព័ន្ធជំនាញកម្ពុជា ក៏ជាគោលដៅចម្បងនាថ្ងៃអនាគត ក្រោយឆ្នាំ២០២៣ ខាងមុខ ទៀតផង។ ឯកឧត្តម ថោង ខុន ក៏បានវាយតម្លៃខ្ពស់ចំពោះ​ការទទួលរៀបចំការ​ប្រណាំង​កង់ពិភពលោក លើកទី១ នៅកម្ពុជា ដែលនឹងផ្តល់នូវបទពិសោធន៍ជូនដល់សហព័ន្ធ​ជំនាញកម្ពុជា ក្រោមការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាប្រណាំងកង់ពិភពលោក ដោយ​អញ្ជើញ​ចូលរួមដោយផ្ទាល់ពីWayne Pomario ប្រធានស្នងការគ្រប់គ្រងព្រឹត្តិការណ៍​ប្រណាំង​កង់ពិភពលោក និងលោក Mister Bruno Bodard នាយកប្រតិបត្តិក្លឹបឆ្នេរខ្សាច់ស្រស់ស្អាត​បំផុតលើពិភពលោក។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជា លើកទី១ ឆ្នាំ២០២០ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃនេះ ដោយធ្វើការប្រណាំងឆ្លងកាត់៤ខេត្ត ដោយចាប់ចេញដំណើរពីខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប៕

ដោយ ហេង ណាលីន រូបថត៖ ខឹម សុវណ្ណារ៉ា