ចំនួនអ្នកស្លាប់ និងរបួសបានកើនឡើងដល់ ២៣នាក់ ក្នុងករណីបាក់រលំអគារនៅខេត្តកែប

AKP កែប ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ — រដ្ឋបាលខេត្តកែបបានឱ្យដឹងថា គិតត្រឹមម៉ោង ៥៖០០ នាទី ព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្រុម​ការ​ងារបានជួយសង្គ្រោះមនុស្សចេញពីគំនរបាក់បែក មានចំនួន ២៣នាក់ ក្នុងនោះស្លាប់ ៥​នា​ក់​ ក្នុងករណីបាក់រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៦ជាន់ ដែលមានទី​តាំ​ង​ស្ថិតនៅ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

យោងតាមសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា គិមកទល់ពេលនេះ សម្ដេចអគ្គ​ម​ហា​​​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយក្រុម​ការ​​ងារ​ចម្រុះ និងអាជ្ញាធរមូលដ្ឋាន កំពុងបន្តសកម្មភាពរុករក និងជួយសង្គ្រោះជនរង​គ្រោះ​ដែល​កំពុ​ងជាប់ក្នុងអគារបាក់បែកនៃការដ្ឋាន ដែលបានបាក់រលំកាលពីវេលាម៉ោង ៤ និង១៥នាទី កាលពីរសៀ​លថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។

គួររម្លឹកដែរថា កាលពីឆ្នាំ២០១៩កន្លងមក កម្ពុជាបានជួបប្រទះការបាក់រំលំអគារចំនួន​ពីរ​លើ​ក ដែលលើកទីមួយ​ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ អគារកម្ពស់៧ជាន់ ដែលកំពុង​សា​ង​ស​ង់ នៅខេត្តព្រះសីហនុ បានបាក់រលំ បណ្តាលឱ្យមនុស្សស្លាប់២៨នាក់ និងរបួស​២៦នាក់។ ​លើកទីពីរ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ មានករណី​បាក់​រលំ​អគារការដ្ឋាន​សាងសង់​សាលា​ធ​​ម្មសភា ដែល​កំពុង​សាងសង់ នៅ​វត្ត​ប្រាសាទ​គោកចក ដែល​មាន​ទីតាំង​នៅ​ក្នុង​ភូមិ​វាល ស​ង្កា​​​ត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ដែល​បណ្ដាល​ឱ្យ​មាន​ជន​រងគ្រោះ​សរុប​ចំនួន ១​៦​​​នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៣នាក់ផងដែរ៕

ដោយ ជឹម ណារី