ឯកឧត្តម ទៀ សីហា ចូលរួមក្នុងកិច្ចប្រជុំស្តីពី ទេសចរណ៍ប្រកបដោយនិរន្តរភាព រវាងរដ្ឋបាលខេត្តសៀមរាប និងវិនិយោគិនជាតិ-អន្តរជាតិ

AKP សៀមរាប ថ្ងៃទី០​៣ ខែមករា ឆ្នាំ២០២០ — នាព្រឹកថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ នៅសាលាខេត្តសៀមរាបមានបើកកិច្ចប្រជុំស្តីពី ទេសចរណ៍ប្រកបដោយ និរន្តរភាព រវាងរដ្ឋបាលខេត្តសៀមរាប និងវិនិយោគិនជាតិ-អន្តរជាតិ។ កិច្ចប្រជុំនេះត្រូវបាន ធ្វើឡើងបន្ទាប់ពីភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាបមានការធ្លាក់ចុះ២០ភាគរយ បើប្រៀប ធៀបទៅនឹងឆ្នាំ២០១៨កន្លងមក ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី នាយកសហព័ន្ធពាណិជ្ជកម្ម សិង្ហបុរី នៃទីចាត់ការពាណិជ្ជកម្មសកល(អាស៊ាន) រួមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាព ពាក់ព័ន្ធ រួមទាំងវិនិយោគិនជាតិ-អន្តរជាតិក្នុងខេត្ត។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចណ៍ខេត្តសៀមរាប បានបញ្ជាក់ពីស្ថានភាព ភ្ញៀវទេសចរ ដែលបានចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាបក្នុងឆ្នាំ២០១៩ ទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក  មានចំនួន ៤លាន២៦២ពាន់៣០៦នាក់ ដែលក្នុងនោះភ្ញៀវទេសចរ ជាតិមានចំនួន២លាន៥៦ពាន់៦០៩នាក់ និងភ្ញៀវទេសចរអន្តរជាតិមាន ២លាន២០៥ពាន់ ៦៧៩នាក់ ហើយចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មានការថយចុះ២០ភាគរយ។

នៅក្នុងកិច្ចពិភាក្សានៃអង្គប្រជុំនោះដែរ ក្រុមវិនិយោគិន ក៏បានលើកឡើងអំពីបញ្ហា ប្រឈមមួយចំនួន ដែលពាក់ព័ន្ធទៅនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរនៅខេត្តសៀមរាប ព្រមទាំងការឈប់ធ្វើអាជីវកម្មរបស់សណ្ឋាគារមួយចំនួនផងដែរ។ ដើមី្បធ្វើ ឱ្យភ្ញៀវទេសចរ ប្រកបដោយនិរន្តរភាព នៅខេត្តសៀមរាប  ក្រុមវិនិយោគិនដោយ បានផ្តោតទៅលើបញ្ហា ទេសចរណ៍វប្បធម៌ , បរិស្ថាន ផ្លូវថ្នល់ អនាម័យ ឱ្យប្រកបដោយនិរន្តរភាព និងបញ្ឈប់នូវភាព ព្រងើយកន្តើយរបស់មន្ត្រី បដិសណ្ឋាកិច្ចចំពោះភ្ញៀវទេសចរនៅគ្រប់ច្រកទ្វារចេញ ចូល ព្រមទាំងយកចិត្តទុកដាក់ពីបញ្ហាសណ្ឋាប់ធ្នាប់សាធារណៈឱ្យបានជាប្រចាំ និង កំណត់ទី ចំណតម៉ូតូ រ៉ឺម៉ក់កង់បី ឱ្យបានត្រឹមត្រូវ ព្រមទាំងបានលើកនូវសំណូមពរមួយចំនួន សំខាន់ទីផ្លូវថ្មើរជើង សម្រាប់ភ្ញៀរដើរកម្សាន្តក្នុងក្រុង និងសុំឱ្យលុបបំបាត់ការ យកចិញ្ចើមផ្លូវទៅធ្វើទីកន្លែងលក់ដូរទៀតផង។

ឯកឧត្តម ទៀ សីហា ក៏បានធ្វើការឯកភាពទៅលើរបាយការណ៍របស់ លោកប្រធាន មន្ទីរទេសចរណ៍ខេត្ត ព្រមទាំងរាល់ចំណុចលើកឡើងរបស់បងប្អូនជាវិនិយោគិន ក៏ដូចបណ្តា ក្រុមហ៊ុន សមាគមន៍ ដែលពាក់ព័ន្ធក្នុងវិស័យសេវាកម្មទេសចរណ៍ នៅខេត្តសៀមរាប។

ឯកឧត្តម​ ទៀ សីហា បានគូសបញ្ជាក់ថា រាល់ចំណុចមួយចំនួនដែលបងប្អូន បានលើក មកនេះ គឺត្រូវបានគេធ្វើការវាយប្រហារដល់អាជ្ញាធរខេត្តនាពេលកន្លងមក តាមប្រព័ន្ធព័ត៌ មានសង្គម តែមួយចំនួនអាជ្ញាធរខេត្តក៏បានកំពុងធ្វើការអនុវត្តទៅតាមគម្រោងប្រចាំឆ្នាំ របស់ខេត្តផងដែរ។

ឯកឧត្តម ទៀ សីហា បានសង្កត់ធ្ងន់ថា ខេត្តសៀមរាបមានអាជ្ញាធរបីធ្វើការគ្រប់គ្រង គឺតំបន់ដែលមានប្រាង្គប្រាសាទនិងបុរាណដ្ឋាន គឺគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទាំងផ្លូវ និងលំនៅឋាន។ ចំពោះតំបន់បឹងទន្លេសាប គ្រប់គ្រងដោយអាជ្ញាធរបឹងទន្លេសាប ហើយផ្ទៃដីនៅសល់គឺគ្រប់គ្រងដោយអាជ្ញាធរខេត្ត គឺខុសពីបណ្តាខេត្តផ្សេងៗ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ទៀតថា ការជួបជុំរវាងរដ្ឋបាលខេត្ត និងវិនិយោគិនជាតិ អន្តរជាតិនាពេលនេះ គឺដើមី្បស្វែងរកនូវដំណោះស្រាយ ក្នុងការទាក់ទាញភ្ញៀវទេសចរ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ប្រកបដោយនិរន្តរភាព ដោយមិនចាំ តែមើលបណ្តាំគ្នា  រិះគុណគ្នាទៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមនោះឡើយ ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចជាតិ និងក្រុមគ្រួសារ ដូចជាការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ នាពេលនេះ គឺដោយសាបងប្អូនមួយចំនួនមិនបានគិតវែងឆ្ងាយ អំពីផលប្រយោជន៍ជាតិ និងសង្គមជាតិ។

ឯកឧត្តម ទៀ សីហា បានបញ្ជាក់ពីផែនការមេ នឹងផ្តោតជាសំខាន់លើការអភិវឌ្ឍ ខេត្តសៀមរាប ជាពិសេសក្រុងសៀមរាបជាទី ក្រុងទេសចរណ៍ជាទីក្រុងបេតិកភណ្ឌ និងជាទី ក្រុងដែលគិតគូរពីបរិស្ថាន (Eco-City) ដែលត្រូវធ្វើសមាហរណកម្មទាំងលើទិដ្ឋភាពសេដ្ឋកិច្ច សង្គម វប្បធម៌ បរិស្ថាន និងស្ថាបត្យកម្ម ការធ្វើសមាហរណកម្មជាមួយផែនការគ្រប់ គ្រងតំបន់អង្គរ របស់អាជ្ញាធរជាតិអប្សរាផងដែរ។

ឯកឧត្តមក៏បានកំណត់គោលដៅជាយុទ្ធសាស្រ្តសម្រាប់ជំរុញ ពង្រឹងការគ្រប់គ្រង និងអភិវឌ្ឍន៍គោលដៅទេសចរណ៍សៀមរាប-អង្គរ ដោយគិតគូរទៅលើការពង្រឹង គុណភាពសេវាទេសចរណ៍ បង្កើនប្រសិទ្ធភាពការងារ សំដៅធ្វើយ៉ាងណាឱ្យគ្រប់ផលិត ផលទេសចរណ៍ និងសេវាកម្មទេសចរណ៍ឱ្យមានគុណភាពស្របតាមទស្សនទានសេវាមួយ ស្តង់ដាមួយ និងការអភិវឌ្ឍធនធានមនុស្សបម្រើឱ្យវិស័យទេសចរណ៍បុគ្គលម្នាក់ជំនាញមួយ ក្នុងនោះផងដែរ អាជ្ញាធរខេត្ត ក៏បានពង្រឹង និងយកចិត្តទុកដាក់ដល់ការគ្រប់គ្រង រមណីយ ដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ឱ្យមានការប្រែប្រួល និងអភិវឌ្ឍន៍បានកាន់តែ ល្អប្រសើឡើង៕

ដោយ ហង្ស សៀក