រដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិកព្រមានថាកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់អាចបើកការវាយប្រហារបន្ថែមទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីប៊ីអេសញូវ (០៣.០១.២០)

អាមេរិក៖ រដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិកលោកម៉ាក អេសស្ពឿ ​បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមជីវពលនិកាយស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់កំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀតក្នុងពេលមានបាតុកម្មហិង្សានៅស្ថានទូតអាមេរិកក្នុងទីក្រុងបាកដាតនៅសប្តាហ៍នេះ។

រដ្ឋមន្រ្តីក្រសួងការពារប្រទេសអាមេរិកបានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថាយើងបានត្រៀមខ្លួនដើម្បីអនុវត្តការការពារខ្លួននិងបានត្រៀមខ្លួនដើម្បីរារាំងឥរិយាបទអាក្រក់ណាមួយបន្ថែមទៀតពីក្រុមទាំងនេះដែលត្រូវបានឧបត្ថម្ភនិងដឹកនាំពីប្រទេសអ៊ីរ៉ង់។

លោកបានបន្ថែមថាសហរដ្ឋអាមេរិកនឹងចាត់វិធានការទុកជាមុនប្រសិនបើខ្លួនដឹងអំពីការវាយប្រហារដែលបានគ្រោងទុកណាមួយ។