សហព័ន្ធវាយកូនបាល់រកបានថ្នាល១០នាក់ត្រៀមប្រមូលផ្តុំហ្វឹកហាត់ និងចូលប្រកួតកីឡាសិស្ស ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០–សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ជ្រើសបានកីឡាករ កីឡាការិនីថ្នាលចំនួន១០នាក់ ដែលយកចេញពីការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩កន្លងទៅ ដើម្បីស្នើសុំបញ្ចូលក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតប្រជែង នៅក្នុងព្រឹត្តិការណ៍កីឡាសិស្សអន្តរជាតិ School Games  ឆ្នាំ២០២០។

លោក ជា ពៅ គ្រូបង្វឹកកីឡាវាយកូនបាល់កម្ពុជាថ្លែងថា ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញ នៅទីលានកីឡាវាយកូនបាល់ក្នុងពហុកីឡដ្ឋានជាតិ កីឡាករ កីឡាការិនីវ័យក្មេងឆ្នើមៗចំនួន១០នាក់ត្រូវបានថ្នាក់ដឹងនាំសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាជ្រើសរើសបាន និងត្រៀមស្នើបញ្ចូលចូលជាកីឡាករ កីឡាការិនីជម្រើសរើសជាតិថ្នាល ដើម្បីត្រៀមការប្រកួតកីឡាអន្តរជាតិ នៅឆ្នាំ២០២០។

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបន្ថែមថា អត្តពលិកក្មេងៗទាំង១០នាក់ដែលសហព័ន្ធជ្រើសរើសបានអំឡុងពេលការប្រកួតថ្នាក់ជាតិនេះ គឺមាន ៧នាក់នៅក្នុងរាជធានីភ្នំពេញ និង៣នាក់ផ្សេងទៀតមកពីបណ្តាលខេត្ត។ លោក អះអាងទៀតថា កីឡាករ កីឡាការិនី មកពីបណ្តាខេត្តមានការអភិវឌ្ឍរីកចម្រើនទាំងបច្ចេកទេស និងគុណភាព ខណៈឆ្នាំមុនៗការលេងរបស់ពួកគេ គឺស្ថិតនៅកម្រិតទាបនៅឡើយ ដែលមិនមែនជាដៃគូប្រជែងកីឡាករ កីឡាការិនី នៅក្នុងរាជធានីភ្នំពេញឡើយ។ ប៉ុន្តែបច្ចុប្បន្នពួកគេនៅតាមខេត្តអាចមានលទ្ធភាពប្រជែងល្អប្រហាក់ប្រហែលគ្នាជាមួយអ្នកនៅរាជធានីភ្នំពេញ ហើយខ្លះអាចដណ្តើមយកជ័យជម្នះលើអ្នកនៅរាជធានីភ្នំពេញទៀតផង។

សូមបញ្ជាក់ថា កីឡាករ កីឡាការិនីថ្នាលឆ្នើមៗទាំងនេះ នឹងត្រូវប្រមូលផ្តុំហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស ត្រៀមការប្រកួតលក្ខណៈអន្តរជាតិ នៅក្នុងឆ្នាំ២០២០នេះ ក៏ដូចជាត្រៀមលក្ខណៈឱ្យ បានល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ដោយហេង ណាលីន