បើក​ការប្រកួត​កីឡាវាយកូនឃ្លីលើតុ ​ជើងឯក​ថ្នាក់​ជាតិ និង​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករា ២០២០

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០–សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុបាន​បើក​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ​សម្រាប់​ឆ្នាំ​២០១៩ និង​អបអរសាទរ​ទិវា​ជ័យជម្នះ​៧​មករាខួប​លើក​ទី​៤១ នៅ​សាល​ដំបូលទូក នៃ​ពហុ​កីឡដ្ឋាន​ជាតិអូឡាំពិក។

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបញ្ជាក់ថា ការប្រកួតជើងឯកឆ្នាំនេះ មានក្លិប-សមាគមចូលរួមចំនួន១៣ ដែលមានកីឡាករ-កីឡាការិនី៧៩នាក់ ក្នុងនោះក្រុមកីឡាករ ក្របខ័ណ្ឌក.១ ចំនួន៤២នាក់ ក្រុមយុវជន ក្របខ័ណ្ឌ ក.២ ចំនួន២៥នាក់ និងកីឡាការិនី១១នាក់។

អគ្គលេខាធិការ​សហព័ន្ធឱ្យ​ដឹងថា ការ​យឺតយ៉ាវ​ក្នុង​ការ​រៀបចំ​ប្រកួតកីឡាវាយកូនឃ្លីលើតុ ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩​នេះ ដោយ​សារតែ​ឆ្នាំនេះជាប់រវល់​មមាញឹក​រឿង​ត្រៀម​ចេញទៅ​ស៊ី​ហ្គេម នៅ​ប្រទេស​ហ៊្វីលីពីនដែល​ទើប​បញ្ចប់​កន្លង​មក​នេះ​ ហើយ​សហព័ន្ធ​កីឡា​វាយ​កូនឃ្លីលើតុមាន​បញ្ហា​ផ្ទៃក្នុង​ គឺ​ដោយសារ​ទី​១-ប្រធាន​ចាស់​លោក​ឧកញ៉ា ​រ័ត្ន សា​ខន បាន​លាឈប់​ពី​ប្រធាន​សហព័ន្ធ និង​ទី​២-ដោយសារ​មានការ​ឯកភាព និង​សំណូមពរ​ពី​ព្រឹទ្ធាចារ្យ ក៏ដូចជា​គ្រូ​បង្វឹក និង​ក្លឹប​ក្នុង​សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ឱ្យ​ជួយ​ដោះស្រាយ​នៅ​លើ​រចនាសម្ព័ន្ធ​ដឹកនាំ​នោះ។ គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា រួមជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៩កន្លងទៅសម្រេច​រៀបចំ​ធ្វើ​មហាសន្និបាត​វិសាមញ្ញ ដើម្បី​កែសម្រួល​រចនាសម្ព័ន្ធ​ដឹកនាំ ដែល​ក្នុង​នោះសមាជិក​ទាំងអស់ ក៏បាន​ឯកភាព​ជ្រើសរើស ឯកឧត្ដមនាយ​ឧត្ដមសេនីយ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ធ្វើ​ជា​ប្រធាន​ថ្មីនៃសហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​កម្ពុជា ដែល​មាន​សមាជិក​ប្រតិបត្តិ​សរុប​ចំនួន១១នាក់​។

​ គួរ​បញ្ជាក់​​ថា ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិកីឡាវាយកូនឃ្លីលើតុប្រចាំ​ឆ្នាំ​២០១៩ និង​អបអរ​សាទរ​​ទិវា​ជ័យជម្នះ​៧​មករា ខួប​លើក​ទី​៤១ ៧​មករា ​១៩៧៩–៧​មករា ​២០២០ មាន​វិញ្ញាសា​ប្រកួត​ចំនួន​៤ គឺ​វិញ្ញាសា​ក្រុម​បុរស​ក្រប​ខ័ណ្ឌ ក.​១, វិញ្ញាសា​វាយ​គូ​បុរស​ក្របខ័ណ្ឌ​ក​១-​ក.​២, វិញ្ញាសា​ឯកត្តជន​បុរស​ក្របខ័ណ្ឌ​ក​១-​ក​.២ និងវិញ្ញាសា​ឯកត្តជន​នារី​ក្របខ័ណ្ឌ​ ក​.១ និង​ ក.​២៕

ដោយហេង ណាលីន