ក្រសួងបរិស្ថាន៖ គុណភាពខ្យល់សាធារណៈនៅកម្ពុជាមានគុណភាពល្អ ប៉ុន្តែរាជរដ្ឋាភិបាល ចាំបាច់ត្រូវដាក់វិធានការទប់ស្កាត់ និងកាត់​បន្ថយការបំពុលខ្យល់សាធារណៈ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ — មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា គុណភាពខ្យល់សាធារណៈនៅកម្ពុជាមានគុណ ភាពល្អ ប៉ុន្តែរាជរដ្ឋាភិបាលចាំបាច់ត្រូវដាក់អនុវត្តន៍សារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់​បន្ថយការបំពុលខ្យល់សាធារណៈ ដើម្បីគ្រប់គ្រប់ទីតាំងប្រភពបំពុលខ្យល់ សំដៅធានាសុវត្ថិ​ភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានបញ្ជាក់ ឱ្យដឹងនៅថ្ងៃទី០២ ខែមករា ឆ្នាំ ២០២០ នេះ។

ឯកឧត្ដម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ បានចេញសារចរស្តីពីវិធានការ ទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់​សាធារណៈ។ ឯកឧត្ដមបានបន្ដថា សារាចរដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាធ្វើឡើង​ដើម្បីគ្រប់គ្រប់ទីតាំងប្រភព​បំពុល​ខ្យល់ ឱ្យបានកាន់តែប្រសើរសំដៅធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ព្រម​ទាំងកែលម្អ សោភ័ណភាពនៅតាមរាជធានី ខេត្ត។ ឯកឧត្ដមរដ្ឋលេខាធិការបន្ដទៀតថា ស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជនបានរួមសហការគ្នា ចូលរួមគំនិតយោបល់ផ្សេងៗ ដើម្បីតាក់តែងនិងរៀបចំសសារាចរស្តីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់ សាធារណៈនេះឡើង។ ឯកឧត្ដមបានថ្លែងទៀតថា ការដាក់ចុះឱ្យអនុវត្តន៍សារាចរស្តីពី វិធាន​ការទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈនេះធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ទីតាំងប្រភពបំពុលហើយម្យ៉ាងទៀតកន្លងមករាជរដ្ឋាភិបាលកម្ពុជា​បានសង្កេត​ឃើញថា ការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទីតាំង​ប្រភពបំពុលខ្យល់នៅមានកម្រិត និងមិនទាន់ឆ្លើយតបទៅនឹងការរីកចម្រើនយ៉ាងឆាប់​រហ័ស​នៃ​សេដ្ឋកិច្ចបៃតង។

ឯកឧត្ដមរដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា ទន្ទឹមនឹងការរីកចម្រើនយ៉ាងឆាប់​រហ័ស​នៃសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការត្រួតពិនិត្យគុណភាពខ្យល់ ជាពិសេសគុណភាព ខ្យល់សាធារណៈនៅតាមទីប្រជុំជនធំៗដោយតាមដានលើកំហាប់​ភាគ​ល្អិតនិចលមានវិជ្ឈ​មាត្រតូចជា ២,៥ មីក្រូម៉ែត្រ (ហៅកាត់ថា PM2.5) ដែលមានការកើន​ឡើង​ក្នុងកម្រិតអាចបង្កហានិភ័យដល់ សុខភាព សាធារណៈនិងគុណភាពបរិស្ថាន។ ឯកឧត្ដម​បានបន្ថែមថា ជាការកត់សម្គាល់ ប្រភពនិងសកម្ម ភាពសំខាន់ៗដែលជាហេតុបង្កឱ្យ​មាន​កំហាប់​ភាគល្អិតនិចល PM2.5 មានការកើនឡើងនេះមានជាអាទិ៍៖ ការបញ្ចេញផ្សែងពីរោង​ចក្រ​ឧស្សាហកម្ម ពីយានយន្តប្រើប្រាស់ប្រេងម៉ាសូត​និងពី​ចំហេះឥន្ធនៈ ផ្សេងទៀត ភ្លើង​ឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់​រឹងនៅតាមទីវាល និងទីលានចាក់សំណល់ ការដ្ឋានសំណង់ជាដើម។ ឯកឧត្ដមបានបន្ថែម​ទៀត​ថា បច្ចុប្បន្ននេះ គុណភាពខ្យល់សាធារណៈនៅកម្ពុជាមានគុណភាពល្អ ហើយកម្រិត កំហាប់ភាគល្អិត និចល PM2.5 មានការប្រែប្រួលក្រោមកម្រិតស្តង់ដារប្រកាសអាសន្ន។

ជាមួយគ្នានេះ បើតាមមន្ត្រីបច្ចេកទេសក្រសួងបរិស្ថានដែលបានធ្វើការតាម ដាន​គុណ​ភាព​ខ្យល់  ប្រភពបំពុលសំខាន់ៗដែលនាំ​ឱ្យមានការកើនឡើងយ៉ាងខ្លាំងនូវកំហាប់ភាគល្អិត
និចលក្នុងខ្យល់ PM2.5 នាដើមរដូវប្រាំងឆ្នាំនេះក្នុងរាជធានីភ្នំពេញ គឺបណ្តាលមកពីប្រភព​បំពុលសំខាន់៧០ភាគរយ មកពីការបញ្ចេញពីយានយន្តប្រើប្រាស់ប្រេងឥន្ធនៈ​ដែលមាន​កំហាប់ស្ពាន់ធ័រខ្ពស់២០ភាគរយ ពីធូលីចេញពីការដ្ឋានសំណង់និងរោងចក្រលាយបេតុង ១០ភាគរយ មកពីប្រភពផ្សេងៗរួមមាន ការដុតសំរាមនៅតាមលំនៅឋាន ធូលីដីនៅតាម​ដងផ្លូវ  ការបញ្ចេញពីរោងចក្រ និងសិប្បកម្មជាដើម។ ក្រៅពីនេះ ដើម្បីរក្សាបាននូវគុណភាព​ខ្យ​ល់សា​ធារណៈនៅល្អប្រសើរដដែល ចាំបាច់ត្រូវមានវិធានការ គ្រប់គ្រងឱ្យបានល្អជាមុន ហេតុដូច្នេះបានជារាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យអនុវត្តន៍នូវសារាចរស្តីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ៕

ដោយ រិទ្ធី