ក្នុងឆ្នាំ២០១៩នេះ រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកទទួលភ្ញៀវទេសចរ មកទស្សនាកម្សាន្តជិត២៦០០០០នាក់

AKP កំពង់ធំ ថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ –លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានឱ្យដឹងនៅព្រឹក ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ថា ក្នុងឆ្នាំ២០១៩ នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រប្រាសាទសំបូរព្រៃគុក ទទួល ភ្ញៀវទេសចរមកទស្សនាកម្សាន្តបានចំនួន២៥៧៦២១នាក់ ក្នុងនោះភ្ញៀវជាតិចំនួន ២៣៧៣៨៣នាក់ និងភ្ញៀវអន្តរជាតិចំនួន២០២៣៨នាក់។

លោក សេង អាន បញ្ជាក់ថា ដោយសារប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយជីវភាពរស់នៅរបស់ប្រជាជនមានការ រីកចម្រើន បានធ្វើឱ្យពួកគាត់មានលទ្ធភាពក្នុងការធ្វើដំណើរកម្សាន្ត។ ម្យ៉ាងទៀត ដោយ តំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ និងមានការរៀបចំផ្សព្វផ្សាយ កម្មពិធីកម្សាន្តផ្សេងៗនៅទីនោះ បានធ្វើឱ្យភ្ញៀវទេសចរជាតិ-អន្តរជាតិមក ទស្សនាកម្សាន្តយ៉ាងច្រើន។ ប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ មានចម្ងាយប្រមាណ៣០គីឡូម៉ែត្រ នៅភាគឦសានទីរួមខេត្តកំពង់ធំ ដោយធ្វើដំណើរតាម ផ្លូវជាតិលេខ៦២ បត់ស្ដាំត្រង់ភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ។

លោក សេង អាន បានឱ្យដឹងទៀតថា ក្នុងរយៈពេល១ឆ្នាំនេះ នៅតាមរមណីយដ្ឋាន នានាក្នុងខេត្តកំពង់ធំដូចជារមណីយដ្ឋានវប្បធម៌ និងធម្មជាតិភ្នំសន្ទុក រមណីយដ្ឋានកែច្នៃ ស្ទឹងជីនិត រមណីយដ្ឋានបឹងសំរឹទ្ធ រមណីយដ្ឋានប្រវត្តិសាស្រ្ត ប្រាសាទគុកនគរ និងរមណីយដ្ឋានប្រាសាទសំបូរព្រៃគុកទទួលភ្ញៀវ ទេសចរមកទស្សនា កម្សាន្តសរុប ចំនួន៣៧២០២៧នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៣៤៩៥៣៤នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានការថយចុះ១១,៩៣ភាគរយ និងភ្ញៀវអន្តរជាតិចំនួន២២៤៩៣នាក់ មានការថយចុះ៩,១៥ភាគរយ។ មានភ្ញៀវទេសចរមកស្នាក់នៅតាមសណ្ឋាគារ និងសេវាស្នាក់នៅក្នុងខេត្តមាន ចំនួន១០៤៨៣៨នាក់ ក្នុងនោះភ្ញៀវជាតិចំនួន៩៦៤៩១នាក់ ប្រៀបធៀបនឹងឆ្នាំ២០១៨មានការកើនឡើង២៦,២៧ភាគរយ និងភ្ញៀវអន្តរជាតិ ចំនួន៨៣៤៧នាក់ មានការថយចុះ២៧,២០ភាគរយ៕

ដោយ ស៊ុម វណ្ណា