ក្រសួងមហាផ្ទៃ ជ្រើសរើសយករាជធានី ខេត្តចំនួន៤ ដើម្បីសិក្សាពីនីតិវិធីនៃការផ្តល់សេវាដីធ្លីឡើងវិញតាមការិយាល័យច្រកចេញចូលតែមួយ

AKP ភ្នំពេញ ថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ — ក្រសួងមហាផ្ទៃ បានសម្រេចជ្រើសរើសយករាជធានី ខេត្តចំនួន៤ ក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សាពីនីតិវិធីនៃការផ្តល់ សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ តាមការិយាល័យច្រកចេញចូលតែមួយដោយធានា នូវការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល ពិសេសបង្កើនចំណូលចូល ថវិកាជាតិ។

កិច្ចប្រជុំពិភាក្សានេះ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងក្រុមការងារអន្តរក្រសួង ស្តីពីការចុះសិក្សាទម្រង់បែបបទ និងនីតិវិធីនៃការផ្តល់សេវា ក្នុងវិស័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ និងមាន ការចូលរួមពីឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង។

ឯកឧត្តម ប្រាក់ សំអឿន បានឱ្យដឹងថា ក្រសួងមហាផ្ទៃបានសម្រេចជ្រើសរើសយក រាជធានី ខេត្តចំនួន៤រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ចាម និងខេត្តសៀមរាប ដើម្បីសិក្សានីតិវិធីផ្តល់សេវាដីធ្លីឡើងវិញនៅថ្នាក់ក្រោមជាតិ នៅតាមការិយាល័យច្រកចេញ ចូលតែមួយ។

ឯកឧត្តមបានបញ្ជាក់ថា ការសម្រេចសិក្សាពីនីតិវិធីផ្តល់សេវាដីធ្លីនៅរដ្ឋបាលថ្នាក់ ក្រោមជាតិនេះ គឺជាការកែទម្រង់ការផ្តល់សេវាឱ្យកាន់តែងាយស្រួលប្រកប ដោយគុណភាព ជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្ននីតិវិធីនៃការផ្តល់សេវាដីធ្លីនៅតាមការិយាល័យច្រកចេញ ចូលតែមួយ មានភាពលំបាកស្មុគស្មាញដែលជាហេតុផ្តល់សេវាពុំសូវបានល្អ។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា កន្លងមកនេះ ប្រជាពលរដ្ឋបានគាំទ្រយ៉ាងខ្លំាងលើការមកទទួលសេវាផ្នែកនេះនៅរាជធានីភ្នំពេញ ប៉ុន្តែ ក៏បានជួបបញ្ហាប្រឈមមួយចំនួន ក្នុងការផ្តល់សេវាមិនបានទាន់ពេលវេលា ដោយសារ ប្រជាពលរដ្ឋដែលជាអ្នកស្នើសុំដាក់ពាក្យ ពុំបានភ្ជាប់ជាមួយនឹងឯកសារគ្រប់គ្រាន់ ការដក ឯកសារត្រឡប់ទៅវិញ ហើយលក់ទៅឱ្យអ្នកដទៃច្រើនដំណាក់កាល ឯកសារមាន ជាប់បណ្តឹង ខ្វះស្នាមមេដៃអ្នកជាប់ព្រំជាដើម។

សូមបញ្ជាក់ថា ដំណើរការការិយាល័យច្រកចេញចូលតែមួយនៅរាជធានីភ្នំពេញ ចាប់បើកពីឆ្នាំ២០១៧មក ដល់ដំណាច់ឆ្នាំ២០១៩ការិយាល័យនេះបានផ្តល់សេវាជូន ប្រជាពលរដ្ឋបានចំនួនជាង៣១០០០សេវា ហើយទទួលបានទឹកប្រាក់ចូលថវិកាជាតិជាង ៤៧៤៤លានរៀល៕

ដោយ សួស សំរិត